សហរដ្ឋអាមេរិក នឹងយកជនភៀសខ្លួនជាអតិបរិមាចំនួន១៥០០០នាក់ក្នុងឆ្នាំសារពើពន្ធ២០២១ ដែលជាចំនួនទាបបំផុតបើប្រៀបធៀបទៅឆ្នាំមុនៗកន្លងមក នេះបើតាមកំណត់សម្គាល់មួយដែលរដ្ឋបាល Trump បានបោះពុម្ពផ្សាយនៅក្នុងបញ្ជីសហព័ន្ធកាលពីថ្ងៃទី៦ ខែវិច្ឆិកា។ រដ្ឋបាលលោក ត្រាំ ក៏ផ្អាកការអនុញ្ញាតឲ្យជនភៀសខ្លួនភាគច្រើនមកពីប្រទេសស៊ីរី សូម៉ាលី និងប្រទេសយ៉េមែន ចូលមកប្រទេសអាមេរិកដែរ ដោយលើកឡើងអំពីហានិភ័យភេរវកម្ម។ កំណត់សម្គាល់នេះ ចែងថាការកំណត់ចំនួនជនភៀសខ្លួននេះ «សំអាងលើកង្វល់ខាងមនុស្សធ៌ម» និង«មានរួមបញ្ចូលចំនួនជាង៦ពាន់ដែលនៅសេសសល់ពីការកម្រិតជនភៀសខ្លួនក្នុងឆ្នាំសារពើពន្ធ២០២០ ដែលប្រហែលជាមិននៅសេសសល់ទេបើសិនជាគ្មានការរាតត្បាតជំងឺកូវីដ១៩ នោះ»។ ការកម្រិតចំនួនជនភៀសខ្លួនជាអតិបរិមាដែលចុះថយពី១៨០០០នាក់កាលពីឆ្នាំសារពន្ធមុនហើយតិចជាងចំនួន៨៤០០០នាក់ ដែលសហរដ្ឋអាមេរិក បានទទួលយកកាលពីឆ្នាំ២០១៦នោះ នឹងនៅជាធរមានយ៉ាងហោចណាស់រហូតដល់ខែមករាដែរហើយទំនងជាមានហួសពីនោះទៀតទោះណាជាមានរដ្ឋបាលថ្មីនៅឯសេតវិមានក៏ដោយ។ អង្គការមនុស្សធម៌ទាំងឡាយបានប្រាប់វីអូអេថា ចំនួនជនភៀសខ្លួនស៊ីរី សូម៉ាលីនិងយ៉េមែន មានកំណត់នឹងតាំងលំនៅដ្ឋានជាថ្មីក្នុងសហរដ្ឋអាមេរិក មានជិតពីរដងច្រើនជាងចំនួនកំណត់អតិបរិមា។ ដោយគិតមកត្រឹមថ្ងៃទី២៧ខែតុលា បណ្តាអង្គការមិនរកប្រាក់ចំណេញបានបញ្ជាក់ថា មនុស្សចំនួន២៧០២៣នាក់ កំពុងរង់ចាំទៅតាំងលំនៅដ្ឋានជាថ្មីក្នុងសហរដ្ឋអាមេរិក ដោយចាំលទ្ធផលនៃការពិនិត្យសន្តិសុខ។ បើតាមអង្គការមនុស្សធ៌មពីរថា មានអ្នកភៀសខ្លួន១២.៩២៤នាក់មកពីប្រទេសសូម៉ាលី ១៤.០៨៤នាក់ មកពីប្រទេសស៊ីរី និង១៥នាក់មកពីប្រទេសយ៉េមែន។ អ្នកស្រី Jennifer Quigley ជានាយិកាអង្គការជនភៀសខ្លួន Human Rights First។ អ្នកស្រីបានកត់សម្គាល់ថាដំណើរការនៃការតាំងលំនៅដ្ឋានជាថ្មីរបស់ជនភៀសខ្លួនយឺតហើយពិបាកហើយថាពួកជនភៀសខ្លួនដែលទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិហៅកាត់ថា UNHCR បានស្នើឲ្យតាំងលំនៅដ្ឋានជាថ្មីទាំងនោះ បានរង់ចាំជាងមួយឆ្នាំមកហើយ។ អ្នកស្រី Jennifer Quigley បាននិយាយបន្ថែមថាការសុំតាំងលំនៅដ្ឋានជាថ្មីមានច្រើនលើសលប់។ អ្នកស្រីថ្លែងថាក្នុងចំណោមជនភៀសខ្លួនទាំងអស់នៅទូទាំងពិភពលោកពួកអ្នកដែលបានទទួលការស្នើឲ្យតាំងលំនៅដ្ឋានជាថ្មី មានចំនួនតិចជាង១ភាគរយ។ អ្នកស្រីបានថ្លែងថា«ឋានៈជាជនភៀសខ្លួនអាចឱ្យលោកអ្នកមានកិច្ចការពារនៅកន្លែងណាដែលលោកអ្នកឋិតនៅ។ ក៏ប៉ុន្តែឋានៈនេះមិនអាចឱ្យលោកអ្នកតាំងលំនៅដ្ឋានជាថ្មីបានទេ។ នៅពេលនេះមានជនភៀសខ្លួនរហូតដល់២៧លាននាក់ក្នុងពិភពលោក»។ ការឆ្លើយតបរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក វីអូអេបានទាក់ទងអ្នកនាំពាក្យម្នាក់នៃក្រសួងការបរទេសសហរដ្ឋអាមេរិក ប៉ុន្តែអ្នកនាំពាក្យរូបនោះ បដិសេធមិនធ្វើអត្ថាធិប្បាយថាតើជនភៀសខ្លួនពីប្រទេសសូម៉ាលី យ៉េមែន និងស៊ីរីដែលឋិតក្នុងដំណាក់ការរៀបចំឯកសារដើម្បីទៅតាំងលំនៅដ្ឋានក្នុងប្រទេសអាមេរិកនឹងត្រូវច្រានចោលដោយសារសញ្ជាតិពួកគេឬមួយដោយសារមានការបន្ថយចំនួនជនភៀសខ្លួនជាអតិបរិមា។ កំណត់សម្គាល់កាលពីថ្ងៃសុក្រទី៦វិច្ឆិកាចែងជាពិសេសថាអាចមានការលើកលែងសម្រាប់ពួកជនភៀសខ្លួននៃប្រទេសបីដែលមានការរឹតត្បិត«ដែលបានត្រូវធ្វើទុក្ខបុកម្នេញឬមានការភ័យខ្លាចពិតប្រាកដអំពីការធ្វើទុក្ខបុកម្នេញខាងសាសនា»ឬមួយត្រូវបានស្ថានទូតសហរដ្ឋអាមេរិកស្នើ។ គេដឹងមិនច្បាស់លាស់ទេថាមានជនភៀសខ្លួនប៉ុន្មាននាក់ក្នុងបណ្តាពួកបុគ្គល២ម៉ឹន៧ពាន់២៣នាក់ដែលអាចចូលក្នុងប្រភេទមានការលើកលែងទាំងនេះ។ ភាពមិនប្រាកដប្រជាខាងនយោបាយ រយៈពេលនៃសេចក្តីប្រកាសដាក់កំរិតលើការទទួលជនភៀសខ្លួននេះអាចអាស្រ័យទៅលើអ្នកកាន់តំណែងក្នុងសេតវិមាននៅខែមករា។ លោក Joe Biden បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យបានសន្យានៅពេលឃោសនាបោះឆ្នោតថាលោកនឹងបង្កើនចំនួនជនភៀសខ្លួនចូលមកសហរដ្ឋអាមេរិកដល់១សែន២ម៉ឺន៥ពាន់នាក់។ អ្នកស្រី Sarah Seniuk ជាអ្នកចាត់ចែងកិច្ចការនៃក្រុមប្រឹក្សាជនភៀសខ្លួនសហរដ្ឋអាមេរិក Refugee Council USA។ អ្នកស្រីបាននិយាយថាលោក Biden អាច«បង្កើនចំនួនជនភៀសខ្លួនត្រូវអនុញ្ញាតឱ្យចូលមកក្នុងប្រទេសអាមេរិកនៅឆ្នាំក្រោយ នៅពេលភ្លាមៗ។ នៅពេលប្រុងប្រៀបចាកចេញពីតំណែង លោកប្រធានាធិបតីអូបាម៉ាបានកំណត់យកជនភៀសខ្លួន១១០០០០នាក់សម្រាប់ឆ្នាំសារពើពន្ធ២០១៧ហើយនៅក្រោយពេលធ្វើសច្ចាប្រណិធានចូលកាន់តំណែង លោក Trump បានបញ្ចុះចំនួននេះមកនៅត្រឹម៤៥០០០នាក់»។ ប្រសិនបើចំនួនថ្មីច្រើនជាងមុននឹងត្រូវកំណត់ក៏ដោយ ក៏ពួកអ្នកជំនាញខាងរឿងជនភៀសខ្លួននិយាយថាគេត្រូវការពេលដើម្បីពង្រីកកម្មវិធីនេះក្រោយពេលដែលកម្មវិធីនេះបានរួមតូចអស់ពេលជាច្រើនឆ្នាំ។ ក្នុងផែនការសម្រាប់ជនភៀសខ្លួនសម្រាប់ឆ្នាំ២០២១របស់លោកប្រធានាធិបតីសហរដ្ឋអាមេរិកDonald Trump មានចំនួន៥០០០បានត្រូវកំណត់សម្រាប់ពួកជនភៀសខ្លួនប្រឈមនឹងការធ្វើទុក្ខបុកម្នេញខាងសាសនា ៤០០០សម្រាប់ជនភៀសខ្លួនមកពីប្រទេសអ៊ីរ៉ាក់ដែលបានជួយសហរដ្ឋអាមេរិក និងចំនួន១០០០សម្រាប់ពួកជនភៀសខ្លួនមកពីប្រទេស El Salvador, Guatemala និងប្រទេស Honduras ហើយ៥០០០សម្រាប់ជនភៀសខ្លួនមកពីប្រទេសឯទៀតៗ។ ប្រែសម្រួលដោយលោក ឈឹម សុមេធ http://ifttt.com/images/no_image_card.png
From អន្តរជាតិ - Voice of America
via_IFTTT
Home
អន្តរជាតិ - Voice of America
សហរដ្ឋអាមេរិក កាត់បន្ថយចំនួនជនភៀសខ្លួនដែលខ្លួននឹងទទួលសម្រាប់ឆ្នាំ២០២១
Author
Sotheavy royalsRealase at
ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.
Subscribe to:Post Comments (Atom)
0 Comments