ថៃ​ត្រៀម​ធ្វើ​តេស្ត​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩ ដែល​ផលិត​ដោយ​ខ្លួន​ឯង ​លើ​ពលរដ្ឋ​ខ្លួន

By , Comment
Share on Facebook Tweet on Twitter
ប្រទេស​ថៃ​បាន​ប្រកាស​ថា​ ខ្លួន​អាច​នឹង​តៀម​ខ្លួន​រួច​រាល់​សម្រាប់​ការ​ចាប់​ផ្ដើម​ធ្វើ​តេស្ត​លើ​មនុស្ស​នូវ​វ៉ាក់​សាំង​បង្ការ​វីរុស​កូរ៉ូណា​ថ្មី​ នៅ​ក្នុង​ខែ​តុលា​ខាង​មុខ​ ក្រោយ​ពី​ការ​ធ្វើ​តេស្ត​លើ​សត្វ​កណ្ដុរ និង​សត្វ​ស្វា​បាន​សម្រេច​មក។ ​លោក Kiat Ruxrungtham ប្រធាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ​រក​វ៉ាក់​សាំង​ប្រចាំ​សាកលវិទ្យាល័យ Chulalongkorn ប្រទេស​ថៃ ដែល​ជា​អ្នក​ដឹកនាំ​ការ​ស្រាវជ្រាវ​នេះ​បាន​ឱ្យ​ដឹង​ថា៖ «យើង​រំពឹង​ថា [ការ​ធ្វើ​តេស្តនេះ] នឹង​អាច​កើត​ឡើង​នៅ​ក្នុង​ខែ​តុលា ឬ​នៅ​ត្រីមាស​ទី​បួន​នៅ​ក្នុង​ឆ្នាំ​នេះ»។​ លោក​បន្ថែម​ថា បើ​សិន​ជាគ្រប់​យ៉ាង​ដំណើរ​ការ​ល្អ ការ​ផលិត [វ៉ាក់សាំង] ទ្រង់​ទ្រាយ​ធំ​អាចចាប់​ផ្ដើម​ឡើង​នៅ​ត្រីមាស​ទី​បី និង​ទី​បួន​ឆ្នាំ​ក្រោយ។ អ្នក​វិទ្យាសាស្ត្រ​នៅ​ទូទាំង​ពិភព​លោក​ កំពុង​ប្រឹង​ប្រែង​បង្កើត​វ៉ាក់សាំង ដែល​អាច​បង្ការ​ជំងឺ​កូវីដ​១៩ ដោយ​សង្ឃឹម​ថា កាត់​បន្ថយ​ពេល​វេលា​នៃ​ការ​ផលិត​វ៉ាក់សាំង​ពី​រាប់​ឆ្នាំ​ មក​ត្រឹម​រាប់​ខែ​វិញ។ មក​ទល់នឹង​ពេល​នេះ មាន​ការ​ស្រាវ​ជ្រាវ​រក​វ៉ាក់សាំង​ប្រមាណ ចំនួន ១៨០។​ ការ​ធ្វើ​តេស្ត​រក​វ៉ាក់សាំងជាង​ ២០​ ករណី​បាន​ឈាន​ដល់​ការ​ធ្វើ​តេស្តលើ​មនុស្ស​រួច​ទៅ​ហើយ ក្នុង​នោះ​ប្រទេស​មួយ​ចំនួន គ្រោង​នឹងធ្វើ​ឱ្យ​វ៉ាក់សាំង​របស់​ខ្លួន​ទទួល​បានការ​អនុញ្ញាត​ឱ្យ​ប្រើ​ប្រាស់​នៅ​ចុង​ឆ្នាំ​នេះ។ ​ ភាគ​ច្រើន​ប្រទេស​នាំ​មុខ​ [ក្នុង​ការ​ស្រាវជ្រាវ​រក​វ៉ាក់សាំង​នេះ] ស្ថិត​នៅ​ក្នុងចំណោម​ប្រទេស​អ្នក​មាន​ ជា​ពិសេស​គឺ​ប្រទេស​លោក​ខាង​លិច ដែល​ការណ៍​នេះបង្ក​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ដល់​ប្រទេសមិន​សូវ​សម្បូរ​ធន​ធាន ត្រង់​ថា​ ការ​ស្រាវ​ជ្រាវ​របស់​ពួក​គេ​នឹង​មិនបាន​ផ្លែ​ផ្កា នៅ​ពេល​ដែល​វ៉ាក់សាំង​ត្រូវ​បាន​ប្រទេស​អ្នក​មាន​ផលិត​បាន​សម្រេច​មុន​ទៅ​ហើយ។ ប្រវត្តិសាស្ត្រ​ក្នុង​ពេល​ថ្មីៗ​នេះ បាន​ធ្វើ​ឱ្យ​ប្រទេស​ថៃព្រួយ​បារម្ភ។ នៅ​ពេល​ដែល​ជំងឺ​ផ្ដាសាយ​ជ្រូក​ H1N1 ​បាន​វាយ​លុកតំបន់​អាស៊ី​កាល​ពី​ឆ្នាំ ២០០៩ ​វ៉ាក់​សាំង​ត្រូវ​បាន​គេ​រក​ឃើញក្នុងអំឡុង​ពេល​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ។ ​ប្រទេស​ថៃ​បានចុះ​កិច្ចសន្យា​ជាមួយ​អ្នក​បង្កើត​វ៉ាក់សាំង​បរទេស​ ដើម្បី​ទិញ​វ៉ាក់សាំង​ចំនួន ២​ លាន​ដូស ប៉ុន្តែ​វ៉ាក់សាំង​ទាំង​នោះ​មក​ដល់​ក្រោយពេល​ដែល​ជំងឺ​រាត​ត្បាត​បាន​កន្លង​ហួស​បាត់​ទៅ​ហើយ។ នៅ​ពេល​ដែល​ជំងឺ​នេះ​កន្លង​ផុត​ទៅ​ វីរុស​បាន​ឆ្លងប្រជាជន​ថៃ​ចំនួន​ជាង ៤ ម៉ឺន ៧ ពាន់នាក់ ហើយ ៣៤៧ នាក់​បាន​ស្លាប់។ លោក Kiat បាន​និយាយ​ថា៖ «យើង​ទទួល​បាន​វា បន្ទាប់​ពី​រោគ​រាតត្បាត​បាន​កន្លង​ហួស​បាត់​ទៅ​ហើយ។ ដូច្នេះនេះ​គឺ​ជា​មេរៀន​មួយ​ដែល​យើង​បាន​រៀន»។ លោក Sophon Iamsirithavorn ប្រធាន​ផ្នែក​ជំងឺ​ឆ្លង​ប្រចាំ​ក្រសួង​សុខាភិបាល​ថៃ​ បាន​និយាយ​ថា មេរៀន​នោះគឺថា ប្រទេស​ថៃ​មិន​គួរ​ពឹង​ផ្អែកលើ​ប្រទេសផ្សេង​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹងរោគ​រាត​ត្បាត​ថ្មី​ទេ។ នេះ​គឺ​ជា​ហេតុ​ផលចម្បង​ ដែល​ជំរុញ​ដល់​ការ​រក​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវីដ​១៩។ ​ លោក​ថា៖ «ដោយ​សារ​តែ​តម្រូវ​ការ​វ៉ាក់សាំង​ខ្ពស់​ខ្លាំង បើ​សិន​ជា​ប្រទេស​ថៃ​អាច​បង្កើត​បានវ៉ាក់សាំង​បាន និង​មាន​ការ​ផលិត​នៅ​ក្នុង​ស្រុក នោះ​វា​នឹង​ធានាថា​នឹង​មាន​វ៉ាក់សាំង​គ្រប់គ្រាន់»។ លោក​ថ្លែង​ថា៖ «បើសិន​ជា​យើង​ចង់​ទិញ​វា​ពី​ក្រុមហ៊ុន​ផ្សេងៗ វា​អាច​នឹង​ចំណាយ​ពេល​យូរ​ ដើម្បី​ទទួល​បាន​វ៉ាក់​សាំង​ដែល​យើង​ត្រូវ​ការ​ឱ្យ​សមាមាត្រ​ទៅ​នឹង​ចំនួន​ប្រជាជន»។​ ការ​ធ្វើ​តេស្តនេះ​បាន​ធ្វើ​ឱ្យ​ប្រទេស​ថៃ​ក្លាយ​ជា​ប្រទេស​មួយ​ទៀត​ក្នុង​ចំណោម​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ក្នុង​ការ​តាម​ប្រមាញ់​រក​វ៉ាក់សាំង​ប្រឆាំង​វីរុស​កូរ៉ូណា។ លោក Kiat បាន​និយាយ​ថា​ វ៉ាក់សាំង​របស់​ក្រុម​លោក​បាន​បង្កើន​អង់ទីករ​បាន​ល្អ​ប្រឆាំង​នឹង​វីរុស​កូរ៉ូណា នៅ​ក្នុង​ការ​ធ្វើ​តេស្ត​លើ​សត្វ​កណ្ដុរ និង​សត្វ​ស្វា​ចំនួន​ពីរ​លើក។ ដើម្បី​វាស់​ស្ទង់​ពី​សក្ដានុពល​របស់​វា​នៅ​ក្នុង​ខ្លួន​មនុស្ស និង​ដើម្បី​ដឹង​ពី​កម្រិត​ដូស​ត្រឹម​ត្រូវ ពួក​គេ​នឹង​ចាប់​ផ្ដើម​ធ្វើ​តេស្ត​វ៉ាក់សាំង​លើ​អ្នក​ស្ម័គ្រ​ចិត្ត​ចំនួន ៩០ នាក់​ ដែល​មាន​អាយុ​ចាប់​ពី ១៨ ដល់ ៨០ ​ឆ្នាំ​ជាមួយ​ថ្នាំ​ដែល​មាន​ដូស​តិច មធ្យម និង​ច្រើន នៅ​ក្នុង​ពេល​ប៉ុន្មាន​ខែ​ខាង​មុខ។ បើ​សិន​ជាវ៉ាក់សាំង​បន្ត​បង្ហាញ​ពី​ប្រសិទ្ធភាព​របស់​វា ការ​ធ្វើ​តេស្ត​ជំហាន​ទី​ពីរ​លើ​អ្នកស្ម័គ្រ​ចិត្ត ១០០០ នាក់​នឹង​ត្រូវ​ចាប់​ផ្ដើម​នៅ​ដើម​ឆ្នាំ​ក្រោយ។ ជា​ធម្មតា​ ការ​ធ្វើ​តេស្ត​លើ​មនុស្ស​អាច​ឈាន​ដល់​ដំណាក់កាល​ទី​បី និង​ដំណាក់កាល​ចុង​ក្រោយ ជាមួយ​ការ​ចូល​រួម​របស់អ្នក​ស្ម័គ្រ​ចិត្ត​រាប់​ពាន់​នាក់។ ប៉ុន្តែ​ដោយ​សារ​តែ​ភាព​បន្ទាន់ លោក Kiat បាន​ឱ្យ​ដឹង​ថា រដ្ឋ​បាល​ចំណី​អាហារ និង​ឱសថ​របស់​ថៃ អាច​សម្រេច​ចិត្ត​រំលង​ដំណាក់កាល​នេះ ហើយ​អនុញ្ញាត​ឱ្យ​មានការ​ផលិត​ទ្រង់​ទ្រាយ​ធំ​ជា​បន្ទាន់​ បើ​សិន​ការ​ធ្វើ​តេស្ត​ដំណាក់​កាល​ទី​ពីរ​ដំណើរ​ការ​បាន​ល្អ ហើយ​រដ្ឋាភិបាល​ផ្សេងៗ​បាន​អនុម័ត​ឱ្យ​ប្រើ​វ៉ាក់សាំង ដែល​បង្កើត​ឡើង​ដោយ​ការ​ប្រើ​បច្ចេកវិទ្យា​ស្រដៀង​គ្នា។​ទោះ​ជា​យ៉ាង​នេះ​ក្ដី វ៉ាក់សាំង​ផ្សេង​ទៀត​ទំនង​ជា​មក​ដល់​ទីផ្សារ​យ៉ាង​រលូន មុន​ពេល​ដែល​ប្រទេស​ថៃ​អាច​ផលិត​វ៉ាក់សាំង​ដែល​បង្កើត​ឡើង​ដោយ​ខ្លួន​ឯង​បាន។ លោក Sophon បាន​ឱ្យ​ដឹង​ថា វិធី​ម្យ៉ាង​ទៀត​ដែលអាច​ឱ្យ​ប្រទេស​ថៃ​ទទួល​បាន​វ៉ាក់សាំង​គ្រប់​ដូស​ គឺ​ធ្វើ​កិច្ច​សន្យា​ជា​មួយ​អ្នក​ផលិត​វ៉ាក់សាំង​ ឱ្យ​ពួក​គេ​មក​ផលិត​នៅ​ក្នុង​ប្រទេស​ថៃ តាម​រយៈ​ការ​ផ្ទេរ​បច្ចេកវិទ្យា។ លោក Renu Garg មន្ត្រី​សុខាភិបាល​របស់​អង្គការ​សុខភាព​ពិភពលោក​ក្នុងប្រទេស​ថៃ​បាន​និយាយ​ថា​៖ «បើ​សិន​ជា​ម្នាក់​នៅ​ក្នុង​ចំណោមបេក្ខជន​ដែល​ជោគជ័យ​ត្រូវ​នឹង​សមត្ថភាព​នៅ​ក្នុង​ប្រទេស​ថៃ នោះ​ខ្ញុំ​គិត​ថា​ ការ​ផ្ទេរ​បច្ចេកវិទ្យា​អាច​ជា​វិធី​ដ៏​ល្អ​មួយ​ទៀត ដើម្បី​បង្កើន​ផលិតកម្មនៅ​ក្នុង​ប្រទេស​ថៃ និង​ដើម្បី​ទទួល​បាន​វ៉ាក់សាំង​ច្រើន​ដូស។​ អ្នក​ស្រាវជ្រាវ​រក​វ៉ាក់សាំង​នៅ​ក្នុង​ប្រទេស​លោក​ខាងលិច​មួយ​ចំនួន បាន​សន្យា​ថា​នឹងចែក​ចាយ​វ៉ាក់សាំង​របស់​ពួក​គេ​ឱ្យ​បាន​ទូលំទូលាយ និង​លឿន នៅ​ពេល​វ៉ាក់សាំង​រួច​រាល់។ វិទ្យាស្ថាន​ Serum របស់​ឥណ្ឌា​បាន​ឱ្យ​ដឹង​ថា ខ្លួន​នឹង​ចែក​ចាយ​វ៉ាក់សាំង​របស់​បេក្ខជន​នាំ​មុខ​នៅ​ចក្រភព​អង់គ្លេស ឱ្យ​បាន ១ ពាន់លាន​ដូស​ ដល់​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប និង​មធ្យម ហើយ ៤០% នៃ​វ៉ាក់សាំង​នឹង​ត្រូវ​បាន​ចែក​ចាយ​នៅ​ចុង​ឆ្នាំនេះ។ អង្គការ​សុខភាព​ពិភព​លោក ក៏​កំពុង​ធ្វើ​ការ​ជា​មួយ​នឹង​សម្ព័ន្ធ​សាកល​សម្រាប់​វ៉ាក់សាំង និង​ថ្នាំ​បង្ការ​ហៅ​កាត់ថា GAVI ដែល​ជួយ​ផ្ដល់​វ៉ាក់សាំង​ដល់​កុមារ​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍ លើ​គម្រោង​ដែល​ទំនង​ជា​អាច​ឱ្យ​ប្រទេស​អ្នក​មាន​ ចំណាយ​លើ​វ៉ាក់សាំង​សម្រាប់​ប្រទេស​ក្រីក្រ។ ​ពួក​គេ​សង្ឃឹម​ថា​ នឹង​ចែក​ចាយ​វ៉ាក់សាំង​ចំនួន ២ ពាន់​លាន​ដូស​ឱ្យ​បាន​ត្រឹម​ឆ្នាំ​ក្រោយ។ លោក Garg បាន​និយាយ​ថា ប្រទេស​ថៃ​បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍​ក្នុង​ការ​ទទួល​បាន​អត្ថប្រយោជន៍​នេះ ប៉ុន្តែ​លោក​បន្ថែម​ថា​ប្រទេស​នីមួយ​ៗ នឹង​ទទួល​បាន​វ៉ាក់សាំង​គ្រប់​គ្រាន់ មិន​លើសពី​២០% នៃ​ចំនួន​ប្រជាជន​សរុប​និង សង្ឃឹម​ថា​អាច​ផ្ដល់​ជូនគ្រប់​គ្រាន់ដល់​មន្ត្រីរាជការ​ និង​អ្នក​ដែល​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​ខ្ពស់។ ប្រទេស​ថៃ​នឹង​ចង់​បាន​ច្រើន​ជាង​នេះ។ កន្លង​មកនៅ​ក្នុង​ប្រទេស​នេះ​មាន​តែ​ករណី​ឆ្លង​វីរុស​កូរ៉ូណា​តិចជាង ៣៣០០​ ករណី​ប៉ុណ្ណោះ​ ក្នុង​ចំណោម​ប្រជាជន​សរុប​ជិត​ ៧០​ លាន​នាក់ ហើយ​លោក Sophon បាន​និយាយ​ថា ប្រទេស​នេះ​ពុំ​មាន​ស្ទើរ​តែ​ទាំង​ស្រុង​នូវ​ប្រព័ន្ធ​ការពារ​ពីការ​ឆ្លង​រាល​ដាល​ទ្រង់ទ្រាយ​ធំ។ ដើម្បី​ការពារ​ប្រទេស​បាន លោក​និយាយថា វា​នឹង​តម្រូវ​ឱ្យ​មាន​ការ​ផ្ដល់​វ៉ាក់សាំង​ដល់​មនុស្សពាក់​កណ្ដាល​ប្រទេស។ លោក Sophon បាន​និយាយ​ថា៖ «យើង​មាន​ចំនួន​ករណី​នៃ​ការ​ឆ្លង​ទាប ​ដូច្នេះ​ចំនួន​ប្រជាជន​ដែល​អាច​ឆ្លង​គឺមាន​ជាង ៩៥%។ ដូច្នេះ​បើ​សិនជា​ចង់​ឱ្យ​មាន​ការការពារ​រឹង​មាំ​នៅ​ក្នុង​ប្រទេស​ថៃ​ យើង​ត្រូវ​ការ​វ៉ាក់សាំង​យ៉ាងហោច​ណាស់ ៣០ លាន​ដូស»។ ដើម្បី​ឈាន​ដល់​ចំណុច​នេះ​បាន​ ប្រទេស​ថៃ​ជឿថា​ខ្លួន​ត្រូវតែ​ផលិត​វ៉ាក់​សាំង​ដោយ​ខ្លួន​ឯង៕ ប្រែសម្រួល​ដោយ​ សឿន វឌ្ឍនា

From វិទ្យាសាស្ត្រ បច្ចេកវិទ្យា - Voice of America | VOA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments