ម្ចាស់គ្រឹះស្ថានសិក្សាឯកជន និងម្ចាស់អាជីវកម្មមួយចំនួន បង្ហាញការព្រួយបារម្ភជាថ្មីពីការប្រឈមមុខនឹងការខាតបង់ បន្ទាប់ពីរដ្ឋាភិបាលបានប្រកាសឲ្យបិទសាលារៀន ខារ៉ាអូខេ ក្លឹបកម្សាន្ត រោងភាពយន្ត ពហុកីឡដ្ឋានជាតិអូឡាំពិក និងសារមន្ទីរនៅទូទាំងប្រទេស។ ការប្រកាសឲ្យបិទសាជាថ្មីនេះ ក្រោយអង្គរក្សម្នាក់ជាជនជាតិខ្មែរ ដែលការពារឲ្យប្រតិភូហុងគ្រីត្រូវបានរកឃើញថាមានផ្ទុកវីរុសកូវីដ១៩ ក្រោយប៉ះពាល់ជាមួយរដ្ឋមន្ត្រីការបរទេសហុងគ្រី ដែលត្រូវបានធ្វើតេស្តឃើញវិជ្ជមានកូវីដ១៩ ក្នុងប្រទេសថៃ បន្ទាប់ពីបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីសប្តាហ៍មុន។ បន្ទាប់មក មនុស្ស៣នាក់ទៀត ត្រូវបានរកឃើញថាមានវីរុសកូវីដ១៩នេះ។ រដ្ឋាភិបាលកម្ពុជាបង្ហាញក្តីព្រួយបារម្ភថានេះអាចជាការរាតត្បាតទ្រង់ទ្រាយធំ ប្រសិនបើមិនទប់ស្កាត់ឲ្យទាន់ពេលទេនោះ។ រដ្ឋាភិបាលបានសម្រេចឲ្យសាលារៀនទាំងរដ្ឋទាំងឯកជន ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ផ្អាកជាបណ្តោះអាសន្ន ចំនួន២សប្តាហ៍រាប់ចាប់ពីសប្តាហ៍នេះទៅ ដែលជាវិធានការមួយ រដ្ឋាភិបាលបានប្រកាសថាដើម្បីបញ្ចៀសការឆ្លងជំងឺកូវីដ១៩ចូលក្នុងសហគមន៍ទ្រង់ទ្រាយធំ។ លោក តែ ឡូរិន នាយកសាលាវេស្ទើនអន្តរជាតិ មានប្រសាសន៍ថាប្រសិនបើការផ្អាកការសិក្សាត្រឹម២សប្តាហ៍ វាមិនមានផលប៉ះពាល់អ្វីធ្ងន់ធ្ងរនោះទេ។ ប៉ុន្តែលោកបារម្ភខ្លាចផ្អាកយូរជាងនេះ ដូចពេលមុន ដែលនាំឲ្យលោកខាតបង់ប្រាក់។ លោកថ្លែងប្រាប់VOAថា៖«ស៊ីសងនៅលើលទ្ធផលក្នុង១៤ថ្ងៃទៀតហ្នឹង។ បើសិនជាមិនមានអីជាវិជ្ជមានទេចំពោះជំងឺនេះ យើងប្រហែលជាបើកដំណើរការធម្មតាវិញហើយតាមមើល។ ក្នុងការបើកចូលទៅវិញរយៈពេល២អាទិត្យក្រោយទៀតនេះ យើងរឹតតែបន្តឹងថែមទៀត ដូចជារឿងពាក់ម៉ាស់ បាញ់អាល់កុល វាស់កម្តៅសិស្សមុនពេលចូលរៀន»។ កាលពីខែមីនា ឆ្នាំនេះ ក្រសួងអប់រំបានប្រកាសម្តងហើយឲ្យសាលាទាំងអស់នៅទូទាំងប្រទេស ផ្អាកការសិក្សាមួយរយៈ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។ ក្រសួងអប់រំក៏បានចាប់ផ្តើមឲ្យសាលាបើកដំណើរការដំណាក់កាលដំបូង ក្នុងខែសីហា ដោយបង្រៀនផ្ទាល់ខ្លះ និងតាមអនឡាញខ្លះ។ លោក ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន Westline Education Group ដែលគ្រប់គ្រងសាលារៀនWestline មានប្រសាសន៍ថាបើសិនការផ្អាកនោះអូសបន្ថាយលើសពី២សប្តាហ៍ រហូតដល់រាប់ខែទៀត នោះគ្រឹះស្ថានសិក្សាឯកជន ត្រូវប្រឈមមុខនឹងការលំបាកក្នុងការបន្តដំណើរទៅមុខជាមិនខាន។ លោកមានប្រសាសន៍ថា៖ «ខ្លាចលើសពី២សប្តាហ៍ឡើងដល់រាប់ខែ អាហ្នឹងវាអាចប៉ះពាល់តទៀតហើយ សាលាមួយៗដែលនៅដំណើរការបន្ទាប់ពីមានការបង្រួមបិទសាលាខ្លះ។ អ្នកខ្លះមិនទាន់ទាំងបានបើកផងការពិតទៅ អ្នកខ្លះទទួលនូវគ្រោះលិចទឹកទៀតក៏ដូចជាមានប៉ះពាល់លក្ខណៈសេដ្ឋកិច្ចក្នុងសហគមន៍របស់គាត់មិនទាន់ផុតស្រួលបួលផង ចូលអានេះមកមួយទៀត។ ពេលដែលគាត់រៀបចំដំបូងគាត់មានកម្ចីធនាគារឡើងវិញថែម ដើម្បីស្តារអភិវឌ្ឍសាលា ។ សាលាមួយចំនួនដែលមានលំហូរទឹកប្រាក់នៅពឹងធនាគារនៅឡើយ»។ សាលាឯកជនមួយចំនួនក្នុងក្រុងភ្នំពេញ បានប្រកាសប្រាប់មាតាបិតាសិស្សឲ្យដឹងកាលពីសប្តាហ៍មុនថាសាលានឹងបើកចូលរៀនពេញម៉ោងធម្មតានៅក្នុងសប្តាហ៍នេះ ក៏ប៉ុន្តែគម្រោងនេះត្រូវបានលុបចោលវិញទាំងស្រុង បន្ទាប់ពីមានសេចក្តីប្រកាសរបស់ក្រសួងអប់រំក្នុងការផ្អាកបណ្តោះអាសន្ននេះ។ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថាកង្វះព័ត៌មាន និងកិច្ចសហការពីសំណាក់មាតាបិតាសិស្ស ដែលប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលជាមួយគណៈប្រតិភូប្រទេសហុងគ្រី ទើបក្រសួងផ្អាកដំណើរការសាលារៀន២សប្តាហ៍ ដើម្បីចៀសវាងការឆ្លងក្នុងសាលា និងសហគមន៍។ លោកមិនទាន់អាចបញ្ជាក់ថា២សប្តាហ៍ក្រោយ សិស្សអាចចូលរៀនបានវិញ ឬយ៉ាងណា ដោយសារវាអាស្រ័យលើស្ថានភាពជាក់ស្តែង។ លោកថ្លែងប្រាប់VOAថា៖ «ក្រសួងអប់រំ យុវជន និងកីឡាបន្តកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ជាពិសេស គឺក្រសួងសុខាភិបាល មុននឹងសម្រេចចិត្តមានការជូនដំណឹងអ្វីមួយនោះ គឺក្រសួងអប់រំ យុវជន និងកីឡា នឹងពិនិត្យ និងវាយតម្លៃស្ថានការណ៍ហើយនឹងជម្រាបជូនសាធារណជននាពេលក្រោយ»។ កាលពីខែកុម្ភៈ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ រដ្ឋាភិបាលក៏សម្រេចឲ្យផ្អាកបណ្តោះអាសន្នផងដែរនូវកន្លែងប្រមូលផ្តុំមួយចំនួន រួមមានការប្រគំតន្រ្តី កន្លែងច្រៀងកម្សាន្ត ខារ៉ាអូខេ ក្លឹបកម្សាន្ត បៀរហ្គាឌិន ក្លឹបហាត់ប្រាណ កាស៊ីណូ និងកន្លែងប្រារព្ធពិធីសាសនាជាដើម។ កាលពីដើមខែកក្កដា រដ្ឋាភិបាលបានប្រកាសឲ្យម្ចាស់អាជីវកម្មខារ៉ាអូខេ និងក្លឹបកម្សាន្ត បើកដំណើរការឡើងវិញ ដោយប្រែក្លាយទៅជាភោជនីយដ្ឋាន។ ប៉ុន្តែអាជីវកម្មខារ៉ាអូខេ និងក្លឹបកម្សាន្តមួយចំនួន បើកដំណើរការឡើងវិញក្នុងលក្ខណៈជាខារ៉ាអូខេ និងក្លឹបកម្សាន្តដដែល គ្រាន់តែដូរឈ្មោះដាក់ជាភោជនីយដ្ឋានតែប៉ុណ្ណោះ។ ជាក់ស្តែងកាលពីយប់ថ្ងៃទី៩ ខែវិច្ឆិកានេះ អាជ្ញាធរនៅខណ្ឌចំការមន បានចុះផ្អាកក្លឹបកម្សាន្តរាត្រី៥កន្លែង។ នេះបើយោងតាមសារព័ត៌មានក្នុងស្រុក។ នៅពាក់កណ្តាលខែសីហា រោងភាពយន្ត និងរោងសិល្បៈ ត្រូវបានអនុញ្ញាតឲ្យបើកឡើងវិញផងដែរ។ ការប្រកាសផ្អាកសាជាថ្មីដោយមិនបានកំណត់ពេលច្បាស់លាស់ ធ្វើឲ្យម្ចាស់អាជីវកម្មមួយចំនួនបង្ហាញ ការបារម្ភយ៉ាងខ្លាំងសម្រាប់ការខាតបង់ជាបន្តទៀត។ លោក កែវ ថាច ម្ចាស់ភោជនីយដ្ឋាននិងខារ៉ាអូខេដាប់ប៊ែលយូ(W) បានគាំទ្រវិធានការណ៍ក្នុងការទប់ស្កាត់ការរីករាលជំងឺកូវីដ១៩របស់រដ្ឋាភិបាល។ ក៏ប៉ុន្តែលោកព្រួយបារម្ភថាបើការបិទនេះ លើសពី២សប្តាហ៍នោះ អាជីវកម្មរបស់លោក នឹងប្រឈមមុខបិទទ្វារជារៀងរហូត។ លោកបន្ថែមថាការបិទមួយរយៈពេលកន្លងទៅនេះ លោកបានខាតបង់ប្រាក់ប្រមាណ២០ម៉ឺនដុល្លារអាមេរិក ទៅលើការជួលអគារ និងប្រាក់ខែបុគ្គលិក។ លោកមានប្រសាសន៍ថា៖ «កន្លែងយើងពីដើមមកខារ៉ាអូខេដល់យើងកែប្រែទៅជាភោជនីយដ្ឋានមក ភ្ញៀវក៏ធ្លាក់ទៅតាមហ្នឹងអញ្ចឹង ប៉ុន្តែគ្រាន់ថាបើបន្តទៀត រយៈពេលបីទៅបួនប្រាំខែ ឬក៏ដូចពីមុនទៀត អាហ្នឹងភាគច្រើនប្រឈមមុខជាមួយការបិទតែម្តង។ ថាបើយើងអត់មានសកម្មភាពអ្វីសោះ ទប់តែថ្លៃផ្ទះ១ខែ ២ឬ៣ម៉ឺនៗ យើងរកលុយនៅឯណា»។ លោក ជី សិលា ម្ចាស់រោងភាពយន្ត Major Cineplex សង្ឃឹមថារោងភាពយន្តរបស់លោកនឹងអាចដំណើរការឡើងវិញក្នុងពេលឆាប់ៗ ដើម្បីកុំឲ្យម្ចាស់អាជីវកម្មបន្តការខាតបង់ច្រើន។ លោកបញ្ជាក់ថា៖ «ក៏ប៉ុន្តែបើពេលដែលចូលរួមទប់ស្កាត់ហើយ ហើយយើងឃើញថាសា្ថនការណ៍យើងអាចគ្រប់គ្រងបានហើយ យើងត្រូវសង្ឃឹមថាយើងមានឱកាសនឹងអាចបើកក្រុមហ៊ុនឡើងវិញ បានកាន់តែឆាប់។ ធម្មតាយើងគិតពីហានិភ័យមួយ ក៏ប៉ុន្តែនៅក្នុងផ្នែកសេដ្ឋកិច្ចយើង ក៏យើងត្រូវការជួយជ្រោមជ្រែងដែរ។ បើមិនអញ្ចឹងទេ យើងចប់កូវីដហើយ ក្រុមហ៊ុនក្ស័យធនទាំងអស់។ អាហ្នឹងជាបញ្ហាមួយសម្រាប់ផ្ទាល់ខ្លួនពីក្រុមហ៊ុនផង ហើយក៏ដូចជាបុគ្គលិកយើងក៏បាត់បង់ការងារដែរ»។ លោក មាស សុខសេនសាន អ្នកនាំពាក្យនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍ថានៅក្នុងអំឡុងពេលកូវីដ រដ្ឋាភិបាលបានជួយដល់អ្នកធ្វើការក្នុងវិស័យទេសចរណ៍ តាមរយៈគម្រោងឧបត្ថម្ភប្រាក់ដល់អ្នកបាត់បង់ការងារ ប៉ុន្តែមិនបានជួយដល់អ្នកធ្វើការនៅវិស័យខារ៉ាអូខេ រោងភាពយន្ត ក្លឹបកម្សាន្ត និងសាលារៀនឯកជននោះទេ។ លោកមានប្រសាសន៍ថា៖ «ចាត់វិធានការប៉ះទាំងអស់គ្នារកស៊ីជំនួយអីទាំងអស់ហ្នឹង។ ក្លឹបកម្សាន្តខារ៉ាអូខេ យើងអត់ជួយទេ តែយើងទៅជួយផ្ទាល់វិស័យទេសចរណ៍ផ្ទាល់តែម្តង។ បើសិនរាជរដ្ឋាភិបាលមិនធ្វើការទប់ស្កាត់បែបនេះទេ ផលនៃការវាជះឥទ្ធិពលអាក្រក់មិនបានទប់ស្កាត់ វាមានទំហំធំជាង ធ្ងន់ធ្ងរជាងអ្វីដែលយើងទប់ស្កាត់នៅក្នុងពេលនេះទៀត»។ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល ថ្លែងប្រាប់VOAនៅថ្ងៃអង្គារនេះថា នៅពេលដែលជំងឺកូវីដ១៩ មានស្ថានភាពល្អប្រសើរឡើងវិញ កន្លែងកម្សាន្តទាំងអស់នោះនឹងអាចបើកដំណើរការឡើងវិញ ប៉ុន្តែលោកស្រីមិនអាចកំណត់ពេលជាក់លាក់បានទេ។ លោកស្រីមានប្រសាសន៍ថា៖ «នេះជាវិធានការមួយ ដើម្បីទប់ស្កាត់កុំឲ្យវារាតត្បាតក្នុងលក្ខណៈទ្រង់ទ្រាយធំដែលយើងត្រូវរួមគ្នាអនុវត្ត។ រឿងផលប៉ះពាល់តែងតែមានខ្លះហើយ វាមិនអត់ទេ ប៉ុន្តែវាជាជាងប៉ះពាល់តិចតួច ជាជាងប៉ះពាល់ធំ។ ត្រូវឲ្យមានតុល្យភាពរវាងហានិភ័យសុខភាពសាធារណៈជាមួយនឹងសេដ្ឋកិច្ច»។ ស្ថិតក្នុងស្ថានភាពនេះ លោកស្រី ឱ វណ្ណឌីន បន្ថែមថាការចូលរួមទប់ស្កាត់ពីជំងឺកូវីដ១៩គឺជាភារកិច្ចរបស់យើងទាំងអស់គ្នា។ លោកស្រីមានប្រសាសន៍ថា៖ «ពេលនេះ គឺជាដំណាក់កាលសំខាន់ហើយចំបាច់បំផុតជាពិសេសនៅរាជធានីភ្នំពេញ ដែលបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែចូលរួមចំណែកនៅក្នុងការទប់ស្កាត់ការរាតត្បាតក្នុងទ្រង់ទ្រាយធំនេះ។ នៅពេលនេះ ខ្ញុំនៅតែបន្តអំពាវនាវហើយអំពាវនាវទៀតឲ្យបងប្អូនប្រជាពលរដ្ឋយើង សូមលោកអ្នកកុំភ្លេចពីវីរុសកូវីដ១៩ ពីព្រោះវីរុសកូវីដ១៩ មិនដែលភ្លេចយើងទេ»។ បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃទី១០ ខែវិច្ឆិកានេះ កម្ពុជាមានករណីឆ្លងជំងឺកូវីដ១៩ ចំនួន៣០០នាក់។ ក្រសួងសុខាភិបាលឲ្យដឹងទៀតថាបើគិតមកដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ ការធ្វើតេស្តអ្នកប៉ះពាល់និងអ្នកប្រាស្រ័យជាមួយរដ្ឋមន្រ្តីការបរទេសហុងគ្រី មានចំនួន១.១៦៦នាក់ ដែលក្នុងនោះ មនុស្ស៤នាក់ មានវីរុសកូវីដ១៩ គឺជនជាតិខ្មែរ៣នាក់ និងបរទេសម្នាក់ ដែលជាឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំកម្ពុជា៕
From សុខភាព - Voice of America | VOA
via _IFTTT
Home
សុខភាព - Voice of America
ម្ចាស់សាលារៀន និងអ្នករកស៊ីបង្ហាញក្តីបារម្ភអំពីការខាតបង់ជាថ្មី ខណៈជំងឺកូវីដ១៩ ងើបឡើងវិញ
Author
Sotheavy royalsRealase at
ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.
Subscribe to:Post Comments (Atom)
0 Comments