ម្ចាស់​សាលា​រៀន​ និង​​​អ្នក​រក​ស៊ី​បង្ហាញ​​​ក្តី​បារម្ភ​អំពី​ការ​ខាត​បង់​ជា​ថ្មី ខណៈ​ជំងឺ​កូវីដ​១៩​ ងើប​ឡើង​វិញ

By , Comment
Share on Facebook Tweet on Twitter
ម្ចាស់​គ្រឹះស្ថាន​សិក្សា​ឯកជន និង​ម្ចាស់​អាជីវកម្ម​មួយ​ចំនួន​ ​បង្ហាញ​ការ​ព្រួយ​បារម្ភជា​ថ្មី​ពី​ការប្រឈម​មុខ​នឹង​ការ​ខាតបង់ បន្ទាប់​ពីរដ្ឋាភិបាលបាន​ប្រកាស​ឲ្យ​បិទ​សាលា​រៀន ​ខារ៉ាអូខេ ក្លឹប​កម្សាន្ត​ រោង​ភាពយន្ត ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក និងសារ​មន្ទីរ​នៅ​ទូទាំង​ប្រទេស។ ការ​ប្រកាស​ឲ្យ​បិទ​សា​ជា​ថ្មី​នេះ ក្រោយ​អង្គរក្ស​ម្នាក់​ជា​ជន​ជាតិ​ខ្មែរ ដែល​ការពារ​ឲ្យ​ប្រតិភូ​ហុងគ្រី​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ផ្ទុក​វីរុស​កូវីដ​១៩ ក្រោយ​ប៉ះពាល់​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​ហុងគ្រី ដែល​ត្រូវ​បាន​ធ្វើ​តេស្ត​ឃើញ​វិជ្ជមាន​កូវីដ​១៩ ​ក្នុង​ប្រទេស​ថៃ បន្ទាប់ពី​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា កាល​ពី​សប្តាហ៍​មុន។ បន្ទាប់​មក​ មនុស្ស​៣​នាក់​ទៀត​ ត្រូវ​បាន​រក​ឃើញ​ថា​មាន​វីរុសកូវីដ​១៩​នេះ។ រដ្ឋាភិបាល​កម្ពុជា​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​ថា​នេះ​អាច​ជា​ការ​រាត​ត្បាត​ទ្រង់​ទ្រាយ​ធំ ប្រសិន​បើ​មិន​ទប់​ស្កាត់​ឲ្យ​ទាន់​ពេល​ទេ​នោះ។ រដ្ឋាភិបាល​បា​ន​សម្រេច​ឲ្យ​សាលា​រៀន​ទាំង​រដ្ឋ​ទាំង​ឯកជន ​ក្នុ​ង​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្តាល ​ផ្អាក​ជា​បណ្តោះ​អាសន្ន ​ចំនួន២​សប្តាហ៍​រាប់ចាប់​ពី​សប្តាហ៍​នេះ​ទៅ​ ដែល​ជា​វិធានការ​មួយ រដ្ឋាភិបាលបាន​ប្រកាសថា​ដើម្បី​បញ្ចៀស​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​ចូល​ក្នុង​សហគមន៍​ទ្រង់​ទ្រាយ​ធំ។ លោក តែ ឡូរិន នាយក​សាលា​វេស្ទើន​អន្តរ​ជាតិ​ មាន​ប្រសាសន៍​ថា​ប្រសិន​បើការ​ផ្អាក​ការ​សិក្សា​ត្រឹម​២​សប្តាហ៍ វា​មិន​មាន​ផល​ប៉ះពាល់​អ្វី​ធ្ងន់ធ្ង​រនោះ​ទេ។ ប៉ុន្តែ​លោក​បារម្ភ​ខ្លាច​ផ្អាក​យូរ​ជាង​នេះ ដូច​ពេល​មុន ដែល​នាំ​ឲ្យ​លោក​ខាត​បង់​ប្រាក់។ លោក​ថ្លែង​ប្រាប់​VOA​ថា៖«ស៊ី​សង​នៅ​លើ​លទ្ធផល​ក្នុង​១៤​ថ្ងៃ​ទៀត​ហ្នឹង។ បើ​សិន​ជា​មិន​មាន​អី​ជា​វិជ្ជមាន​ទេ​ចំពោះ​ជំងឺ​នេះ ​យើង​ប្រហែល​ជា​បើក​ដំណើរ​ការ​ធម្មតា​វិញ​ហើយ​តាម​មើល។ ក្នុង​ការ​បើក​ចូល​ទៅ​វិញ​រយៈ​ពេល​២​អាទិត្យ​ក្រោយ​ទៀត​នេះ យើង​រឹត​តែ​បន្តឹង​ថែម​ទៀត​ ដូចជា​រឿង​ពាក់ម៉ាស់ បាញ់​អាល់​កុល វាស់​កម្តៅ​សិស្ស​មុន​ពេល​ចូល​រៀន»។ កាល​ពី​ខែ​មីនា ឆ្នាំ​នេះ ក្រសួង​អប់រំ​បាន​ប្រកាស​ម្តង​ហើយឲ្យ​សាលា​ទាំង​អស់​នៅ​ទូទាំង​ប្រទេស ​ផ្អាក​ការ​សិក្សា​មួយ​រយៈ ដើម្បី​ទប់​ស្កាត់​ការ​រីករាល​ដាល​ជំងឺ​កូវីដ​១៩។ ក្រសួង​អប់រំ​ក៏​បាន​ចាប់​ផ្តើម​ឲ្យ​សាលា​បើក​ដំណើរ​ការ​ដំណាក់​កាល​ដំបូង​ ក្នុងខែ​សីហា ដោយ​បង្រៀន​ផ្ទាល់​ខ្លះ និងតាម​អន​ឡាញ​ខ្លះ។​ លោក ប៉ិច បូឡែន អគ្គនាយក​ក្រុមហ៊ុន Westline Education Group ដែល​គ្រប់គ្រង​សាលា​រៀន​Westline មាន​ប្រសាសន៍​ថា​បើ​សិន​ការ​ផ្អាក​នោះអូសបន្ថាយ​លើស​ពី​២​សប្តាហ៍ រហូតដល់​រាប់ខែ​ទៀត នោះ​គ្រឹះស្ថាន​សិក្សា​ឯកជន​ ត្រូវ​ប្រឈម​មុខ​នឹងការ​លំបាក​ក្នុង​ការ​បន្ត​ដំណើរ​ទៅ​មុខ​ជា​មិន​ខាន។ លោក​មាន​ប្រសាសន៍​ថា៖ «ខ្លាច​លើស​ពី​២​សប្តាហ៍​ឡើង​ដល់​រាប់​ខែ អាហ្នឹង​វា​អាច​ប៉ះពាល់​ត​ទៀត​ហើយ សាលា​មួយៗ​ដែល​នៅ​ដំណើរ​ការ​បន្ទាប់​ពី​មាន​ការ​បង្រួម​បិទ​សាលា​ខ្លះ។ អ្នក​ខ្លះ​មិន​ទាន់​ទាំង​បាន​បើក​ផង​ការ​ពិត​ទៅ​ អ្នក​ខ្លះ​ទទួល​នូវ​គ្រោះ​លិច​ទឹក​ទៀត​ក៏​ដូចជា​មាន​ប៉ះពាល់​លក្ខណៈ​សេដ្ឋកិច្ច​ក្នុង​សហគមន៍​របស់​គាត់​មិន​ទាន់​ផុត​ស្រួល​បួល​ផង ​ចូល​អា​នេះ​មក​មួយ​ទៀត។ ពេល​ដែល​គាត់​រៀបចំ​ដំបូង​គាត់​មាន​កម្ចី​ធនាគារឡើង​វិញ​ថែម​ ដើម្បី​ស្តារ​អភិវឌ្ឍ​សាលា ។ សាលា​មួយ​ចំនួន​ដែល​មាន​លំហូរ​ទឹក​ប្រាក់​នៅ​ពឹង​ធនាគារ​នៅឡើយ»។ សាលា​ឯកជន​មួយ​ចំនួន​ក្នុង​ក្រុង​ភ្នំពេញ បាន​ប្រកាស​ប្រាប់​មាតា​បិតា​សិស្សឲ្យ​ដឹង​កាល​ពី​សប្តាហ៍​មុនថា​សាលា​នឹង​បើក​ចូល​រៀន​ពេញ​ម៉ោង​ធម្មតានៅ​ក្នុង​សប្តាហ៍​នេះ ក៏​ប៉ុន្តែ​គម្រោង​នេះ​ត្រូវ​បាន​លុប​ចោល​វិញ​ទាំងស្រុង​ បន្ទាប់ពី​មាន​សេចក្តីប្រកាស​របស់​ក្រសួងអប់រំ​ក្នុង​ការ​ផ្អាក​បណ្តោះ​អាសន្ន​នេះ។ លោក ​រស់ សុវាចា ​អ្នក​នាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​ មាន​ប្រសាសន៍​ថា​កង្វះ​ព័ត៌មាន និង​កិច្ច​សហការ​ពី​សំណាក់​មាតា​បិតាសិស្ស​ ដែល​ប៉ះពាល់​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល​ជាមួយ​គណៈប្រតិភូ​ប្រទេស​ហុងគ្រី ទើប​ក្រសួង​ផ្អាក​ដំណើរ​ការ​សាលា​រៀន​២​សប្តាហ៍ ដើម្បី​ចៀសវាង​ការឆ្លង​ក្នុង​សាលា និង​សហគមន៍។ លោក​មិន​ទាន់​អាច​បញ្ជាក់​ថា២​សប្តាហ៍​ក្រោយ សិស្សអាច​ចូល​រៀន​បាន​វិញ​ ឬ​យ៉ាង​ណា​ ដោយ​សារ​វាអាស្រ័យលើ​ស្ថានភាព​ជាក់​ស្តែង។ លោក​ថ្លែង​ប្រាប់​VOA​ថា៖ «​ក្រសួងអប់រំ យុវជន និង​កីឡា​បន្ត​កិច្ច​សហការ​ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ​ ជា​ពិសេស គឺ​ក្រសួង​សុខាភិបាល ​មុន​នឹង​សម្រេច​ចិត្ត​មាន​ការ​ជូន​ដំណឹង​អ្វី​មួយ​នោះ គឺ​ក្រសួងអប់រំ យុវជន និង​កីឡា នឹងពិនិត្យ និង​វាយ​តម្លៃ​ស្ថានការណ៍​ហើយ​នឹង​ជម្រាប​ជូន​សាធារណជន​នា​ពេល​ក្រោយ»។ កាល​ពី​ខែ​កុម្ភៈ ដើម្បី​ទប់​ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ​១៩ រដ្ឋាភិបាល​ក៏​សម្រេច​ឲ្យ​ផ្អាក​បណ្តោះ​អាសន្នផង​ដែរ​នូវ​កន្លែង​ប្រមូល​ផ្តុំ​មួយ​ចំនួន រួម​មាន​ការប្រគំតន្រ្តី ​កន្លែងច្រៀងកម្សាន្ត​ ខារ៉ា​អូខេ​ ក្លឹប​កម្សាន្ត ​បៀរហ្គា​ឌិន​ ក្លឹបហាត់ប្រាណ ​កាស៊ីណូ និង​កន្លែង​ប្រារព្ធ​ពិធី​សាសនា​ជា​ដើម។ កាល​ពី​ដើម​ខែ​កក្កដា រដ្ឋាភិបាល​បាន​ប្រកាស​ឲ្យ​ម្ចាស់​អាជីវកម្ម​ខារ៉ាអូខេ និង​ក្លឹប​កម្សាន្ត ​បើក​ដំណើរ​ការ​ឡើងវិញ ដោយ​ប្រែក្លាយ​ទៅ​ជា​ភោជនីយ​ដ្ឋាន។ ​ប៉ុន្តែ​អាជីវកម្ម​ខារ៉ាអូខេ និង​ក្លឹបកម្សាន្ត​មួយ​ចំនួន​ បើក​ដំណើរការឡើងវិញ​ក្នុង​លក្ខណៈ​ជា​ខារ៉ាអូខេ និង​ក្លឹប​កម្សាន្ត​ដដែល ​គ្រាន់​តែ​ដូរឈ្មោះដាក់​ជា​ភោជនីយដ្ឋាន​តែ​ប៉ុណ្ណោះ។ ជាក់​ស្តែង​កាល​ពី​យប់​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា​នេះ ​អាជ្ញាធរ​នៅ​ខណ្ឌ​ចំការ​មន ​បាន​ចុះ​ផ្អាក​ក្លឹប​កម្សាន្ត​រាត្រី​៥​កន្លែង។ នេះ​បើ​យោង​តាម​សារ​ព័ត៌មាន​ក្នុង​ស្រុក។ នៅ​ពាក់​កណ្តាល​ខែ​សីហា​ រោង​ភាពយន្ត និង​រោង​សិល្បៈ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បើក​ឡើងវិញ​ផង​ដែរ។ ការ​ប្រកាស​ផ្អាក​សាជាថ្មី​ដោយ​មិន​បាន​កំណត់​ពេល​ច្បាស់លាស់​ ធ្វើ​ឲ្យ​ម្ចាស់អាជីវកម្ម​មួយ​ចំនួន​បង្ហាញ​ ​ការបារម្ភ​យ៉ាងខ្លាំង​សម្រាប់​ការ​ខាតបង់​ជា​បន្ត​ទៀត។ លោក កែវ ថាច ម្ចាស់​ភោជនីយដ្ឋាន​និង​ខារ៉ា​អូខេ​ដាប់ប៊ែលយូ(W) បានគាំទ្រ​វិធាន​ការណ៍​ក្នុង​ការ​ទប់​ស្កាត់​ការ​រីក​រាល​ជំងឺ​កូវីដ១៩​របស់​រដ្ឋាភិបាល។ ក៏​ប៉ុន្តែ​លោក​ព្រួយ​បារម្ភ​ថា​បើ​ការ​បិទ​នេះ​ លើស​ពី​២​សប្តាហ៍​នោះ​ អាជីវកម្មរបស់លោក ​នឹង​ប្រឈម​មុខ​បិទ​ទ្វារ​ជា​រៀង​រហូត។ លោក​បន្ថែមថា​ការ​បិទ​មួយ​រយៈ​ពេល​កន្លង​ទៅ​នេះ លោក​បាន​ខាត​បង់​ប្រាក់​ប្រមាណ​២០​ម៉ឺន​ដុល្លារ​អាមេរិក ទៅ​លើ​ការ​ជួល​អគារ និង​ប្រាក់ខែ​បុគ្គលិក។ លោក​មាន​ប្រសាសន៍​ថា៖ «កន្លែង​យើង​ពី​ដើម​មក​ខារ៉ាអូខេ​ដល់​យើង​កែ​ប្រែ​ទៅ​ជា​ភោជនីយដ្ឋាន​មក ភ្ញៀវ​ក៏​ធ្លាក់​ទៅ​តាម​ហ្នឹង​អញ្ចឹង ប៉ុន្តែ​គ្រាន់​ថា​បើ​បន្ត​ទៀត រយៈ​ពេលបីទៅ​បួន​ប្រាំ​ខែ ឬ​ក៏​ដូច​ពី​មុ​ន​ទៀត អាហ្នឹង​ភាគ​ច្រើន​ប្រឈម​មុខ​ជាមួយ​ការ​បិទ​តែ​ម្តង។ ថា​បើ​យើង​អត់​មាន​សកម្មភាព​អ្វី​សោះ ទប់​តែ​ថ្លៃ​ផ្ទះ​១​ខែ ២​ឬ​៣​ម៉ឺនៗ យើង​រក​លុយ​នៅ​ឯណា»។ លោក ជី សិលា ម្ចាស់​រោងភាពយន្ត​ Major Cineplex​ សង្ឃឹម​ថា​រោង​ភាព​យន្ត​របស់​លោក​នឹង​អាច​ដំណើរ​ការ​ឡើង​វិញ​ក្នុង​ពេល​ឆាប់ៗ ដើម្បី​កុំ​ឲ្យ​ម្ចាស់​អាជីវកម្ម​បន្ត​ការ​ខាត​បង់​ច្រើន។ លោក​បញ្ជាក់​ថា៖ «ក៏​ប៉ុន្តែ​បើ​ពេល​ដែល​ចូលរួម​ទប់​ស្កាត់​ហើយ ហើយ​យើង​ឃើញ​ថា​សា្ថនការណ៍​យើង​អាច​គ្រប់​គ្រង​បាន​ហើយ យើង​ត្រូវ​សង្ឃឹម​ថា​យើង​មាន​ឱកាស​នឹង​អាច​បើក​ក្រុមហ៊ុន​ឡើង​វិញ​ បាន​កាន់​តែ​ឆាប់។ ធម្មតា​យើង​គិត​ពី​ហានិភ័យ​មួយ ក៏​ប៉ុន្តែ​នៅ​ក្នុង​ផ្នែក​សេដ្ឋកិច្ច​យើង ក៏​យើង​ត្រូវ​ការ​ជួយ​ជ្រោម​ជ្រែង​ដែរ។ បើ​មិន​អញ្ចឹង​ទេ​ យើង​ចប់​កូវីដហើយ ក្រុមហ៊ុន​ក្ស័យធន​ទាំង​អស់។ ​អាហ្នឹង​ជា​បញ្ហា​មួយ​សម្រាប់​ផ្ទាល់ខ្លួន​ពី​ក្រុមហ៊ុន​ផង​ ហើយ​ក៏ដូច​ជា​បុគ្គលិក​យើង​ក៏​បាត់​បង់​ការងារ​ដែរ»។ លោក មាស សុខសេនសាន អ្នកនាំពាក្យ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មាន​ប្រសាសន៍​ថា​នៅ​ក្នុង​អំឡុង​ពេល​កូវីដ​ រដ្ឋាភិបា​ល​បាន​ជួយ​ដល់អ្នក​ធ្វើ​ការ​ក្នុង​វិស័យ​ទេសចរណ៍​ តាម​រយៈ​គម្រោង​ឧបត្ថម្ភ​ប្រាក់​ដល់​អ្នក​បាត់​បង់​ការ​ងារ ប៉ុន្តែ​មិន​បាន​ជួយ​ដល់​អ្នក​ធ្វើ​ការ​នៅវិស័យ​ខារ៉ាអូខេ រោង​ភាព​យន្ត ក្លឹបកម្សាន្ត និង​សាលា​រៀន​ឯក​ជន​នោះ​ទេ។ លោក​មាន​ប្រសាសន៍​ថា៖ «ចាត់​វិធាន​ការ​ប៉ះ​ទាំង​អស់​គ្នា​រក​ស៊ី​ជំនួយ​អី​ទាំងអស់​ហ្នឹង។ ក្លឹប​កម្សាន្ត​ខារ៉ាអូខេ យើង​អត់​ជួយ​ទេ ​តែ​យើង​ទៅ​ជួយ​ផ្ទាល់​វិស័យ​ទេស​ចរណ៍​ផ្ទាល់​តែម្តង។ បើ​សិន​រាជ​រដ្ឋាភិបាល​មិន​ធ្វើ​ការ​ទប់ស្កាត់​បែប​នេះ​ទេ ផល​នៃ​ការ​វា​ជះ​ឥទ្ធិពល​អាក្រក់​មិន​បាន​ទប់​ស្កាត់ វា​មាន​ទំហំ​ធំ​ជាង ធ្ងន់​ធ្ងរ​ជាង​អ្វី​ដែល​យើង​ទប់​ស្កាត់​នៅ​ក្នុង​ពេល​នេះ​ទៀត»។ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​ ថ្លែង​ប្រាប់​VOA​នៅ​ថ្ងៃ​អង្គារ​នេះ​ថា នៅពេល​ដែល​ជំងឺ​កូវីដ​១៩​ មាន​ស្ថានភាព​ល្អ​ប្រសើរ​ឡើង​វិញ កន្លែង​កម្សាន្ត​ទាំងអស់​នោះ​នឹង​អាច​បើក​ដំណើរការ​ឡើ​ង​វិញ ប៉ុន្តែ​លោកស្រី​មិន​អាច​កំណត់​ពេល​ជាក់​លាក់​បាន​ទេ។ លោកស្រី​មាន​ប្រសាសន៍​ថា៖ «នេះ​ជា​វិធានការ​មួយ ដើម្បី​ទប់​ស្កាត់​កុំ​ឲ្យ​វា​រាត​ត្បាត​ក្នុង​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ដែល​យើង​ត្រូវ​រួម​គ្នា​អនុវត្ត។ រឿង​ផល​ប៉ះពាល់​តែងតែ​មាន​ខ្លះ​ហើយ វា​មិន​អត់​ទេ ប៉ុន្តែវា​ជាជាង​ប៉ះពាល់​តិច​តួច ជា​ជាង​ប៉ះ​ពាល់​ធំ។ ត្រូវ​ឲ្យ​មាន​តុល្យភាព​រវាង​ហានិភ័យ​សុខភាព​សាធារណៈ​ជាមួយ​នឹង​សេដ្ឋកិច្ច»។ ស្ថិត​ក្នុង​ស្ថានភាព​នេះ លោកស្រី ឱ វណ្ណឌីន បន្ថែម​ថា​ការចូលរួម​ទប់ស្កាត់​ពី​ជំងឺ​កូវីដ១៩​គឺជា​ភារកិច្ច​របស់​យើង​ទាំង​អស់​គ្នា។ លោកស្រី​មាន​ប្រសាសន៍​ថា៖ «ពេល​នេះ គឺជា​ដំណាក់​កាល​សំខាន់​ហើយ​ចំបាច់​បំផុត​ជាពិសេស​នៅ​រាជធានី​ភ្នំពេញ ដែល​បង​ប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់​ ត្រូវតែ​ចូលរួម​ចំណែក​នៅ​ក្នុង​ការទប់​ស្កាត់​ការ​រាតត្បាត​ក្នុង​ទ្រង់​ទ្រាយ​ធំ​នេះ។ នៅ​ពេល​នេះ ខ្ញុំ​នៅ​តែ​បន្ត​អំពាវនាវ​ហើយ​អំពាវនាវ​ទៀត​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​យើង សូម​លោក​អ្នក​កុំ​ភ្លេច​ពី​វីរុស​កូវីដ១៩ ពីព្រោះ​វីរុស​កូវីដ១៩ មិន​ដែល​ភ្លេច​យើង​ទេ»។ បើ​តាម​ក្រសួង​សុខាភិបាល​ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា​នេះ កម្ពុជា​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ​១៩ ចំនួន៣០០​នាក់។ ក្រសួង​សុខាភិបាល​ឲ្យ​ដឹង​ទៀត​ថា​បើ​គិត​មក​ដល់​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០២០ ការ​ធ្វើ​តេស្ត​អ្នក​ប៉ះពាល់​និង​អ្នក​ប្រាស្រ័យ​ជាមួយ​រដ្ឋមន្រ្តី​ការបរទេស​ហុង​គ្រី មាន​ចំនួន​១.១៦៦​នាក់​ ដែល​ក្នុង​នោះ​ មនុស្ស៤​នាក់ មាន​វីរុស​កូវីដ​១៩ គឺ​ជន​ជាតិ​ខ្មែរ​៣​នាក់ និង​បរទេស​ម្នាក់ ​ដែល​ជាឯក​អគ្គរដ្ឋទូត​ហុងគ្រី​ប្រចាំកម្ពុជា៕

from កម្ពុជា - Voice of America | VOA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments