លោក ហ៊ុន សែន ថា​គ្មាន​ការបិទ​ប្រទេស​ដូច​ពាក្យចចាមអារ៉ាម ដោយសារ​ជំងឺ​កូវីដ១៩ នោះទេ

By , Comment
Share on Facebook Tweet on Twitter
លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន​ បាន​ប្រតិកម្ម​ភ្លាម​ៗ​ទៅ​នឹង​ពាក្យ​ចចាមអារ៉ា​ម​អំពី​ការ​សម្រេច​បិទ​ប្រទេស និង​ចោទ​អ្នក​ផ្សព្វផ្សាយ​ដំណឹង​មិន​ពិត​នេះ​ថា​ មាន​ចេតនា​កេង​ចំណេញ​នយោបាយ​ និង​បង្ក​ចលាចល​ក្នុង​ប្រទេស។ លោក​ ហ៊ុន សែន​ និង​មន្ត្រី​របស់​លោក​មួយ​ចំនួន​ និង​អ្នក​ពាក់​ព័ន្ធ​ដោយ​ផ្ទាល់​ ឬ​ដោយ​ប្រយោល​ជាមួយ​ប្រតិភូ​ក្រសួង​ការបរទេស​ហុងគ្រី​ ដែល​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​កាល​ពី​ដើម​ខែ​វិច្ឆិកា​នេះ​ កំពុង​ដាក់​ខ្លួន​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ បន្ទាប់​ពី​រដ្ឋមន្ត្រី​ការ​បរទេស​ហុង​គ្រី​លោក​ Peter Szijjarto ត្រូវ​បាន​រក​ឃើញ​មាន​ផ្ទុក​កូវីដ​១៩។ លោក​ ហ៊ុន សែន ​បាន​អធិប្បាយ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​មនុស្ស​មួយ​ចំនួន​បាន​បំផុស​ពាក្យ​ចចាមអារ៉ាម​ថា​រដ្ឋា​ភិ​បាល​នឹង​បិទ​ទីក្រុង​ភ្នំពេញ​ និង​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ធ្វើ​ដំណើរ​ឆ្លងពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ។ លោក​សរសេរ​ថា៖ «​ក្នុង​ឋានៈ​ជា​ប្រមុខ​រាជ​រដ្ឋាភិបាល ​ខ្ញុំ​សូម​បញ្ជាក់​ថា​នឹង​មិន​មាន​ការ​បិទ​ប្រ​ទេស​ ឬ​រាជធានី​ខេត្ត​ឬ​តំបន់​ណា​មួយ​នោះ​ទេ។ ការ​ឃោសនា​អកុសល​របស់​ពួក​អាក្រក់​ទាំង​នេះ​សំដៅ​ធ្វើ​ឱ្យ​ប្រទេស​មាន​ចលាចល ទំនិញ​ឡើង​ថ្លៃ​ ប្រជាជន​រស់​នៅ​មិន​បាន​ស្ងប់​ចិត្ត​ ដើម្បី​ពួក​គេ​កេង​ចំណេញ​ខាង​នយោ​បាយ​តែ​ប៉ុណ្ណោះ»។ បន្ថែម​លើ​នេះ​ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​រូប​នេះ​ បាន​ក្រើន​រំឭក​ពលរដ្ឋ​ឲ្យ​ធ្វើ​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខា​ភិបាល​ក្នុង​ការ​ថែរក្សា​អនាម័យ​ឲ្យ​បាន​ល្អ​ និង​រក្សា​គម្លាត​ពី​គ្នា។ លោក ហ៊ុន សែន ក៏​បានបញ្ជា​ឲ្យ​មន្ត្រី​របស់​លោក​បញ្ចេញ​ម៉ាស់​ក្រ​ណាត់​ចំនួន​២​លាន​ជូន​ទៅ​សាលា​ក្រុង​ភ្នំពេញ​ ដើម្បី​ចែក​ជូន​ប្រជាជន​ក្រីក្រ​ និងអ្នក​ប្រើ​ប្រាស់​ទោចក្រ​យាន​ដែល​ធ្វើ​ដំណើរ​តែ​មិន​ពាក់​ម៉ាស់។ កាល​ពី​ខែ​មេសា ដើម្បី​ទប់​ទប់​ស្កាត់​ការ​រាត​ត្បាត​នៃ​ជំងឺ​កូវីដ​១៩ រដ្ឋាភិបាល​បាន​ចេញ​បញ្ជា​មួយ​ ដោយ​ដាក់​កំហិត​ធ្វើ​ដំណើរ​នៅ​ទូទាំង​ប្រទេស ដែល​ធ្វើ​ឡើង​ជិត​មួយ​សប្តាហ៍។ ​បទ​បញ្ជា​នេះ​ត្រូវ​បាន​មើល​ឃើញ​ថា​មាន​គោល​ដៅ​ទប់​ស្កាត់​ការ​ធ្វើ​ដំណើរ​របស់​កម្មករ​ទៅ​ស្រុក​កំណើត ដើម្បីចូល​រួម​អបអរ​ចូល​ឆ្នាំ​ខ្មែរ ដើម្បី​បញ្ចៀស​ការ​រាត​ត្បាត​វីរុស​កូរ៉ូណា។ ចាប់​តាំង​ពី​ព្រឹត្តិការណ៍ ថ្ងៃទី​៣ វិច្ឆិកា​ ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការបរទេស​ហុង​គ្រី​ ដែល​ត្រូវ​បាន​រក​ឃើញ​ថា​ ផ្ទុក​ជំងឺ​កូវីដ​១៩ ពលរដ្ឋកម្ពុជា ​បាន​បង្កើន​ការ​ពាក់​ម៉ាស់​ច្រើន​ជាង​មុន​ ហើយ​អាជ្ញាធរ​ឃុំសង្កាត់​មួយ​ចំនួន​ បាន​ចេញ​ប្រកាស​ផ្សព្វផ្សាយ​វិធានការ​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ​១៩។ ក្រសួង​សុខាភិបាលបាន​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ​ថា​ គិត​ពី​ថ្ងៃ​ទី​៤​ ដល់​ថ្ងៃ​ទី​១១​ ខែ​វិច្ឆិកា មាន​មនុស្ស​៤​នាក់​នៃ​អ្នក​ពាក់ព័ន្ធ​ក្នុង​ព្រឹត្តិការណ៍​៣ ​វិច្ឆិកា​នោះ​ ត្រូវ​បាន​រក​ឃើញ​ថា​ មាន​វីរុស​កូវីដ​១៩។ លទ្ធផល​នេះ​ បាន​មក​ពី​ការ​ធ្វើ​តេស្តសំណាក​លើ​មនុស្ស​ប្រមាណ​១.៧០០​នាក់។ នេះ​ជា​ករណី​ឆ្លង​ថ្មី​ចុង​ក្រោយ ដែល​នាំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​អំពី​លទ្ធភាព​នៃ​ការ​ឆ្លង​ជំងឺ​នេះ​ទ្រង់​ទ្រាយ​ធំ​ក្នុង​ប្រទេស​កម្ពុជា។ ក្នុង​គ្រា​មាន​វិបត្តិ​ជំងឺ​ឆ្លង​កូវីដ​១៩​នេះ​ ​រដ្ឋ​សភា​កម្ពុជា​អនុម័ត​ច្បាប់​មួយ ​ស្តី​ពី​ការគ្រប់គ្រង​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន ដែល​នឹង​ផ្តល់​អំណាច​ដល់​រដ្ឋាភិបាល​ក្នុង​ការ​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន ពេល​មាន​ជំងឺ​រាត​ត្បាត និង​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​ជាតិ​ និង​សណ្តាប់​ធ្នាប់​សាធារណៈ។ ក្រុម​អ្នក​រិះគន់​មួយ​ចំនួន​យល់​ថា​ច្បាប់​នេះ​ ​អាចនាំ​ទៅ​រក​ការ​ឲ្យ​មាន​ការ​រាំង​ខ្ទប់​បន្ថែម​នូវ​ការ​ប្រើប្រាស់​សិទ្ធិ​ស៊ីវិល ​និង​សេរីភាព​ផ្សេង​ទៀត ​រួមមានសេរីភាព​ដើរ​ហើរ​ ការ​បញ្ចេញ​មតិ​ ការ​ជួប​ប្រជុំ​ ឬ​ការ​ប្រមូល​ផ្តុំ​ដោយ​សន្តិវិធី​ជាដើម។ លោក ​អំ សំអាត​ នាយក​រង​ទទួល​បន្ទុក​ឃ្លាំ​មើល​នៃ​អង្គការ​ការ​ពារ​សិទ្ធិ​មនុស្ស​លីកាដូ​ ប្រាប់​វីអូអេ​ថា​ សេចក្តី​អំពាវ​នាវ​របស់​លោក​នាយករដ្ឋ​មន្ត្រី​ជា​វិធានការ​សម​ស្រប​ ដើម្បី​កុំ​ឲ្យ​ពលរដ្ឋ​ជឿ​តាម​ និង​ជ្រួលច្របល់។ លោក​សង្ឃឹម​ថា​ អាជ្ញាធរកម្ពុជា នឹង​មិន​ចាប់​ខ្លួនបុគ្គល​ណា​ដែល​ផ្សព្វផ្សាយ​សម្តី​ចចាមអារ៉ាម​នោះ​ទេ ហើយ​ជំនួស​មក​វិញ​នូវ​ការ​បង្កើន​ការ​អប់រំ។ «បើ​សិន​ជា​មាន​ការ​អប់​រំ​ និង​ការ​ផ្សព្វផ្សាយ​ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​យល់​ដឹង​ឲ្យ​បាន​ច្បាស់​លាស់​ហ្នឹង ​វា​ជា​ការ​ល្អ ជាជាង​ដែល​យើង​ស្វែង​រក​ចាប់​ខ្លួន»។ លោក​ឧត្តម​សេនីយ៍​ឯក ឆាយ គឹមខឿន​ អ្នក​នាំ​ពាក្យ​អគ្គស្នង​ការដ្ឋាន​នគរបាល​ជាតិ ឲ្យ​ដឹង​ថា​ មាន​ការ​ពិបាកកំណត់​ប្រភព​នៃ​អ្នក​ឃោសនា​ពាក្យ​ចចាមអារ៉ាមនៃ​ការ​បិទ​ប្រទេស និង​ហាម​មិន​ឲ្យ​ធ្វើ​ដំណើរ​នោះ។ ប៉ុន្តែ​លោក​ថា អាជ្ញាធរ​នៅ​បន្ត​តាម​រក។ លោក​ព្រមាន​ថា​ ការ​អនុវត្ត​ច្បាប់​នឹង​ធ្វើ​ឡើង​ ប្រសិន​បើ​មន្ត្រី​តុលាការ​កំណត់​បាន​នូវ​បទ​ល្មើស​និង​ផល​ប៉ះ​ពាល់​មក​លើ​សង្គម​ដែល​បណ្តាល​មកពី​ពាក្យ​ចចាមអារ៉ាម​នោះ។ «រឿង​ការ​អប់​រំ​ ឬ​ដាក់​ទោស​តាម​ច្បាប់​ មិន​មែនសមត្ថ​កិច្ច​របស់​យើង​ខ្ញុំ​ទេ។ ចាប់​មក​យើង​ស្នើ​សុំ​ព្រះ​រាជអាជ្ញា។ បើ​ព្រះរាជ​អាជ្ញា​សម្រេច​ថា​ម៉េច គឺ​អីចឹង។ យើង​ខ្ញុំ​អត់​មាន​សមត្ថកិច្ច​ថា ​ត្រូវ​ដោះ​លែង​ អប់​រំ​ ថា​ម៉េច អាហ្នឹង​មិនមែន​ទេ»។ ក្នុង​យុទ្ធ​នាការ​ទប់ស្កាត់​ការ​សាយ​ភាយព័ត៌មាន​ក្លែង​ក្លាយ​ក្នុងគ្រា​មាន​វិបត្តិ​ជំងឺ​ឆ្លង​កូវីដ​១៩​នេះ​ អាជ្ញាធរ​កម្ពុជា​បាន​ចាប់​ខ្លួន​ពលរដ្ឋ​កម្ពុជា​យ៉ាង​ហោច​ណាស់​៣០​នាក់ ចាប់​ពី​ខែ​មករា​ ដល់​ខែ​មេសា។ ​នេះ​បើ​យោង​តាម​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​Human Rights Watch។ ​អង្គការ​នេះ​ចាត់​ទុកការ​ចាប់​ខ្លួននេះ​ជា​ការ​ប៉ុនប៉ង​ ដើម្បី​បង្ក្រាប​មតិ​ប្រឆាំង ​ដែល​រិះគន់​ការ​ដោះ​ស្រាយ​របស់​រដ្ឋាភិបាល​លើ​ការ​រាតត្បាត​ជំងឺ​កូវីដ១៩​ និង​ផល​ប៉ះ​ពាល់​លើ​សេដ្ឋ​កិច្ច៕

from កម្ពុជា - Voice of America | VOA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments