ប្រជាពលរដ្ឋមានជម្លោះដីធ្លី ៥ នាក់នៅខេត្តកោះកុង នៅថ្ងៃព្រហស្បតិ៍នេះ បានចូលទៅតុលាការតាមការកោះហៅ ក្នុងការចោទប្រកាន់ពីបទ «ញុះញង់បង្កភាពវឹកវរក្នុងសង្គម» ប៉ុន្តែតុលាការមិនបានឃុំខ្លួនពួកគេនោះទេ ដោយដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យពីតុលាការ។ នេះបើយោងតាមមេធាវី និងប្រជាពលរដ្ឋដែលចូលទៅតុលាការ។ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកោះកុង លោក ឡោ ក្រឹម បានចេញដីកាកោះប្រជាពលរដ្ឋ ១០ នាក់ ដែលរងគ្រោះដីធ្លីជាមួយក្រុមហ៊ុនមួយឈ្មោះថា ហេង ហ៊ុយ ដោយបានចោទប្រកាន់ពួកគេពីបទ «ញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម» តាមមាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ និងបទ «បរិហារបង្កាច់កេរ្តិ៍» តាមមាត្រា ៣១១ និង ៣១២ នៃក្រមព្រហ្មទណ្ឌ។ ចំណែកប្រជាពលរដ្ឋ៥នាក់ទៀត ត្រូវកោះហៅឲ្យចូលទៅតុលាការនៅថ្ងៃទី១៧ ខែវិច្ឆិកា ក្នុងការចោទប្រកាន់ដូចគ្នា។ ចៅក្រុមស៊ើបសួរបានព្រមានថា ប្រសិនបើពួកគេមិនចូលតាមការកោះហៅ នោះតុលាការនឹងចេញដីកាបង្គាប់ឲ្យនាំខ្លួន ឬបង្គាប់ឲ្យចាប់ខ្លួនតាមនីតិវិធីច្បាប់។ នៅថ្ងៃព្រហស្បតិ៍នេះ ប្រជាពលរដ្ឋ ៥ នាក់ បានឡើងទៅតុលាការតាមកោះហៅ ដោយមានការតវ៉ារបស់ប្រជាពលរដ្ឋរាប់រយនាក់នៅខាងក្រៅតុលាការ ដែលឃ្លាំមើលការសាកសួរនេះ។ មេធាវីរបស់អ្នកទាំងនោះ គឺលោក សំ ចំរើន មានប្រសាសន៍ថា តុលាការមិនបានឃុំខ្លួនពួកគេនោះទេ ដោយដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យពីតុលាការ។ លោកបញ្ជាក់ថា៖ «ដាក់នៅក្រោមការត្រួតពិនិត្យ (គឺ)ទៅបង្ហាញមុខនៅប៉ុស្តិ៍ប៉ូលិសមួយខែម្តង ចូលខ្លួនតាមការកោះហៅរបស់តុលាការ ហាមឃាត់មិនឲ្យចូលទៅកន្លែងដីទំនាស់»។ ប្រជាពលរដ្ឋដែលត្រូវបានសាកសួរនោះ ៤ នាក់ជាស្ត្រី និង ១ នាក់ជាបុរស មានឈ្មោះ ដេត ហ៊ួ ឈ្មោះ កើត នៅ ឈ្មោះ អិន ធូ ឈ្មោះ ពួ ហ៊ួន និងឈ្នោះ អើប វី។ អ្នកភូមិដែលត្រូវកោះហៅ គឺអ្នកស្រី ដេត ហ៊ួ អាយុ ៣៧ ឆ្នាំរស់នៅក្នុងភូមិតានីឃុំជីខលើ ស្រុកស្រែអំបិលខេត្តកោះកុង បានចាត់ទុកថា ការកោះហៅនេះ គឺដើម្បីកុំឲ្យប្រជាពលរដ្ឋតវ៉ាទៀតនៅពេលនេះ។ អ្នកស្រីមានប្រសាសន៍ថា តុលាការបានសម្រេចដាក់អ្នកស្រី និងពលរដ្ឋ ៤ នាក់ទៀត ឲ្យស្ថិតនៅក្រោមការតាមដាន ដោយត្រូវបង្ហាញមុខនៅអធិការដ្ឋាននគរបាលស្រុកស្រែអំបិល រៀងរាល់មួយខែម្តង និងមិនត្រូវប៉ះពាល់ដីដែលមានជម្លោះរហូតដល់មានការសម្រេចពីតុលាការ។ អ្នកស្រីថ្លែងប្រាប់ VOA ថា៖«យើងសុំសំណូមពរឲ្យនៅក្រៅឃុំមិនឲ្យឃុំខ្លួន។ ហើយយើងព្រមព្រៀងចូលតាមការកំណត់របស់តុលាការ ឲ្យយើងទៅបង្ហាញខ្លួននៅអធិការ(ដ្ឋាន)ស្រុកស្រែអំបិលរយៈពេលមួយខែម្តង»។ អ្នកស្រីបន្ថែមថា៖ «ចោទប្រកាន់មិនបានចុះស្រាវជ្រាវឲ្យល្អិតល្អន់ទេ ពីព្រោះពួកខ្ញុំបាត់បង់ដីមែន។ ហើយព្រះរាជអាជ្ញាគាត់ចោទប្រកាន់ទៅដល់ថ្នាក់ ឲ្យមានការឃុំខ្លួន អញ្ចឹងខ្ញុំគិតថាអត់យុត្តិធម៌ចំពោះពួកខ្ញុំទេ។ អញ្ចឹងខ្ញុំគិតថា តុលាការ គាត់កាត់ក្តីមិនទាន់ច្បាស់លាស់នៅឡើយទេ»។ ពលរដ្ឋម្នាក់ទៀតដែលត្រូវបានសាកសួរដែរ គឺអ្នកស្រី កើត នៅ អាយុ ៣៣ ឆ្នាំ និងមានកូន ២ នាក់ មានប្រសាសន៍ថា អ្នកស្រីជាអ្នករងគ្រោះដីធ្លីពិតប្រាកដ តែត្រូវបានតុលាការកោះហៅ ហើយសម្រេចដាក់ឲ្យនៅក្រោមការតាមដានរបស់តុលាការ និងមិនឲ្យទៅរស់នៅលើទីតាំងដែលមានទំនាស់។ អ្នកស្រីមានប្រសាសន៍ថា៖ «អយុត្តិធម៌ចំពោះក្រុមពួកខ្ញុំ ព្រោះអីពួកខ្ញុំបាត់បង់ដីមែន។ ហើយចង់និយាយថា គាត់ចង់ឃុំខ្លួន។ ខ្ញុំថាតុលាការ គាត់ធ្វើការមិនទាន់បានល្អ មិនទាន់បានច្បាស់លាស់អីអញ្ចឹង»។ ប្រជាពលរដ្ឋ ៥ នាក់ ដែលត្រូវសាកសួរនៅពេលនេះ និង៥នាក់ទៀតដែលនឹងត្រូវសាកសួរនៅសប្តាហ៍ក្រោយ គឺជាប្រជាពលរដ្ឋដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនមួយឈ្មោះថា ហេង ហ៊ុយ ជាង ១០ ឆ្នាំមកហើយ។ ពួកគេទាំង ១០ នាក់ត្រូវចោទប្រកាន់បទចោទចំនួនពីរ គឺបរិហារបង្កាច់កេរ្តិ៍និងញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តនៅក្នុងខេត្តកោះកុងនិងភ្នំពេញ ចាប់តាំងពីខែមិថុនា ឆ្នាំ២០១៩ រហូតដល់បច្ចុប្បន្ននេះ។ នេះបើតាមដីការបស់តុលាការ។ លោក ឡោ ក្រឹម ចៅក្រមស៊ើបសួរនៃតុលាការខេត្តកោះកុង ដែលបានសាកសួរប្រជាពលរដ្ឋមានជម្លោះដីធ្លី បានបដិសេធមិនអត្ថាធិប្បាយដោយបង្វែរឲ្យសួរអ្នកនាំពាក្យរបស់តុលាការវិញ។ លោកមានប្រសាសន៍ថា៖ «ខ្ញុំឆ្លើយទៅ ក្រែងលោបងថតសំឡេងរបស់ខ្ញុំយកទៅផ្សាយទៅ វាប៉ះពាល់ដល់វិជ្ជាជីវៈរបស់ខ្ញុំ។ អញ្ចឹង ខ្ញុំសូមអត់ហ៊ានឆ្លើយណា!» លោក អ៊ុន សុវណ្ណធានី អ្នកនាំពាក្យតុលាការខេត្តកោះកុងប្រាប់ VOA នៅថ្ងៃព្រហស្បតិ៍នេះថា៖ «ចំណាត់ការរបស់តុលាការ គឺផ្អែកលើមូលដ្ឋានអង្គហេតុនិងអង្គច្បាប់។ បច្ចុប្បន្នសំណុំរឿងនេះកំពុងស្ថិតនៅក្នុងដំណើរការនីតិវិធី»។ ការកោះហៅរបស់តុលាការ និងចោទពីបទញុះញង់នេះ កើតឡើង ក្រោយប្រជាពលរដ្ឋ រាប់រយនាក់ក្នុងនោះមានពលរដ្ឋ ១០ នាក់ខាងលើកាលពីថ្ងៃទី២១ ខែកញ្ញា បានឡើងមកតវ៉ានៅខាងមុខក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់នៅភ្នំពេញ។ នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ ចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ ក្រសួងរៀបចំដែនដីបានលើកឡើងថា ការទាមទាររបស់ប្រជាពលរដ្ឋដែលមកពីក្រុមចម្រុះ «មិនមានមូលដ្ឋានផ្លូវច្បាប់» សម្រាប់ក្រសួងដោះស្រាយនោះទេ។ ក្រសួងបានបញ្ជាក់ថាក្រុមហ៊ុន ហេង ហ៊ុយ ធ្លាប់មានវិវាទជាមួយប្រជាពលរដ្ឋប្រមាណ ១២០ គ្រួសារ ក្នុងឆ្នាំ ២០០៧ ហើយជម្លោះនេះត្រូវបានដោះស្រាយរួចរាល់ទាំងស្រុង។ គួរបញ្ជាក់ថា នៅក្នុងសំណុំរឿងដីធ្លីផ្សេងទៀតដែលពលរដ្ឋអះអាងថា មានជម្លោះជាមួយក្រុមហ៊ុនចម្ការអំពៅ លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា តុលាការខេត្តកោះកុងក៏បានកោះហៅប្រជាពលរដ្ឋ ៣ នាក់ផ្សេងទៀតគឺឈ្មោះ ផាវ ញ៉ឺង ឈ្មោះ សេង លីន និង ឈ្មោះ ខន ផុន ដោយចោទពីបទញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម និងបទបរិហារកេរ្តិ៍ជាសាធារណៈ តាមមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ ដែលប្រព្រឹត្តទៅនៅមុខក្រសួងរៀបចំដែនដី កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០១៩។ នេះបើយោងតាមដីការបស់តុលាការខេត្តកោះកុង ដែល VOA ទទួលបាន។ ពួកគេត្រូវបានកោះឲ្យចូលតុលាការ នៅថ្ងៃទី១៨ ខែវិច្ឆិកា ក្រោយពួកគេចេញមុខតវ៉ានៅខាងមុខក្រសួងដែនដី ជាមួយពលរដ្ឋ ១០ នាក់ខាងលើដែលត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យពីតុលាការខេត្តកោះកុង។ អ្នកសម្របសម្រួលផ្នែកសិទ្ធិមនុស្សនៃសមាគមអាដហុកប្រចាំខេត្តកោះកុង លោក ថោង ច័ន្ទដារ៉ា មានប្រសាសន៍ថា ប្រជាពលរដ្ឋទាំងនោះគ្រាន់តែតវ៉ាទាមទារដីធ្លីរបស់ពួកគេ ដូច្នេះមិនគួរមានការចោទប្រកាន់ថាប្រព្រឹត្តបទល្មើសញុះញង់នោះទេ។ លោកបញ្ជាក់ថា៖ «បើសិនជាតុលាការ គាត់សម្រេចឃុំខ្លួនពួកគាត់ វាជារឿងមួយអយុត្តិធម៌សម្រាប់ពួកគាត់»៕
from កម្ពុជា - Voice of America | VOA
via_IFTTT
Home
កម្ពុជា - Voice of America
អ្នកតវ៉ា៥នាក់នៅខេត្តកោះកុង ត្រូវដាក់ក្រោមការត្រួតពិនិត្យរបស់តុលាការពាក់ព័ន្ធជម្លោះដីធ្លី
Author
Sotheavy royalsRealase at
ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.
Subscribe to:Post Comments (Atom)
0 Comments