RFA | តំណាង​ឱ្យ​យុវជន​កម្ពុជា​កញ្ញា រ៉ូហ្សេត ទៅ​ស្វែង​យល់​អំពី​ប្រជាធិបតេយ្យ នៅ​ប្រទេស​ជប៉ុន | hot news

By , Comment
Share on Facebook Tweet on Twitter

តំណាង​យុវជន​កម្ពុជា​ចំនួន​ ១០​នាក់​ បាន​ទៅ​ស្វែង​យល់​អំពី​ប្រជាធិបតេយ្យ​ និង​ការ​បោះឆ្នោត​នៅ​ប្រទេស​ជប៉ុន ចំនួន ​៧​ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី​១៧ ​ដល់​ថ្ងៃ​ទី​២៥​ ខែ​កក្កដា។ ក្នុង​​នោះ មាន​តំណាង​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​កញ្ញា ស៊ិនចាន់ ពៅរ៉ូហ្សេត ក៏​បាន​ទៅ​ចូល​រួម​ក្នុង​ដំណើរ​ទស្សនៈ​កិច្ច​នេះ​ដែរ។

ដំណើរ​ទស្សនៈ​កិច្ច​នេះ​ ជា​កម្មវិធី​ផ្លាស់ប្ដូរ​យុវជន​មាន​ចំណាប់​អារម្មណ៍​ផ្នែក​នយោបាយ​នៅ​ជប៉ុន​លើក​ទី៣។

គេហទំព័រ​ហ្វេសប៊ុក​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​ឱ្យ​ដឹង​ថា ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ​ លោក​ ហូរីណូអ៊ុជិ (H.E. Horinouchi) បាន​រៀបចំ​ពិធី​ជូន​ដំណើរ​យុវជន​កម្ពុជា ដែល​មាន​ចំណាប់​អារម្មណ៍​ផ្នែក​នយោបាយ​ចំនួន ១០រូប ដែល​បាន​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន ដើម្បី​ពិនិត្យ​មើល​លទ្ធិប្រជាធិបតេយ្យ​នៅ​ប្រទេស​នេះ ពី​ថ្ងៃ​ទី ១៧ ដល់ ២៥ កក្កដា។ យុវជន​ទាំង​នោះ ​នឹង​បាន​ទៅ​ទស្សន​កិច្ច​នៅ​ខេត្ត​យ៉ាម៉ាហ្គាតា (Yamagata )​ដើម្បី​ពិនិត្យ​មើល​ប្រព័ន្ធ​បោះ​ឆ្នោត​នៅ​ប្រទេស​ជប៉ុន ជា​ពិសេស​ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា។

ចៅ​សង្កាត់​អូរចារ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ កញ្ញា ស៊ិន ចាន់ ពៅរ៉ូហ្សេត ដែល​បាន​ចូលរួម​នៅ​ក្នុង​ទស្សនៈ​កិច្ច​នេះ​ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២២​ កក្កដា​ថា ​ដំណើរ​ទស្សនៈ​កិច្ច​នេះ​ ជា​មោទនភាព​មួយ​របស់​កញ្ញា​ដែល​​បាន​ទៅ​ចូល​រួម​ស្វែង​យល់​អំពី​ប្រជាធិបតេយ្យ​នៅ​ជឿនលឿន​ និង​មាន​ប្រជាធិបតេយ្យ​ពេញលេញ។ កញ្ញា​រៀប​បន្ត​ថា​ នៅ​ជប៉ុន​អ្នក​ទៅ​បោះ​ឆ្នោត​ អាច​យក​កូន​ចូល​បាន​ ដោយ​សារ​គេ​ចង់​អោយ​កុមារ​ដឹង​ និង​ឃើញ​ការ​បោះ​ឆ្នោត​តាំង​ពី​ក្មេង។

ការ​រៀប​ចំ​ការិយាល័យ​បោះឆ្នោត​គឺ​ងាយស្រួល ដល់​គណ:ធម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​ និង​សាក្សី​អាច​មើល​ឃើញ​សកម្មភាព​អ្នកបោះឆ្នោត​បាន។ បន្ថែម​ពី​នេះ​លក្ខណៈ​ពិសេស​នៃ​ម៉ាស៊ីន​រាប់​សន្លឹក​ឆ្នោត​នៅ​ជប៉ុន គឺ​សន្លឹក​ឆ្នោត​រួម​នៅ​ពេល​គេ​ដាក់​ចូល​ទៅ​ក្នុង​ម៉ាស៊ីន វា​លោត​ចូល​ទៅ​ក្នុង​ប្រឡោះ​គណបក្ស ចំណែក​កុំព្យូទ័រ​លោត​ចំនួន​តួលេខ​ដែល​គណបក្ស​ទទួល​បាន មិន​ត្រឹម​តែ​ប៉ុណ្ណោះ​វា​លោត​ដល់​ទៅ​ឈ្មោះ​បេក្ខជន​ផង​ទៀត។ អំពី​ការ​បោះឆ្នោត​អ្នក​ដែល​បោះឆ្នោត​មុន​កាល​កំណត់​ត្រូវ​មាន​ហេតុផល​របស់​ខ្លួន សាក្សី​ក្នុង​ការបោះឆ្នោត ឬ​ជា​អ្នក​សង្កេតការណ៍​គឺ​ជា​ប្រជាពលរដ្ឋ​ទូទៅ។

ការ​បោះ​ជា​បុគ្គល ឬ​ជា​ឯកត្តនាម​​ត្រូវ​សរសេរ​ឈ្មោះ​បេក្ខជន ​រីឯ​ការ​បោះ​សមាមាត្រ​ ឬ​ការ​បោះឆ្នោត​តាម​បញ្ជី​រាយ​នាម​គណបក្ស​នយោបាយ​ក៏​អាច​សរសេរ​ឈ្មោះ​បេក្ខជន​បាន​ដែរ៖ «តែ​ចំពោះ​ទាំង​ដំណើរ​ការ​បោះ​ឆ្នោត​ ការ​ឃោសនា​ និង​ការ​រាប់​សន្លឹកឆ្នោត​គឺ មាន​ភាព​សុក្រឹត​មែនទែន ហើយ​សម្រាប់​ដែល​មក​ទស្សនៈ​កិច្ច​នេះ យល់​ឃើញ​ថា វា​ល្អ​សម្រាប់​កម្ពុជា​យើង ប្រសិន​ជា​យើង​មាន​ឱកាស​យើង​អាច​នឹង​ឈាន​ដូច​ប្រទេស​ជប៉ុន​ផង​ដែរ។ហើយ​ការ​មក​ទស្សនៈ​កិច្ច​នេះ​គឺ​រដ្ឋាភិបាល​ជប៉ុន​ នៅ​តែ​ទទួល​ស្គាល់​ថា​គណបក្ស​សង្គ្រោះ​ជាតិ​ជា​គណបក្ស​ដ៏​ធំ​ បន្ទាប់​ពី​គណបក្ស​ប្រជាជន​ដែល​កាន់​អំណាច​សព្វ​ថ្ងៃ​នេះ»

យុវជន​នៅ​ខេត្ត​បាត់ដំបង​ម្នាក់​ទៀត​ លោក សួន ចំរើន ថ្លែង​ថា លោក​ក៏​ធ្លាប់​បាន​ចូល​រួម​ក្នុង​ពិធី​នេះ​ម្ដង​ដែរ​ កាល​ពី​ខែ​មីនា​កន្លងទៅ ដោយ​​​យុវជន​​ដែល​បាន​ចូលរួម​​បាន​​ទស្សនកិច្ច​នៅ​ទីផ្សារ​មូលប័ត្រ​ដ៏​ធំ​របស់​ជប៉ុន និង​បាន​សិក្សា​អំពី​អំណាច​ទាំង​៣​នៃ​ការ​ដឹក​នាំ​រដ្ឋ​ រួម​មាន​អំណាច​នីតិប្បញ្ញត្តិ​ គឺ​រដ្ឋសភា​ នីតិប្រតិបត្តិ​ គឺ​ការ​ដឹក​នាំ​របស់​​គណៈរដ្ឋមន្ត្រី​និង តុលាការ​។ក្រៅ​ពី​នោះ​ ក្រុម​យុវជន​ក៏​បាន​ទៅ​សិក្សា​របៀប​បោះឆ្នោត​សំខាន់​ៗ​នៅ​ប្រទេស​ជប៉ុន​ដែរ៖ «គេ​ឱ្យ​យើង​យល់​អំពី​ប្រជាធិបតេយ្យ​ពិតប្រាកដ​នៅ​ស្រុក​គេ​ ដំណើរ​របៀបណា​ គេ​ធ្វើ​យ៉ាង​ណា​អីចឹង​ទៅ​ នេះ​ដែល​គេ​ចង់​បង្ហាញ​យើង។ ដូច​ខ្ញុំ​ត្រឡប់​មក​វិញ​ខ្ញុំ​បាន​សរសេរ​ព័ត៌មាន​ជា​ច្រើន​ពាក់ព័ន្ធ​ប្រទេស​ជប៉ុន ចំពោះ​កម្ពុជា គឺ​វា​មាន​ប្រយោជន៍​ច្រើន​ណាស់ ហើយ​មន្ត្រី​ដែល​ទទួល​យើង បើ​យើង​និយាយ​អំពី​បញ្ហា​ខ្មែរ​គេ​ដឹង​​យើង​ច្បាស់​ ហើយ​គាត់​ប្រើ​ពាក្យ​មួយ​ថា​ ជប៉ុន​រង់ចាំ​តែ​កៀក​ស្មា​ជា​មួយ​ខ្មែរ​ទេ សំខាន់​បើ​ជំហរ​អាម៉េរិកាំង​យ៉ាង​ម៉េច​គឺ​គេ​​ទៅ​តាម​នោះ​ហើយ»

អ្នក​សម្រប​សម្រួល និង​អង្កេត​នៃ​អង្គការ ខុមហ្វ្រែល (comfrel) លោក កន សាវាង្ស មាន​ប្រសាសន៍​ថា ដំណើរ​ទស្សនៈ​កិច្ច​នេះ​ជា​រឿង​ល្អ​ដល់​ក្រុម​យុវជន​គ្រប់​និន្នាការ​គណបក្ស​នយោបាយ ដែល​ពួក​គេ​​ជា​ទំពាំង​ស្នង​ឫស្សី​​​បន្ត​វេន​ដឹក​នាំ​ប្រទេស​ទៅ​ថ្ងៃ​អនាគត។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ ក៏​ជំរុញ​ឱ្យ​ស្ថាប័ន​រដ្ឋ​ ក្រុម​ហ៊ុន​ឯកជន និង​អង្គការ​សង្គម​ស៊ីវិល​នានា ធ្វើ​យ៉ាង​ណា​បញ្ជូន​ក្រុម​យុវជន​បាន​ទៅ​ស្វែង​យល់​អំពី​ប្រជាធិបតេយ្យ​នៅ​ប្រទេស​ជឿនលឿន​ឱ្យ​បាន​ច្រើន​បន្ថែម​ទៀត ដើម្បី​ជំរុញ​ឱ្យ​ប្រទេស​មាន​ការ​រីក​ចំរើន​បាន​ឆាប់​រហ័ស៖ «កុំ​ឱ្យ​អ្នក​នយោបាយ​ចាស់ៗ​បច្ចុប្បន្ន​ដែល​ធ្វើ​ឱ្យ​ស្ថានភាព​នឹង​វា​អត់​មាន​អី​ប្រែប្រួល​រីក​ចំរើន​សម្រាប់​ស្ថាប័ន​ទេ​ វា​មាន​តែ​រឿង​បក្ស​ពួក​និយម​ និង​រឿង​ប្រយោជន៍​ផ្ទាល់​ខ្លួន។ នេះ​ជា​ចំណុច​មួយ ដែល​គាត់​ត្រូវ​សិក្សា​ស្វែង​យល់​ ហើយ​រៀន​សូត្រ​បន្ថែម​ ហើយ​ចំណុច​ណា​ ដែល​មិន​ល្អ​អាច​ដើរ​ចេញ​ចាក​ឆ្ងាយ​ពី​អ្នក​នយោបាយ​ចាស់ៗ។ ប៉ុន្តែ​វា​មិន​មែន​ន័យ​ថា យើង​ទៅ​ទស្សនកិច្ច​ហើយ​យក​មក​អនុវត្ត​បាន ១០០​ភាគ​រយ​នោះ​ទេ ប៉ុន្តែ​យ៉ាង​ហោច​ណាស់​យើង​មាន​ចំណុច​ល្អ​ខ្លះ ដែល​យើង​យក​មក​ធ្វើ​ការ​សិក្សា»

កន្លង​មក​កញ្ញា ស៊ិន ចាន់​ពៅរ៉ូហ្សេត តែង​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ និង​ចោទ​ប្រកាន់​ឥត​ស្រាកស្រាន្ត​ពី​អាជ្ញាធរ​នៃ​របប​លោក ហ៊ុន សែន និង​មន្ត្រី​ជាន់​ខ្ពស់​របប​នេះ រួម​ទាំង​តំណាងរាស្ត្រ និង​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ផង ជុំវិញ​សកម្មភាព​បម្រើ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន ដែល​បាន​បោះ​ឆ្នោត​ឱ្យ​កញ្ញា។

ថ្មីៗ នេះ​ទៀត​សោត ក្រោយ​ពី​តុលាការ​បាន​កោះ​ហៅ ឱ្យ​កញ្ញា​ចូលខ្លួន​ទៅ​បំភ្លឺ រឿង​ហូប​នំ​បញ្ចុក​ជុំ​គ្នា កញ្ញា​រង​ការ​ចោទ​ប្រកាន់​ជា​សាធារណៈ និង​ដោយ​ចំហ នៅ​ចំពោះ​មុខ​រដ្ឋសភា​ពេញអង្គ នៃ​សភា​ឯក​បក្ស​របស់​របប​លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី៤ ខែ​កក្កដា ដែល​ក្នុង​នោះ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លោក អង្គ វង្សវឌ្ឍនា ចោទ​កញ្ញា​ថា បាន​បះបោរ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាត់​ប្រជាប្រិយភាព។

ទោះ​បី​ជា​មាន​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​យ៉ាង​នេះ​ក្ដី កញ្ញា​នៅ​តែ​រឹងមាំ​និង​ស្មោះស្ម័គ្រ​ជា​មួយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ប្រជាពលរដ្ឋ ដោយ​មិន​លក់​ឧត្ដមគតិ​របស់​ខ្លួន​ឡើយ។

កញ្ញា រ៉ូហ្សេត ប្ដេជ្ញា​​នឹង​នាំ​ចំណេះ​ដឹង​ដែល​បាន​សិក្សា​នេះ ទៅ​ចែករំលែក​ដល់​ពលរដ្ឋ និង​ក្រុម​យុវជន​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ ដើម្បី​ជួយ​ជំរុញ​ផ្នែក​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ និង​ឱ្យ​ពលរដ្ឋ​​បាន​យល់​ដឹង​អំពី​ផល​ប្រយោជន៍​របស់​ប្រជាធិបតេយ្យ​ប្រទេស​ជឿនលឿន ដើម្បី​ឱ្យ​ជួយ​ដល់​ការ​អភិវឌ្ឍន៍​ប្រទេស​ឱ្យ​មាន​ល្អ​ឡើង​វិញ​នៅ​លើ​ឆាក​អន្តរជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments