ចិន​ប្រឹងប្រែង​ក្តោបក្តាប់​លើ​បច្ចេកវិទ្យា Blockchain ប៉ុន្តែ​តើ​ពិភពលោក​នឹង​ទុក​ចិត្ត​បច្ចេកវិទ្យា​ចិន​ដែរ​ឬ​ទេ?

By , Comment
Share on Facebook Tweet on Twitter
ទោះ​ជា​មាន​ការ​ប្រឆាំង​ពី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ចំពោះ​មហិច្ឆិតា​របស់​ចិន​ក្នុង​ការ​ដឹកនាំ​ពិភពលោក​ដើម្បី​បង្កើត​បច្ចេកវិទ្យា​ទំនើប​ថ្មីៗ ដូចជា​បណ្តាញ 5G យ៉ាង​ណា​ក្តី ក៏​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅ​ក្នុង​ខែសីហា​បាន​ចាប់​ផ្តើម​នូវ​កិច្ចប្រឹងប្រែង​ជា​សាកល​មួយ​ក្នុង​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ blockchain ដែល​ជា​បណ្តាញ​ផ្ទុក​ទិន្នន័យ​មួយ​សម្រាប់​ចែកចាយ​ព័ត៌មាន ហើយ​អ្នក​ជំនាញ​និយាយ​ថា អាច​នឹង​ធ្វើ​ឱ្យ​ផ្លាស់ប្តូរ​ការ​ធ្វើ​អាជីវកម្ម​នៅ​ជុំវិញ​ពិភពលោក។​ កាល​ពី​ថ្ងៃទី១០ ខែសីហា​ ប្រទេស​ចិន​បាន​ចាប់ផ្តើមសម្ពោធ​បណ្តាញ​ blockchain របស់​ខ្លួន​សម្រាប់​អន្តរជាតិ ដែល​ត្រូវ​បាន​គេ​ហៅ​ថា បណ្តាញ​សេវាកម្ម Blockchain ឬ​ហៅ​កាត់​ថា BSN។ បណ្តាញ​នេះ​ជា​មធ្យោបាយ​មួយ​សម្រាប់​អ្នក​សរសេរ​កម្មវិធីកុំព្យូទ័រ​ដើម្បី​អាច​ប្រើប្រាស់​បច្ចេកវិទ្យា blockchain តាមរយៈ​មជ្ឈមណ្ឌល​ទិន្នន័យ​នៅ​ក្រៅ​ប្រទេស​របស់ BSN ដើម្បី​អនុញ្ញាត​ឱ្យ​ពួកគេ​អាច​បង្កើត​កម្មវិធី​សម្រាប់​អាជីវកម្ម និង​ទី​ក្រុង​ដើរ​ដោយ​បច្ចេកវិទ្យា​ទំនើប​ឬហៅ​ថា «​ទីក្រុង​ឆ្លាតវៃ» (smart cities)។ ​ ស្ថាប័ន​ឈ្មោះ «សម្ព័ន្ធភាព BSN» បាន​ប្រកាស​នៅ​ក្នុង​សៀវភៅ​ស​កាលពី​ឆ្នាំ​មុន​ថា៖ «នៅ​ពេល​ដែល​បណ្តាញ BSN មាន​វត្តមាន​នៅ​ជុំវិញ​ពិភពលោក​ វា​នឹង​ក្លាយ​ជា​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ​សាកល​តែ​មួយ​គត់​ដែល​បង្កើត​ឡើង​ដោយ​ប្រទេស​ចិន ដែល​ការ​ចេញចូល​បណ្តាញ​នេះ​គឺ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ប្រទេស​ចិន»។ បច្ចេកវិទ្យា Blockchain គឺ​ជា​បណ្តាញ​ទិន្នន័យ​ពង្រាយ​នៅ​ច្រើន​កន្លែង​ ​ដែល​មាន​ការ​កត់ត្រា​ប្រកប​ដោយ​ទំនុក​ចិត្ត ដែល​ធ្វើ​ឱ្យ​រូបិយប័ណ្ណ​ឌីជីថល​ដូចជា bitcoin និង​ផលិតផល​ប្រភេទ​ថ្មីៗ​ដូចជា​អត្តសញ្ញាណ​ឌីជីថល អាច​នឹង​ដំណើរការ​បាន។ បច្ចេកវិទ្យា​នេះ​មាន​សក្តានុពល​ដើម្បី​បង្កើត​បណ្តាញ​ឌីជីថល​កាន់​តែ​មាន​តម្លាភាព និង​មាន​លក្ខណៈ​វិមជ្ឈការ។ ​ លោក Bill Foster តំណាងរាស្ត្រ​អាមេរិក​ដែលមាន​សញ្ញាបត្រ​ថ្នាក់​បណ្ឌិត​ផ្នែក​រូបវិទ្យា និង​ជា​មេដឹកនាំ​នៃ​ក្រុម​អ្នក​តំណាងរាស្ត្រ​អាមេរិកាំង​មួយ​ក្រុម​ដែល​សិក្សា​លើ​បច្ចេកវិទ្យា​ទំនើប​មួយ​នេះ។ លោក​បាន​ហៅ​បច្ចេកវិទ្យា blockchain ​នេះ​ថា​ជា «បច្ចេកវិទ្យា​ដែល​ដ៏​មាន​ឥទ្ធិពល ហើយ​នឹង​ផ្លាស់ប្តូរ​របៀប​យើង​ធ្វើ​អាជីវកម្ម​នៅ​ក្នុង​ស្ទើរ​តែ​គ្រប់​វិស័យ»។ បច្ចេកវិទ្យា Blockchain អាច​បង្កើត​ការ​កត់ត្រា​ដែល​កាន់​តែ​មាន​តម្លាភាព​ជាមួយ​នឹង​លេខ​កូដ​មាន​ការ​អនុញ្ញាត​ដើម្បី​បង្កើត​បណ្តាញ​ទិន្នន័យ​ប្រកប​ដោយ​ទំនុកចិត្ត។ ប៉ុន្តែ​ប្រព័ន្ធ​ blockchain របស់​ចិន​គឺ​ជា​ប្រព័ន្ធ​មាន​លក្ខណៈ​មជ្ឈការ ដែល​គ្រប់គ្រង​ដោយ​សម្ព័ន្ធភាព​ BSN។ សម្ព័ន្ធភាពនេះ​គឺ​ជា​បណ្តុំ​នៃក្រុមហ៊ុន​គ្រប់គ្រង​ដោយ​រដ្ឋ ​ដែល​បង្កើត​បច្ចេកវិទ្យា​ឌីជីថល​របស់​ខ្លួន និង​រក្សា​ការ​គ្រប់គ្រង​លើ​បណ្តាញ​ទិន្នន័យ​ទាំង​នោះ។ ប្រទេស​ចិន​សង្ឃឹម​ថា បណ្តាញ​គ្រប់គ្រង​មួយ​នេះ ដែល​ខ្លួន​និយាយ​ថា នឹង​ផ្តល់​ការ​ធ្វើ​អន្តរកម្ម​រវាង​កុំព្យូទ័រ​កាន់​តែ​ប្រសើរ និង​មាន​តម្លៃ​ទាប​ជាង​បច្ចេកវិទ្យា​ប្រកួតប្រជែង​ផ្សេង​ទៀត នឹង​ក្លាយ​ជា​ជម្រើស​ជា​ទីពេញចិត្ត​សម្រាប់​អាជីវកម្ម និង​រដ្ឋាភិបាល​នានា​ដែល​កំពុង​សាកល្បង​ប្រើប្រាស់​បច្ចេកវិទ្យា​នេះ។ ដោយ​មាន​ការ​គាំទ្រ​ពី​រដ្ឋាភិបាល​ចិន បណ្តាញ BSN បាន​ក្លាយ​ទៅ​ជា​ប្រព័ន្ធ​អេកូឡូស៊ី blockchain ធំ​ជាង​គេ​បំផុត​នៅ​ក្នុង​ពិភពលោក ដែល​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ដើរ​តួជា​ឆ្អឹង​ខ្នង​សម្រាប់​ការ​ភ្ជាប់​ទំនាក់ទំនង​ទៅ​វិញ​ទៅ​មក​ដ៏​មហិមា​ទាំង​នៅ​ក្នុង​ប្រទេស និង​ជុំវិញ​ពិភពលោក។ បណ្តាញ​នេះ​មាន​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​នៅ​ក្នុង​ទីក្រុង​ជាង​១០០រួច​ទៅ​ហើយ និង​ស្ថិត​នៅ​ក្នុង​ទ្វីប​ចំនួន៦។ បណ្តាញ​នេះ​សង្ឃឹម​ថា នឹង​ដាក់​ពង្រាយ​ទៅ​កាន់​ទីក្រុង​រហូត​ដល់​ជាង​២០០​បន្ថែម​ទៀត​នៅ​ត្រឹម​ឆ្នាំ​នេះ។​ អាទិភាព​ថ្នាក់​ជាតិ​របស់​ចិន ដូច​ការ​ពង្រីក​អំណាច​ប្រទេស​ក្នុង​កម្រិត​អន្តរជាតិ​យ៉ាង​ពុះកញ្ជ្រោល​ទៅ​លើ​បច្ចេកវិទ្យា​ទំនើប​ថ្មី​សំខាន់ៗ​ផ្សេង​ទៀត ដូចជា 5G និង​បញ្ញានិម្មិត AI ​ដែរ ប្រទេស​ចិន​បាន​ប្រកាស​ថា​បណ្តាញ blockchain ជា​បច្ចេកវិទ្យា​មាន​អាទិភាពថ្នាក់​ជាតិ​នៅ​ក្នុង​ឆ្នាំ២០១៦។ បច្ចេកវិទ្យា​នេះ​ត្រូវ​បាន​លើក​ឡើង​ពីរ​ដង​នៅ​ក្នុង​ផែនការ​សេដ្ឋកិច្ច​រយៈពេល​ប្រាំ​ឆ្នាំ​លើក​ទី១៣​របស់​ក្រុមប្រឹក្សា​រដ្ឋ​ចិន ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​នៅ​ក្នុង​ឆ្នាំ​នោះ។ លោក Kevin Werbach សាស្ត្រាចារ្យ​នៅ​សាលា Wharton នៃ​សាកលវិទ្យាល័យ Pennsylvania បាន​ប្រាប់​ VOA ថា៖ «ប្រទេស​ចិន​គឺ​ជា​រដ្ឋាភិបាល​ថ្នាក់​ជាតិ​ដ៏​ធំ​មួយ​ដែល​មាន​ភាព​សកម្ម​បំផុត​នៅ​ក្នុង​ពិភពលោក​ក្នុង​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា blockchain។ ប្រទេស​ចិន​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​មួយ​ចំនួន​តូច​ដែល​ចាត់​ទុក​បច្ចេកវិទ្យា blockchain ជា​បច្ចេកវិទ្យា​ទំនើប​ថ្មី​បែប​យុទ្ធសាស្ត្រ រួម​ជាមួយ​នឹង​បច្ចេកវិទ្យា​ផ្សេងៗ​ទៀត​ដូចជា បញ្ញា​និម្មិត និង​បណ្តាញ​ឥត​ខ្សែ 5G»។ នៅ​ពេល​នេះ​ ប្រទេស​ចិន​មាន​គម្រោង​ប្រើប្រាស់​បច្ចេកវិទ្យា blockchain ជាង​៧០០គម្រោង​ដែល​បាន​ចុះ​ឈ្មោះ​តាំង​ពី​ឆ្នាំ​មុន​ជាមួយ​នឹង​រដ្ឋបាល​អ៊ីនធឺណិត​របស់​ប្រទេស​ចិន។ បច្ចេកវិទ្យា blockchain ដែល​មាន​ចរិត​លក្ខណៈ​ចិន បណ្តាញ BSN ត្រូវ​បាន​បង្កើត​ឡើង​កាល​នៅ​ដើម​ឆ្នាំ​២០២០​នេះ នៅ​ពេល​ពិភពលោក​កំពុង​ប្រឈម​មុខ​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្នែក​នយោបាយ​ សេដ្ឋកិច្ច និង​សង្គម​ដ៏​ស្មុគស្មាញ​ដែល​បង្ក​ឡើង​ដោយ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩។ ជា​ផ្នែក​នៃ​យុទ្ធសាស្ត្រ​មេ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដើម្បី​ដឹកនាំ​ការ​ផ្លាស់ប្តូរ​ផ្នែក​ឌីជីថល​នៃ​សេដ្ឋកិច្ច​ពិភពលោក ផែនការ​គឺ​ត្រូវ​បង្កើត​បណ្តាញ​មួយ​ដែល​មាន​ប្រសិទ្ធភាព និង​តម្លៃ​ទាប ដើម្បី​ក្លាយ​ជា​អ្នក​ផ្គត់ផ្គង់​ស្ទើរ​ផ្តាច់​មុខ​នូវសេវា​ផ្ទុក​ទិន្នន័យ​កុំព្យូទ័រ​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា blockchain។ លោក Werbach ដែល​ធ្លាប់​បម្រើការ​ជា​អ្នក​ប្រឹក្សា​យោបល់​ឱ្យ​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ CIA លើ​កម្មវិធី​បណ្តុះបណ្តាល​បច្ចេកវិទ្យា​បាន​និយាយ​ថា៖ «ក្តីបារម្ភ​គឺ​ថា ការ​ផ្តោត​អារម្មណ៍​របស់​អ្នក​បង្កើតកម្មវិធី​កុំព្យូទ័រ​ និង​អ្នក​ប្រើប្រាស់​នឹង​ផ្លាស់ប្តូរ​ទៅ​កាន់​កម្មវិធី​របស់​ចិន ហើយ​ចិន​នឹង​ជំរុញ​ឱ្យ​មាន​ស្តង់ដារ​បច្ចេកទេស​ដើម្បី​ឆ្លុះបញ្ចាំង​ពី​ជំហរ​នៃ​គោលនយោបាយ​របស់​ខ្លួន»។ លោក Werbach បាន​និយាយ​ថា នេះ​ជា​មូលហេតុ​ដែល​វា​ជា​រឿងសំខាន់​ចំពោះ​រដ្ឋាភិបាល​ចិន​ ដែល​ប្រព័ន្ធ​បច្ចេកវិទ្យា blockchain សាកលនេះ​មាន​ភាព​ខុស​គ្នា​ពី​គំរូ​ចំហ​ដែល​សង្កត់​ធ្ងន់​លើ​វិមជ្ឈការ។ លោក Werbach ដែល​បាន​សរសេរ​របាយការណ៍​យ៉ាង​ច្រើន​អំពី​បច្ចេកវិទ្យា​ទំនើប​ថ្មីៗ​ ដូចជា​blockchain បាន​អះអាង​ថា ផល​ប៉ះពាល់​ខាង​ភូមិសាស្ត្រ​នយោបាយ​នៃ​បច្ចេកវិទ្យា​នេះគឺ​អាស្រ័យ​លើ​ថា​តើ​អ្នក​ណា​ជា​អ្នក​បង្កើត និង​អនុវត្ត​បច្ចេកវិទ្យា​នោះ។ លោក Werbach បាន​សរសេរ​នៅ​ក្នុង​អ៊ីមែល​មក​កាន់ VOA ថា៖ «ប្រទេស​ចិន​ផ្តោតអារម្មណ៍​ជាង​លើ​បច្ចេកវិទ្យា blockchains ដែល​មាន​ការ​អនុញ្ញាត​សម្រាប់​ការ​ប្រើប្រាស់​សម្រាប់​សហគ្រាស និង​នៅ​លើ​កម្មវិធី​ចិន ដែល​មាន​លទ្ធភាព​ក្នុង​ការ​ត្រួតពិនិត្យ និង​គោរព​តាម​ការ​ទាមទារ​របស់​រដ្ឋាភិបាល​ចិន»។​ សៀវភៅ​ស​ថ្មី​មួយ​ដែល​និពន្ធរួម​គ្នា​ដោយ​ក្រុមហ៊ុន​អាមេរិក Amazon Web Services ក្រុមហ៊ុន IBM ក្រុមហ៊ុន Deloitte និង​អ្នក​ស្រាវជ្រាវ​ផ្សេង​ទៀត​បាន​អះអាង​នៅ​ក្នុង​ខែ​ឧសភា​ថា យោធា​អាមេរិក​កំពុង​ចាញ់​ប្រទេស​ចិន និង​រុស្ស៊ី នៅ​ក្នុង​ការ​ប្រកួតប្រជែង​ខាងបច្ចេកវិទ្យា blockchain។ លោក Werbach បាន​និយាយ​ថា ប្រសិនបើ​អ្នក​តាក់តែង​គោលនយោបាយ​ និង​ក្រុមហ៊ុន​អាមេរិកាំង​មិន​ប្រកួតប្រជែង​សម្រាប់​អាជីវកម្ម​បច្ចេកវិទ្យា blockchain នោះ​ទេ «បច្ចេកវិទ្យា blockchain ដែល​មាន​ចរិត​លក្ខណៈ​ចិន​នឹង​កាន់​តែ​មាន​ភាព​ពេញនិយម»។ ផ្ទុយ​ទៅ​វិញ អ្នក​វិភាគ​មួយ​ចំនួន​នៅ​តែ​មិន​ជឿ​ថា ប្រទេស​ចិន​នឹង​ដឹកនាំ​ពិភពលោក​លើ​ផ្នែក​បច្ចេកវិទ្យា​នោះ​ទេ។ លោក Larry Wortzel សមាជិក​នៃ​គណៈកម្មការ​ពិនិត្យ​មើល​សន្តិសុខ និង​សេដ្ឋកិច្ច​អាមេរិក-ចិន​នៃ​សភា​ជាតិ​សហរដ្ឋ​អាមេរិក​បាន​សរសេរ​នៅ​ក្នុង​អ៊ីមែល​មក​កាន់​ VOA ថា ក្រុមហ៊ុន IBM និង​ក្រុមហ៊ុន​អាមេរិកាំង​ផ្សេង​ទៀត​មាន​បច្ចេកវិទ្យា​នេះ​ និង​ប្រើប្រាស់​វា​រួច​ហើយ។ លោក​បណ្ឌិត Wortzel បាន​និយាយ​ថា៖ «ខ្ញុំ​មិន​ជឿ​ថា សហរដ្ឋអាមេរិក​កំពុង​ចាញ់​ក្នុង​ការ​ប្រកួតប្រជែង​លើ​បច្ចេកវិទ្យា Blockchain នោះ​ទេ»។ នៅ​ក្នុង​បញ្ជី​ «ក្រុមហ៊ុន blockchain កំពូល​ចំនួន​៥០» ដែល​ចងក្រង​ដោយ​ទស្សនាវដ្តី Forbes កាលពី​ឆ្នាំ​មុន ក្រុមហ៊ុន Amazon របស់​អាមេរិក​ជាប់​ចំណាត់ថ្នាក់​លេខ​១​ ហើយ​ក្រុមហ៊ុន Ant Financial ដែល​ជា​ផ្នែក​នៃ​មហា​ក្រុមហ៊ុន Alibaba របស់​ចិន​ជាប់​លេខ២។ ក្នុង​ចំណោម​ក្រុមហ៊ុន​កំពូល​ទាំង​៥ ក្រុមហ៊ុន​២​ជា​ក្រុមហ៊ុន​អាមេរិកាំង ២ជា​ក្រុមហ៊ុន​ចិន និង​១ជា​ក្រុមហ៊ុន​របស់​អង់គ្លេស។​ លោក Martin Chorzempa អ្នក​ស្រាវជ្រាវ​នៅ​វិទ្យាស្ថាន Peterson សម្រាប់​សេដ្ឋកិច្ច​អន្តរជាតិ​បាន​ប្រាប់ VOA ថា ប្រាក់​ភាគច្រើន​ដែល​ចិន​កំពុង​ចំណាយ​នៅ​ក្នុង​ពិភពលោក​នឹង​ត្រូវ​ខ្ជះខ្ជាយ។ លោក​បាន​និយាយថា៖ «ដូច​យើង​បាន​ឃើញ​ពី​ការ​ប្រឆាំង​ជា​សាកល​នា​ពេល​ថ្មីៗ​ទៅ​លើ​ក្រុមហ៊ុន Huawei ជា​ពិសេស​នៅ​អូស្ត្រាលី និង​អឺរ៉ុប​នោះ ខ្ញុំ​មិន​យល់​ថា វា​អាច​ទៅ​រួច​នោះ​ទេ​ ដែល​ថា​ពិភពលោក​នឹង​ពឹងផ្អែក​លើ​បច្ចេកវិទ្យា​ហេដ្ឋារចនាសម្ព័ន្ធ blockchain របស់​ចិន​នោះ»៕

From វិទ្យាសាស្ត្រ បច្ចេកវិទ្យា - Voice of America | VOA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments