ស្របពេលដែលមេដឹកនាំពិភពលោកមួយចំនួនបានផ្ញើសារសាទរលោក ចូ បៃដិន (Joe Biden) ដែលត្រូវបានព្យាការណ៍ថា ឈ្នះការបោះឆ្នោតប្រធានាធិបតីអាមេរិក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃប្រទេសកម្ពុជានៅរក្សាភាពស្ងៀមស្ងាត់ មិនទាន់មានសេចក្តីថ្លែងការណ៍ណាមួយពាក់ព័ន្ធនឹងជ័យជម្នះលោក បៃដិន ទេ គិតត្រឹមរសៀលថ្ងៃអង្គារនេះ។ លោក បៃដិន ត្រូវបានព្យាករណ៍ថា នឹងក្លាយជាប្រធានាធិបតីទី៤៦ របស់សហរដ្ឋអាមេរិក ដោយឈ្នះការបោះឆ្នោតលើប្រធានាធិបតីបច្ចុប្បន្ន លោក ដូណាល់ ត្រាំ (Donald Trump) ដែលលោកត្រូវបានរិះគន់ថា បណ្តែតបណ្តោយឲ្យមានការងើបឡើងមេដឹកនាំផ្តាច់ការក្នុងពិភពលោក។ កាលពីថ្ងៃអាទិត្យ ព្រះអង្គម្ចាស់ Salman bin Abdulaziz ព្រះមហាក្សត្រនៃប្រទេសអារ៉ាប៊ីសាអូឌីត បានចូលរួមជាមួយមេដឹកនាំបណ្តាប្រទេសអារ៉ាប់ផ្សេងទៀត អបអរសាទរលោក បៃដិន។ ដំណាលគ្នានោះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ក៏បានអបអរសាទរលោក បៃដិន ដូចគ្នា។ មេដឹកនាំរបស់ប្រទេសចិន និងរុស្សី នៅមិនទាន់បង្ហាញជំហរបែបណាទៅនឹងលទ្ធផលព្យាករណ៍ដែលថា លោក ចូ បៃដិន អាចនឹងចូលទៅដឹកនាំសេតវិមាន ជំនួសលោកប្រធានាធិបតី ត្រាំ នោះទេ។ បើតាមទីភ្នាក់ងារព័ត៌មាន Reuters អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានថ្លែងក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា៖ «យើងកត់សម្គាល់ថា លោក បៃដិន បានប្រកាសពីជ័យជម្នះរបស់លោក។ យើងយល់ថា លទ្ធផលបោះឆ្នោតប្រធានាធិបតីអាមេរិក នឹងត្រូវបានកំណត់ដោយនីតិវិធី និងច្បាប់របស់សហរដ្ឋអាមេរិក»។ វិមានក្រឹមឡាំងនៃប្រទេសរុស្ស៊ី បានគូសបញ្ជាក់ថា ប្រធានាធិបតីកំពុងកាន់តំណែង លោក ដូណាល់ ត្រាំ កំពុងតស៊ូផ្លូវច្បាប់ជុំវិញរឿងបោះឆ្នោតនេះនៅឡើយ។ ដោយឡែកនៅប្រទេសកម្ពុជា ក្រុមមេដឹកនាំគណបក្សកាន់អំណាច រួមមានទាំងលោកនាយករដ្ឋមន្ត្រី បានបន្តរក្សាភាពស្ងប់ស្ងាត់។ លោក និងមន្ត្រីរបស់លោកមួយចំនួនទៀត កំពុងស្ថិតក្នុងដំណាក់កាលធ្វើចត្តាឡីស័ក ក្រោយការជួបប្រាស្រ័យទាក់ទងជាមួយរដ្ឋមន្ត្រីការបរទេសប្រទេសហុងគ្រី ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីសប្តាហ៍មុន ហើយត្រូវបានរកឃើញមានផ្ទុកវីរុសជំងឺកូវីដ១៩ នៅប្រទេសថៃ ក្រោយពីចាកចេញពីកម្ពុជា។ លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនៅប្រទេសកម្ពុជា ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា លោក ហ៊ុន សែន ទំនងជាកំពុងរង់ចាំការប្រកាសលទ្ធផលផ្លូវការ ពាក់ព័ន្ធនឹងភាពជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិក ខណៈលោក ដូណាល់ ត្រាំ បានប្រកាសដោយគ្មានភស្តុតាងថា មានការលួចបន្លំសន្លឹកឆ្នោត។ «ទីមួយយើងអាចរង់ចាំភាពច្បាស់លាស់។ ទីពីរវាពាក់ព័ន្ធទៅនឹង កន្លងមករដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីប្រកាសគាំទ្រត្រាំមួយដែរ តែពេលធ្វើការផ្លាស់ប្តូរភ្លាមៗ ក៏មានការប្រែប្រួលដែរ។ ខ្ញុំគិតថា អានេះក៏ជាជំហរនយោបាយមួយ គឺកុំឲ្យមាន គេហៅថា ភាពមិនច្បាស់លាស់កើតឡើង»។ ដោយឡែក លោកបណ្ឌិត អ៊ា សុផល ដែលជាសាស្ត្រាចារ្យនៃមហាវិទ្យាល័យ Occidental College ក្នុងទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក មានប្រសាសន៍ថា កម្ពុជាកំពុងរង់ចាំមើលជំហររបស់រដ្ឋាភិបាលទីក្រុងប៉េកាំង។ លោក អ៊ា សុផល ដែលជាអ្នកនិពន្ធសៀវភៅដែលមានចំណងជើងថា «ការពឹងផ្អែកជំនួយក្នុងប្រទេសកម្ពុជា៖ តើជំនួយបរទេសបំផ្លាញប្រជាធិបតេយ្យយ៉ាងណា?» បានបញ្ជាក់ប្រាប់វីអូអេតាមសារអ៊ីមែលនាថ្ងៃអង្គារនេះថា៖ «ច្បាស់ណាស់ គាត់កំពុងស្តាប់ពីប្រទេសចិន។ ប្រសិនបើទីក្រុងប៉េកាំង មិននិយាយអ្វីសោះនោះ គាត់ក៏នឹងមិនមានអ្វីថ្លែងនោះដែរ។ បើធ្វើដូច្នេះ កម្ពុជាមិនមានគោលនយោបាយការបរទេសរបស់ខ្លួននោះទេ។ តើវាមានន័យដូចម្តេចទៅសម្រាប់ប្រទេស ដែលគ្មានគោលនយោបាយការបរទេសខ្លួនឯងនោះ? ពិតណាស់ គឺជាអ្នកស្ថិតក្រោមអាណានិគម»។ សាស្ត្រាចារ្យផ្នែកការទូត និងកិច្ចការអន្តរជាតិរូបនេះ កត់សម្គាល់ថា មេដឹកនាំក្រុមផ្តាច់ការនានានៅជុំវិញសាកលលោក កំពុងមានការបារម្ភអំពីអ្វីដែលនឹងអាចកើតឡើងនៅពេលខាងមុខ ខណៈពួកគេបានរក្សាការស្ងៀមស្ងាត់ទៅនឹងជ័យជម្នះរបស់លោក បៃដិន។ លោកបានអធិប្បាយតាមន័យដើមថា៖ «ភាពដែលអាចជឿទុកចិត្តបានថាអាមេរិកជាពន្លឺនៃលទ្ធិប្រជាធិបតេយ្យនោះ ត្រូវបានស្តាមកវិញហើយ។ ពួកមេដឹកនាំផ្តាច់ការមិនចូលចិត្តការធ្វើឲ្យរង្គោះរង្គើសេដ្ឋកិច្ចរបស់លោកត្រាំទេ ប៉ុន្តែពួកគេស្រឡាញ់របៀបដឹកនាំផ្តាច់ការរបស់គាត់ ដូចគ្នានឹងពួកគេដែរ»។ លោកបន្ថែមថា គោលនយោបាយរបស់លោក បៃដិន នឹងមិនសម្របតាមជនផ្តាច់ការ និងតួអង្គនយោបាយអាក្រក់ៗនោះទេ ហើយលោក បៃដិន ក៏នឹងអនុវត្តគោលនយោបាយផ្សាភ្ជាប់ទំនាក់ទំនងឡើងវិញជាមួយនឹងអ្នកនយោបាយរូបណា ដែលខ្វាយខ្វល់ពីកិច្ចការតំបន់។ លោកបណ្ឌិត Paul Chambers ដែលជាអ្នកវិភាគនយោបាយ និងជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Naresuan ក្នុងប្រទេសថៃ កត់សម្គាល់ស្រដៀងគ្នានឹងលោក អ៊ា សុផល ដែរ។ លោកបានថ្លែងថា៖ «លោក ហ៊ុន សែន គ្រាន់តែរង់ចាំមើលការឆ្លើយតបរបស់ប្រធានាធិបតីប្រទេសចិនជាមុនសិន មុនពេលលោកឆ្លើយតបទៅតាមនោះដែរ»។ លោកបន្ថែមថា មេដឹកនាំផ្តាច់ការ មិនទាន់បង្ហាញការសាទរនឹងជ័យជម្នះលោក បៃដិន ទេ ព្រោះពួកគេភាគច្រើនដឹងប្រាកដថា លោក បៃដិន មិនផ្គាប់ផ្គន់អែបអបរកប្រយោជន៍ជាមួយពួកមេដឹកនាំដែលមិនស្តាប់ការរិះគន់នោះទេ។ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា មិនមានព័ត៌មានពាក់ព័ន្ធនឹងជំហររបស់កម្ពុជាទៅនឹងការព្យាករណ៍នៃជ័យជម្នះការបោះឆ្នោតរបស់លោក បៃដិន ដោយបង្វែរសំណួរទៅក្រសួងការបរទេសកម្ពុជា។ ប៉ុន្តែលោកបន្ថែមថា បើតាមទស្សនៈរបស់លោកផ្ទាល់ រដ្ឋាភិបាលកម្ពុជា នៅរង់ចាំមើលលទ្ធផលផ្លូវការជាមុនសិន។ «ទោះជានរណាឈ្នះ អ្នកណាយ៉ាងម៉េចក៏ដោយ ក៏យើងគោរពនូវជម្រើសរបស់ប្រជាពលរដ្ឋអាមេរិកកាំង។ អាហ្នឹងជាទូទៅ យើងគោរពអធិបតេយ្យភាពរបស់គេ។ ប៉ុន្តែរហូតទៅដល់ការប្រកាសលទ្ធផលនៃការបោះឆ្នោត អាហ្នឹងបានយើងហ៊ាននេះ យើង...ចំពោះខ្ញុំយល់ទេ ប៉ុន្តែក្រសួងការបរទេស ប្រហែលជាអាចធ្វើអ្វីបានទៅទៀត ខ្ញុំមិនដឹង»។ វីអូអេ មិនទាន់អាចសុំការអធិប្បាយពីលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសបានទេ ដោយទូរស័ព្ទលោករោទិ៍ជាច្រើនដងតែគ្មានអ្នកទទួល។ កាលពីការបោះឆ្នោតប្រធានាធិបតីអាមេរិកអាណត្តិមុន នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦ លោក ហ៊ុន សែន បានផ្ញើសារអបអរសាទរទៅលោក ដូណាល់ ត្រាំ ភ្លាមៗ ក្រោយសារព័ត៌មានប្រកាសថា លោកឈ្នះឆ្នោត។ លោក ហ៊ុន សែន ដែលធ្លាប់ប្រកាសគាំទ្រលោក ដូណាល់ ត្រាំ លើកឡើងនៅគ្រានោះថា៖ «ខ្ញុំរីករាយនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកឧត្តម មិនត្រឹមតែអភិវឌ្ឍទំនាក់ទំនងប្រទេសយើងទាំងពីរ ឲ្យកាន់តែជិតស្និទ្ធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រឹងប្រែងរួមគ្នា ដើម្បីលើកកម្ពស់បុព្វហេតុដ៏ធំធេង ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពរបស់ប្រជាជាតិទាំងអស់»។ នេះបើយោងតាមសាររបស់លោក ហ៊ុន សែន បង្ហោះនៅលើវេបសាយរបស់ក្រសួងការបរទេសកម្ពុជា។ នៅអាស៊ាន គេសង្កេតឃើញមេដឹកនាំមួយចំនួន ដូចជាហ្វីលីពីន ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី បានសម្តែងការអបអរសាទរ។ នេះបើយោងតាមសារព័ត៌មានក្រៅស្រុក។ លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ ជឿថា ទោះបីមានការរាប់សន្លឹកឆ្នោតឡើងវិញក៏ដោយ ក៏លទ្ធផលនៅតែបញ្ជាក់ថាលោក បៃដិន ជាបេក្ខជនឈ្នះឆ្នោតដដែល ដោយសារព័ត៌មានដែលប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិធំៗបានចេញផ្សាយនោះ គឺជាដំណឹងដែលអាចជឿជាក់ និងទុកចិត្តបាន។ សម្រាប់លោក Phil Robertson នាយករងប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) យល់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចង់ឃើញលោក ដូណាល់ ត្រាំ ស្ថិតក្នុងតំណែងមួយអាណត្តិទៀត ដោយសារលោកមិនចង់ប្រឈមមុខនឹងប្រធានាធិបតីថ្មី ដែលធ្លាប់ជាបុគ្គលសំខាន់មួយរូបនៃរដ្ឋបាលលោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា ដែលបានដាក់សម្ពាធលើប្រទេសកម្ពុជា។ លោកអធិប្បាយថា៖ «លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរួចខ្លួនក្នុងរយៈពេលបួនឆ្នាំមកនេះ ដោយសារថា វាច្បាស់ណាស់ថា លោក ដូណាល់ ត្រាំ មិនខ្វល់អ្វីទៅដែលជាការរំលោភសិទ្ធិមនុស្សដែលបានកើតឡើងនៅ[ប្រទេសកម្ពុជា] នោះទេ»។ លោកបន្ថែមថា៖ «ប្រាកដណាស់ រដ្ឋបាលថ្មីលោក បៃដិន នឹងបញ្ចប់ការត្រូវរ៉ូវគ្នារបស់លោកត្រាំជាមួយជនផ្តាច់ការនៅទូទាំងពិភពលោក ហើយនឹងគិតគូរពីបញ្ហាសិទ្ធិមនុស្ស មកធ្វើជាផ្នែកស្នូលមួយនៃគោលនយោបាយការបរទេសសហរដ្ឋអាមេរិកឡើងវិញ»។ លោក Phil Robertson ឲ្យដឹងទៀតថា រដ្ឋបាលលោក បៃដិន ដែលកំពុងខិតចូលមកដល់នោះ នឹងដាក់សម្ពាធលើការអនុវត្តសិទ្ធិមូលដ្ឋាន និងសិទ្ធិនយោបាយ ហើយក៏នឹងមានការបង្កើនការទាមទារឲ្យបញ្ចប់ការបង្ក្រាបសកម្មជនបក្សប្រឆាំង និងគិតគូរដល់សេរីភាពសារព័ត៌មាន។ កាលពីថ្ងៃចន្ទ គណបក្សសង្គ្រោះជាតិដែលត្រូវតុលាការកំពូលកម្ពុជារំលាយ បានសាទរការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក ដែលគណបក្សប្រឆាំងនេះលើកឡើងថា ធ្វើឡើង«ដោយគោរពស្មារតីលទ្ធិប្រជាធិបតេយ្យ យ៉ាងត្រឹមត្រូវជាទីបំផុត»។ គណបក្សសង្គ្រោះជាតិ បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «យើងជឿជាក់ថាសហរដ្ឋអាមេរិក នឹងជួយជំរុញឲ្យមានការអនុវត្តយ៉ាងត្រឹមត្រូវចំពោះកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ និងចំពោះរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលតម្រូវឲ្យគោរពលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងគោលជំហរអព្យាក្រឹតឥតលម្អៀង»៕
from កម្ពុជា - Voice of America | VOA
via_IFTTT
Home
កម្ពុជា - Voice of America
កម្ពុជា មិនទាន់អបអរសាទរលោក បៃដិន ខណៈអ្នកឃ្លាំមើលថា កម្ពុជារង់ចាំមើលជំហានរបស់ចិន
Author
Sotheavy royalsRealase at
ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.
Subscribe to:Post Comments (Atom)
0 Comments