ប្រព័ន្ធឃុំខ្លួនមុនពេលជម្រះក្តីរបស់កូរ៉េខាងជើងមានការធ្វើទារុណកម្មជាប្រព័ន្ធ ការធ្វើបាប និងអំពើពុករលួយហួសកម្រិត។ នេះបើយោងតាមរបាយការណ៍ថ្មីមួយរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch។ អង្គការ Human Rights Watch ដែលមានទីស្នាក់ការនៅទីក្រុងញូវយ៉កមួយនេះបានលាតត្រដាងអំពីប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌដ៏សម្ងាត់របស់ប្រទេសកូរ៉េខាងជើងនេះនៅក្នុងរបាយការណ៍មួយដែលមាន៨៨ទំព័រ ចេញផ្សាយកាលពីថ្ងៃទី១៩ ខែតុលា ដោយផ្អែកលើព័ត៌មានពីអតីតអ្នកជាប់ឃុំ និងអតីតមន្ត្រីរដ្ឋាភិបាលដែលរត់គេចចេញពីប្រទេសកូរ៉េខាងជើង។ អតីតអ្នកជាប់ឃុំនានាបានពណ៌នាថា ពួកគេត្រូវបានបង្ខំឲ្យអង្គុយស្ងៀមមួយកន្លែងលើឥដ្ឋ អោនក្បាលចុះក្រោម និងត្រូវសម្លឹងទៅលើឥដ្ឋជាច្រើនថ្ងៃ។ ពួកគេនិយាយថា បើសិនជាអ្នកជាប់ឃុំម្នាក់មានចលនា អ្នកយាមនឹងដាក់ទោសមនុស្សម្នាក់នោះនិងដាក់ទោសជាក្រុមដល់អ្នកជាប់ឃុំទាំងអស់ក្នុងមន្ទីរឃុំឃាំងទាំងមូល។ អ្នកជាប់ឃុំភេទស្រីមួយចំនួនរាយការណ៍ពីការបៀតបៀននិងយាយីផ្លូវភេទ រួមទាំងការរំលោភសេពសន្ថវៈទៀតផង។ លោក Brad Adams នាយកអង្គការឃ្លាំមើលសិទ្ធិមនុស្សនៅតំបន់អាស៊ីនិយាយថា៖ «ការឃុំខ្លួនមុនពេលជម្រះក្តីនិងប្រព័ន្ធស៊ើបអង្កេតរបស់កូរ៉េខាងជើង គឺធ្វើឡើងតាមអំពើចិត្ត ហិង្សា ឃោរឃៅ និងថោកទាប»។ លោកបន្ថែមថា៖ «ជនជាតិកូរ៉េខាងជើងនិយាយថា ពួកគេរស់នៅក្នុងភាពភ័យខ្លាចជាប់ជានិច្ចពីការចាប់ខ្លួនក្នុងប្រព័ន្ធមួយដែលនីតិវិធីផ្លូវការមិនត្រូវបានប្រើប្រាស់ ទោសកំហុសត្រូវបានសន្មតរួចជាស្រេច ហើយវិធីសាស្ត្រដែលអាចរួចខ្លួនបានគឺមានតែការសូកប៉ាន់ និងតាមរយៈខ្សែរយៈប៉ុណ្ណោះ»។ រដ្ឋាភិបាលក្រុងព្យុងយ៉ាងមិនមានការអធិប្បាយតបនោះឡើយទៅលើរបាយការណ៍នេះ ហើយពួកគេបានបដិសេធដដែលៗអំពីការរំលោភបំពានសិទ្ធិមនុស្ស។ របាយការណ៍របស់អង្គការ Human Rights Watch នេះ គឺបានមកពីការសម្ភាសជាមួយនឹងអតីតមន្ត្រីរដ្ឋាភិបាលកូរ៉េខាងជើងចំនួន ៨ នាក់ ដែលបានរត់ចេញពីប្រទេស និងអតីតអ្នកជាប់ឃុំ ២២ នាក់ ដែលក្នុងនោះមានស្ត្រី ១៥ នាក់ និងបុរស៧ នាក់។ អ្នកទាំងនោះបានជាប់ឃុំក្រោយឆ្នាំ២០១១ នៅពេលដែលមេដឹកនាំបច្ចុប្បន្នគឺលោក គីម ជុងអ៊ុន ចូលកាន់តំណែង។ មន្ត្រីរដ្ឋាភិបាល៤នាក់បានប្រាប់អង្គការសិទ្ធិមនុស្ស Human Rights Watch ថាគណៈបក្សពលករកូរ៉េខាងជើងដែលកំពុងកាន់អំណាចចាត់ទុកអ្នកជាប់ឃុំជាមនុស្សថ្នាក់ទាប និងបានហៅពួកគេដោយប្រើលេខជំនួសឲ្យឈ្មោះ។ អ្នកដែលត្រូវបានសាកសួរទាំងនោះពណ៌នាទង្វើបន្ថោកតម្លៃពួកគេ និងស្ថានភាពគ្មានអនាម័យនៅក្នុងមន្ទីរឃុំឃាំង ដែលរួមមានការផ្តល់អាហារតិចតួច មិនមានកន្លែងសម្រាកគ្រប់គ្រាន់ និងអាចងូតទឹកបានតិចតួចប៉ុណ្ណោះ។ ពួកគេនិយាយថា អ្នកយាមនឹងទាមទារសំណូកដើម្បីអនុញ្ញាតក្រៅផ្លូវការឲ្យសមាជិកគ្រួសារយកអាហារឲ្យ។ របាយការណ៍នោះបានអំពាវនាវឲ្យរដ្ឋាភិបាលកូរ៉េខាងជើង «បញ្ចប់ការធ្វើទារុណកម្មដ៏សាហាវឃោរឃៅ គ្មានមនុស្សធម៌ និងទង្វើបន្ថោកទាំងនោះ» ក្នុងមន្ទីរឃុំឃាំងមុនពេលជម្រះក្តី និងនៅកន្លែងសួរចម្លើយ។ លោក Adams បាននិយាយថា៖ «អាជ្ញាធរកូរ៉េខាងជើងគួរតែនាំយកប្រព័ន្ធនេះចេញពីយុគសម័យដ៏ងងឹត ដោយស្នើសុំជំនួយពីអន្តរជាតិដើម្បីបង្កើតកងកម្លាំងប៉ូលិសមានវិជ្ជាជីវៈ និងប្រព័ន្ធស៊ើបអង្កេតដែលពឹងលើភស្តុតាងជាជាងការធ្វើទារុណកម្មដើម្បីដោះស្រាយឧក្រិដ្ឋកម្ម»៕ ប្រែសម្រួលដោយកញ្ញា ទុំ ម្លិះ http://ifttt.com/images/no_image_card.png
From អាស៊ី - Voice of America
via_IFTTT
Home
អាស៊ី - Voice of America
អង្គការសិទ្ធិមនុស្សថា អ្នកជាប់ឃុំនៅកូរ៉េខាងជើងតែងតែរងទារុណកម្ម
Author
Sotheavy royalsRealase at
ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.
Subscribe to:Post Comments (Atom)
0 Comments