សមាជិកមួយចំនួននៃសហគមន៍អ៊ុយហ្គ័រនៅក្រៅប្រទេស និយាយថា ឥឡូវនេះចិនកំពុងប្រកាសជាផ្លូវការលើការជាប់ពិរុទ្ធ ឬការស្លាប់របស់សមាជិកគ្រួសារ ដែលបានបាត់ខ្លួនកាលពីប៉ុន្មានឆ្នាំមុន នៅក្នុងជំរំអប់រំនៅក្នុងតំបន់ Xinjiang។ ថ្មីៗនេះ VOA បានសម្ភាសជនអ៊ុយហ្គ័រចំនួន ៥ នាក់ ដែលបាននិយាយថា ពួកគេត្រូវបានមន្ត្រីចិនទាក់ទងដោយផ្ទាល់ ឬដឹងតាមស្ថានបេសកកម្មបរទេស ក្រុមការងារអង្គការសហប្រជាជាតិ ឬសន្និសីទកាសែតរបស់រដ្ឋាភិបាលចិនថា មនុស្សជាទីស្រឡាញ់របស់ពួកគេបានជាប់ពន្ធនាគារ ដោយផ្អែកលើការចោទប្រកាន់មិនច្បាស់លាស់ ឬស្លាប់ដោយសារជំងឺ នៅជំរំដែលត្រូវបានគេហៅថា ជំរំអប់រំឡើងវិញ។ លោក Abdurehim Gheni អាយុ ៤៤ ឆ្នាំ ដែលជាជនជាតិអ៊ុយហ្គ័ររស់នៅក្នុងប្រទេសហូឡង់ បានប្រាប់ VOA ថា លោកមិនអាចទាក់ទងជាមួយនឹងគ្រួសាររបស់លោក នៅក្នុងតំបន់ Xinjiang នៅក្នុងឆ្នាំ២០១៧។ លោកបាននិយាយថា សំបុត្រមួយផ្ញើពីស្ថានទូតចិនទៅកាន់ក្រសួងការបរទេសហូឡង់ បានសរសេរថា បងប្អូនប្រុស ២ នាក់ ក្មួយស្រី និងបងប្អូនប្រុសសាច់ថ្លៃ ២ នាក់ទៀតរបស់លោក ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារចាប់ពី ៣ ទៅ ១៦ ឆ្នាំពីបទល្មើស ដូចជាការរំខានដល់សណ្តាប់ធ្នាប់សង្គម។ ស្ថានទូតចិនបានសរសេរថា សមាជិកគ្រួសារផ្សេងទៀតរបស់លោក «កំពុងរស់នៅធម្មតានៅក្នុងសង្គម»។ នេះជាការអះអាងមួយដែលលោក Gheni ដែលមានសញ្ជាតិហូឡង់ចាត់ទុកថា ពិបាកជឿណាស់។ លោកបានធ្វើបាតុកម្មតែម្នាក់ឯងនៅរាល់ចុងសប្តាហ៍នៅក្នុងក្រុង Amsterdam ចាប់តាំងពីឆ្នាំ ២០១៨ ដើម្បីតវ៉ាពីការបាត់ខ្លួនភ្លាមៗរបស់ក្រុមគ្រួសាររបស់លោក។ លោកមិនមែនជាជនអ៊ុយហ្គ័រតែម្នាក់ដែលទទួលបានព័ត៌មាននាពេលថ្មីៗនេះពីស្ថានទូតចិន អំពីការបាត់ខ្លួនសមាជិកគ្រួសារទេ។ ស្ថានទូតចិននៅក្នុង ក្រុងអង់ការ៉ា ក៏បានប្រាប់អ្នកស្រី Nursiman Abdureshid អាយុ ៣២ ឆ្នាំថា ឪពុកម្តាយ និងបងប្អូនបង្កើតរបស់អ្នកស្រី ត្រូវបានជាប់ពន្ធនាគារពីបទ «ភេរវកម្ម» បន្ទាប់ពីពួកគេបានបាត់ខ្លួននៅពាក់កណ្តាលឆ្នាំ ២០១៧។ អ្នកស្រីជឿជាក់ថា ការទាក់ទងពីស្ថានទូត គឺជាលទ្ធផលនៃការតស៊ូមតិយ៉ាងសកម្ម ដែលអ្នកស្រីបានដឹកនាំចាប់តាំងពីខែកុម្ភៈ ដើម្បីធានាដល់ការដោះលែងគ្រួសាររបស់អ្នកស្រី។ ការបណ្តុះបណ្តាល អ្នកស្រី Abdureshid បានចាកចេញពីតំបន់ Xinjiang ទៅកាន់ប្រទេសតួកគី នៅក្នុងឆ្នាំ ២០១៥ ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងមិនបានត្រឡប់ទៅវិញនោះទេ។ អ្នកស្រីបាននិយាយថា អ្នកស្រីបានដឹងពីមិត្តភក្តិនិងសាច់ញាតិសាច់ឆ្ងាយរបស់អ្នកស្រី គ្រួសារទាំងមូលរបស់អ្នកស្រីត្រូវបានគេយកទៅបណ្តុះបណ្តាល។ អ្នកស្រីបានប្រាប់ VOA ក្នុងសម្តីដើមថា៖ «បន្ទាប់ពីបង្ហោះសារក្នុងបណ្តាញ Twitter និងការសុំអង្វរជាសាធារណៈម្តងហើយម្តងទៀត នៅទីបំផុតខ្ញុំត្រូវបានទាក់ទងតាមទូរស័ព្ទពីស្ថានទូតចិន នៅថ្ងៃទី១៥ ខែកក្កដា ដោយបានប្រាប់ខ្ញុំថា ឪពុកម្តាយ និងបងប្អូនប្រុសរបស់ខ្ញុំ ២ នាក់ទៀត ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារចាប់ពី១ ៣ ទៅ ១៦ ឆ្នាំ និង ១១ ខែ»។ អ្នកស្រីបានបន្ថែមថា ស្ថានទូតបានជំរុញឱ្យអ្នកស្រីត្រឡប់ទៅតំបន់ Xinjiang និងស្នើសុំឱ្យអាជ្ញាធរមូលដ្ឋានឱ្យផ្តល់ព័ត៌មានលម្អិតអំពីការចោទប្រកាន់ទាំងនោះ។ អ្នកស្រី Abdureshid និយាយថា៖ «សម្រាប់ជនអ៊ុយហ្គ័រ ការត្រឡប់ទៅចិនវិញមានន័យថា ត្រូវប្រឈមនឹងការសួរចម្លើយ និងការឃុំខ្លួននៅពេលទៅដល់ទីនោះ រហូតទាល់តែមានការបញ្ជាក់ថា មិនមានទោស»។ ប្រទេសចិនបានច្រានចោលការចោទប្រកាន់ពីអន្តរជាតិ ចំពោះការឃុំខ្លួនទ្រង់ទ្រាយធំលើជនអ៊ុយហ្គ័រកាន់សាសនាឥស្លាម ជាង ១ លាននាក់ នៅក្នុងតំបន់ Xinjiang និងអះអាងថា ជនអ៊ុយហ្គ័រត្រូវបានបញ្ជូនទៅ «មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ» ដើម្បីយកទៅកសាងនិងរៀនសូត្រជំនាញការងារថ្មីៗ។ អ្នកស្រី Fatima Abdulghafur ដែលជាជនអ៊ុយហ្គ័រ មកពីទីក្រុងស៊ីដនី បានប្រាប់ VOA ថា ឪពុករបស់អ្នកស្រីវ័យ ៦៧ ឆ្នាំ បានបាត់ខ្លួននៅក្នុងឆ្នាំ ២០១៦។ ក្រោយមក អ្នកស្រីបានដឹងថា លោកត្រូវបានគេយកទៅជំរំអប់រំ។ កាលពីខែមុន ពលរដ្ឋអចិន្ត្រៃយ៍នៅក្នុងប្រទេសអូស្ត្រាលី វ័យ ៤០ ឆ្នាំរូបនេះ បានដឹងពីក្រុមការងារអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកការបាត់ខ្លួនដោយបង្ខំថា ឪពុករបស់អ្នកស្រីបានស្លាប់ដោយសារ «ជំងឺរលាកសួតធ្ងន់ធ្ងរ និងរបេង» នៅក្នុងឆ្នាំ ២០១៨។ អ្នកស្រីបានប្រាប់ VOA ថា៖ «ខ្ញុំសង្ស័យថា មូលហេតុនៃការស្លាប់របស់ឪពុកខ្ញុំ គឺមិនមែនគ្រាន់តែជាជំងឺធម្មជាតិនោះទេ ប៉ុន្តែវាបណ្តាលមកពីការធ្វើទារុណកម្ម ដែលមិនអាចទ្រាំបាននៅក្នុងជំរំ»។ អង្គការសិទ្ធិមនុស្សមួយចំនួនបាននិយាយថា ជនអ៊ុយហ្គ័រដែលកំពុងជាប់នៅក្នុងជំរំអប់រំ ត្រូវប្រឈមមុខនឹងការធ្វើទារុណកម្ម និងការបង្ខំឲ្យធ្វើការងារ។ នៅក្រៅជំរំវិញ ពួកគេត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការតាមដានយ៉ាងតឹងរ៉ឹង ហើយការប្រណិបតន៍បែបសាសនាត្រូវបានហាមឃាត់។ ប្រទេសចិនបានមិនអើពើនឹងការអំពាវនាវពីអង្គការសិទ្ធិមនុស្សឯករាជ្យម្តងហើយម្តងទៀត ចំពោះការស៊ើបអង្កេតលើការរំលោភបំពានដែលត្រូវបានចោទប្រកាន់ និងបានហៅការរិះគន់របស់ប្រទេសផ្សេងៗថា ជាការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួន៕ http://ifttt.com/images/no_image_card.png
From អាស៊ី - Voice of America
via_IFTTT
Home
អាស៊ី - Voice of America
ជនជាតិអ៊ុយហ្គ័រនៅបរទេសថា ចិនបានបញ្ជាក់ពីការស្លាប់និងពិរុទ្ធភាពរបស់សាច់ញាតិពួកគេដែលបាត់ខ្លួនអស់ច្រើនឆ្នាំ
Author
Sotheavy royalsRealase at
ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.
Subscribe to:Post Comments (Atom)
0 Comments