គណបក្សសង្គ្រោះជាតិបានអបអរសាទរការបោះឆ្នោតនៅសហរដ្ឋអាមេរិក ដែលមានពលរដ្ឋចេញមកបោះឆ្នោតច្រើនបំផុតក្នុងរយៈពេលជាង ១០០ ឆ្នាំនេះ និងក៏អបអរសាទរលោក ចូ បៃដិន (Joe Biden) និងលោកស្រី ខាម៉ាឡា ហារីស (Kamala Harris) ដែលគេព្យាករណ៍ថាជាប្រធានាធិបតីនិងអនុប្រធានាធិបតីជាប់ឆ្នោត។ សេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី៨ ខែវិច្ឆិការបស់គណបក្សសង្គ្រោះជាតិ បានបញ្ជាក់ថា៖ «ប្រជាធិបតេយ្យនៅសហរដ្ឋអាមេរិក គឺជាការជំរុញទឹកចិត្តដល់ពលរដ្ឋកម្ពុជានៅទូទាំងពិភពលោក។ គណបក្សសង្គ្រោះជាតិអបអរសាទរដោយស្មោះស្ម័គ្រដល់លោក ចូ បៃដិន ប្រធានាធិបតីជាប់ឆ្នោត និងលោកស្រីខាម៉ាឡា ហារីស អនុប្រធានាធិបតីជាប់ឆ្នោត។ យើងជឿជាក់ថា សាររបស់អស់លោកលោកស្រីអំពីសាមគ្គីភាពការរួបរួមគ្នា និងការបើកចំហ ដល់ពលរដ្ឋអាមេរិកាំងទាំងអស់នឹងធ្វើឲ្យសហរដ្ឋអាមេរិកកាន់តែខ្លាំង និងមានអំណាចជាងមុនទាំងក្នុងស្រុកនិងនៅក្រៅប្រទេស»។ យោងតាមលទ្ធផលក្រៅផ្លូវការផ្អែកលើការរាប់សន្លឹកឆ្នោតបានជាង ៩៦ ភាគរយនៅទូទាំងសហរដ្ឋអាមេរិក ត្រូវបានគេព្យាករណ៍ថា លោក ចូ បៃដិន ទទួលបានប្រតិភូចំនួន ២៧៩ រូប ដែលគ្រប់គ្រាន់សម្រាប់លោកឈ្នះកាន់តំណែងប្រធានាធិបតី រីឯលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ទទួលបានប្រតិភូចំនួន ២១៧ រូប។ ប៉ុន្តែក្រុមយុទ្ធនាការរបស់លោក ត្រាំ បានប្តឹងផ្តល់នៅរដ្ឋដែលមានសំឡេងប្រកៀកប្រកិតគ្នា ដូចជារដ្ឋផឹនស៊ីលវេនៀ (Pennsylvania) អារីហ្សូណា (Arizona) ណេវ៉ាដា (Nevada) និងមីឈីហ្កេន (Michigan) ដោយចោទថា ការបោះឆ្នោតមានការគៃបន្លំជាច្រើន បើទោះបីជាមិនបានបង្ហាញភស្តុតាងជាក់លាក់ដែលអ្នកច្បាប់យល់ថា នឹងធ្វើឲ្យផ្លាស់ប្តូរលទ្ធផលឆ្នោតក៏ដោយ។ លោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ថា ទោះបីជាគណបក្សណាឈ្នះឆ្នោត ក៏គណបក្សលោកស្រីនៅតែចាត់ទុកសហរដ្ឋអាមេរិកជាមិត្ត «ដ៏មានសក្តានុពល» និង «ស្មោះនឹងពលរដ្ឋខ្មែរ» ក្នុងបុព្វហេតុការពារសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ។ អ្នកស្រីបន្ថែមថា៖ «តែលទ្ធផលនៃការបោះឆ្នោតនៅសហរដ្ឋអាមេរិកនៅឆ្នាំ ២០២០ នេះ ជាលទ្ធផលដែលពលរដ្ឋសហរដ្ឋអាមេរិកបានទទួលយកទៅហើយ។ យើងជាពលរដ្ឋខ្មែរ អបអរសាទរលទ្ធផលនៃការបោះឆ្នោត... ពីព្រោះយើងត្រូវការប្រទេសដែលមានអំណាច ប្រទេសដទៃទៀតនៅទូទាំងសាកលលោក ដែលការពារសិទ្ធិមនុស្សនិងការពារលទ្ធិប្រជាធិបតេយ្យ»។ គណបក្សសង្គ្រោះជាតិចង់ឲ្យសហរដ្ឋអាមេរិកគាំទ្រគ្រឹះលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា តាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ ១៩៩១ ដែលសហរដ្ឋអាមេរិកគឺជាប្រទេសហត្ថលេខីមួួយ ក្នុងចំណោម ១៩ ប្រទេស ដោយសារការគោរពលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅកម្ពុជា បានធ្លាក់ចុះយ៉ាងខ្លាំង ក្នុងរយៈពេលជាង ៣ ឆ្នាំនេះ។ លោកស្រី មូរ សុខហួរ បានបញ្ជាក់បន្ថែមប្រាប់វីអូអេថា៖ «គណបក្សសង្គ្រោះជាតិមានជំហរច្បាស់លាស់ ដូចជាសហរដ្ឋអាមេរិកដែ រនៅក្នុងការការពារសិទ្ធិមនុស្ស ការពារលទ្ធិប្រជាធិបតេយ្យ។ ការពារសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យហ្នឹងឯង ដែលធ្វើឲ្យមានយុត្តិធម៌»។ លោក អេង ឆៃអ៊ាង អនុប្រធានមួយរូបទៀតនៃគណបក្សសង្គ្រោះជាតិ កំពុងរស់នៅនីរទេសខ្លួន ជាជនភៀសខ្លួននយោបាយនៅសហរដ្ឋអាមេរិក តាំងតែពីតុលាការរំលាយគណបក្សរបស់លោក ក្នុងខែវិច្ឆិកា ឆ្នាំ ២០១៧។ លោកមានឱកាសសង្កេតដំណើរការបោះឆ្នោត និងប្រជាធិបតេយ្យអាមេរិកាំងដោយផ្ទាល់ ហើយបានបញ្ជាក់ថា ការបោះឆ្នោតឆ្នាំ ២០២០ នេះ ទោះបីជាគេមើលឃើញថា វាមាន «ភាពរញ៉េរញ៉ៃ» និងមាន «ភាពសាំញ៉ាំ» ប៉ុន្តែវាឆ្លុះបញ្ចាំងនូវដំណើរការប្រជាធិបតេយ្យដ៏ល្អ ហើយជាគំរូដល់បណ្តាប្រទេសប្រជាធិបតេយ្យនានា។ លោក អេង ឆៃអ៊ាង បន្ថែមថា៖ «ការបោះឆ្នោតនៅសហរដ្ឋអាមេរិកនៅឆ្នាំ ២០២០ នេះ វាហាក់ដូចជាមានភាពរញ៉េរញ៉ៃបន្តិចមែន ប៉ុន្តែវាឆ្លុះបញ្ចាំងនូវការប្រកួតប្រជែងដោយត្រឹមត្រូវដោយស្មើភាព ហើយក៏ឆ្លុះបញ្ចាំងឲ្យឃើញថា គណៈកម្មការរៀបចំការបោះឆ្នោតនៅសហរដ្ឋអាមេរិកនេះ គឺគេធ្វើការដោយសុក្រិតភាពនិងសុចរិតភាព។ សុក្រិតភាពគឺ ខ្ញុំឃើញរដ្ឋដែលមានការប្រជែងគ្នាខ្លាំង ដោយសន្លឹកឆ្នោតដែលមានភាពលម្អៀង ០,០១ ឬ ០,០២ ភាគរយ គឺការរាប់សន្លឹកឆ្នោត ការផ្ទៀងសន្លឹកឆ្នោត គឺប្រយ័ត្នប្រយែងណាស់ ផ្ទុយពីការបោះឆ្នោតនៅកម្ពុជា។ នៅប្រទេសកម្ពុជា គឺឆិនឆៃអ្នកដែលគេចង់តវ៉ាគឺ បិទសិទ្ធិរបស់គេ»។ គណបក្សប្រជាធិបតេយ្យត្រូវបានគេព្យាករណ៍ថា នឹងបន្តគ្រប់គ្រងសភាតំណាងរាស្ត្រដោយឈ្នះបានអាសនៈចំនួន ២១៨ និងគណបក្សសាធារណរដ្ឋទទួលបាន ២០៨ នៃសភា ដែលមានអាសនៈសរុប ៤៣៥។ អាសនៈចំនួន ៩ ទៀត មិនទាន់សម្រេចអ្នកឈ្នះចាញ់ ដោយសារលទ្ធផលប្រកៀកប្រកិតគ្នា។ នេះបើតាមគេហទំព័រ Realclearpolitics.com។ រីឯនៅព្រឹទ្ធសភា គណបក្សសាធារណរដ្ឋទទួលបាន ៥០ អាសនៈ និងគណបក្សប្រជាធិបតេយ្យទទួលបាន ៤៨ អាសនៈ ប៉ុន្តែមិនទាន់ដឹងថា គណបក្សណាគ្រប់គ្រងនៅឡើយ ដោយសារត្រូវរង់ចាំលទ្ធផលការប្រកួតជុំទី ២ នៅក្នុងរដ្ឋចរចា នៅដើមខែមករាសិន សម្រាប់អាសនៈចំនួន ២ ដែលនៅសេសសល់ ដោយសារការប្រកួតជុំទី ១ គ្មានបេក្ខជនណាទទួលបាន ៥០ ភាគរយ ដើម្បីសម្រេចអ្នកឈ្នះតាមច្បាប់កំណត់ក្នុងរដ្ឋ។ លោក អេង ឆៃអ៊ាង បានសរសើរដល់នីតិវិធីបោះឆ្នោតនៅសហរដ្ឋអាមេរិក ដែលធ្វើឲ្យមានតុល្យភាពអំណាចនិងការប្រគល់សិទ្ធិដល់អ្នកចង់ប្រកួតប្រជែងនយោបាយ។ «ចំណុចមួយទៀតដែលខ្ញុំសង្កេតឃើញថា គ្រឹះប្រជាធិបតេយ្យសហរដ្ឋអាមេរិករឹងប៉ឹងហ្នឹង គឺបុគ្គលម្នាក់ៗដែលចង់ប្រកួតប្រជែងយកការគាំទ្រពីប្រជាពលរដ្ឋហ្នឹង មិនចាំបាច់ទៅសុំតំណែងពីមេបក្ស ទៅសុំការអនុញ្ញាតពីមេបក្សទេ គឺបុគ្គលម្នាក់ៗ គាត់មានសេរីភាព គឺគាត់ចង់ទៅឈរប្រកួតជាមួយបក្សណា គឺគាត់គ្រាន់តែដាក់ពាក្យទៅឲ្យពលរដ្ឋអាមេរិកាំងជាអ្នកសម្រេច ហើយបើកាលណាយើងប្រកួតផ្ទៃក្នុងមានពលរដ្ឋជាអ្នកសម្រេចហើយ យើងប្រកួតជុំទីពីរ គឺឲ្យពលរដ្ឋបោះឆ្នោតប្រកួតរវាងគណបក្សនិងគណបក្ស។ នេះហើយជាគ្រឹះនៃប្រជាធិបតេយ្យដ៏រឹងមាំនៅសហរដ្ឋអាមេរិកនេះ»។ យ៉ាងណាក៏ដោយ រដ្ឋាភិបាលកម្ពុជាស្ថិតនៅក្នុងចំណោមប្រទេសដែលមិនទាន់អបអរសាទរនៅឡើយទេ គឺដូចគ្នានឹងប្រទេសចិននិងប្រទេសរុស្ស៊ីដែរ។ លទ្ធផលបឋមបង្ហាញថា ការបោះឆ្នោតឆ្នាំ ២០២០ នេះមានពលរដ្ឋចេញមកបោះឆ្នោតជិត ១៦០ លាននាក់ ដែលត្រូវជាជាង ៦៦ ភាគរយនៃពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតទាំងអស់។ ការបោះឆ្នោតដែលមានអ្នកចេញមកបោះឆ្នោតច្រើនចុងក្រោយ គឺនៅឆ្នាំ ១៩០០ ដែលមានអ្នកបោះឆ្នោតជាង ៧៣,៧ ភាគរយ។ នេះបើតាមទិន្នន័យចងក្រងដោយគេហទំព័រ United States Elections Project៕
from កម្ពុជា - Voice of America | VOA
via_IFTTT
Home
កម្ពុជា - Voice of America
បក្សសង្គ្រោះជាតិអបអរលោក ចូ បៃដិន និងសង្ឃឹមលើការស្តារប្រជាធិបតេយ្យកម្ពុជា
Author
Sotheavy royalsRealase at
ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.
Subscribe to:Post Comments (Atom)
0 Comments