![]() |
លោក គឹម សុខ (ឆ្វេង) អ្នកឃ្លាំមើលសង្គម និងនយោបាយ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ)។ RFA |
ដោយ រាជ វិញ្ញូ RFA 2017-02-18
សង្គមស៊ីវិលដែលបំពេញការងារលើកកម្ពស់សិទ្ធិមនុស្សលើកឡើងថា ការសម្រេចចិត្តឃុំខ្លួនអ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយលោក គឹម សុខ ទាំងតក់ក្រហល់ គឺធ្វើឱ្យតុលាការកាន់តែរងការរិះគន់បន្ថែម ពីមហាជន និងសហគមន៍អន្តរជាតិ ថាខ្វះភាពឯករាជ្យ និងធ្វើតាមតែការបង្គាប់បញ្ជាពីរដ្ឋាភិបាលសព្វថ្ងៃ។ ការលើកឡើងនេះ ស្របពេលមានអន្តរជាតិខ្លះ បញ្ជាក់ថា ខ្លួនកំពុងតាមដានសំណុំរឿងលោក គឹម សុខ ដែលត្រូវបានតុលាការឃុំខ្លួននេះ។
ករណីឃុំខ្លួនបណ្ដោះអាសន្ន អ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយ លោក គឹម សុខ ត្រូវបានសង្គមស៊ីវិលយល់ថា ជាការរំលោភនីតិវិធី និង រំលោភសិទ្ធិបុគ្គល។
មន្ត្រីនាំពាក្យសមាគមអាដហុក (ADHOC) លោក សំ ច័ន្ទគា ថ្លែងថា ការបដិសេធសំណើសុំពន្យារពេល ដើម្បីរកមេធាវី និងសម្រេចចិត្តភ្លាមៗឃុំខ្លួន អ្នកឃ្លាំមើលសង្គម និងនយោបាយលោក គឹម សុខ ដោយតុលាការ គឺធ្វើឱ្យប៉ះពាល់សិទ្ធិទទួលបានយុត្តិធម៌ និងបានរំលោភរដ្ឋធម្មនុញ្ញ ក៏ដូចជាក្រមព្រហ្មទណ្ឌដែល អនុញ្ញាតឱ្យជនជាប់សង្ស័យ រកមេធាវី សម្រាប់ការពារក្ដីឱ្យខ្លួន។ លោកថា ការធ្វើផ្ទុយពីនីតិវិធីបែបនេះ គឺចង់គំរាមកំហែងអ្នកដែលហ៊ានបញ្ចេញមតិ៖ «ពាក់ព័ន្ធដល់សិទ្ធិទទួលបានយុត្តិធម៌ហើយ។ រដ្ឋធម្មនុញ្ញក៏ដូចជាក្រមព្រហ្មទណ្ឌមានចែងហើយ ហើយទង្វើនេះគឺគំរាមកំហែងអ្នកហ៊ានបញ្ចេញមតិ»។
លោកបន្តថា ការបញ្ចេញមតិរបស់លោក គឹម សុខ រហូតក្លាយជាទោសកំហុសធ្ងន់ធ្ងរ រហូតមិនអាចលើកលែងឱ្យបាននោះ គឺរដ្ឋាភិបាលមិនចង់ឱ្យពលរដ្ឋ ហ៊ានបញ្ចេញមតិទៀតឡើយ។ លោក សំ ច័ន្ទគា បន្ថែមថា ក្នុងនាមជាមន្ត្រីសាធារណៈ គួរតែទាមទារឱ្យមានការឆ្លើយបំភ្លឺបង្ហាញភាពជ្រះស្រឡះ ប្រសិនខ្លួនយល់ថា ការបញ្ចេញមតិណាមួយ ធ្វើឡើងមិនត្រឹមត្រូវ និងធ្វើឱ្យប៉ះពាល់ខ្លួន។
ឃ្លាំមើលបញ្ហាសង្គម និងនយោបាយ លោក គឹម សុខ ត្រូវបានតុលាការសម្រេចឃុំខ្លួនក្នុងពន្ធនាគារព្រៃស ជាបណ្ដោះអាសន្នកាលពីថ្ងៃទី១៧ កុម្ភៈ ពីបទញុះញង់ និងបរិហារកេរ្តិ៍បក្សកាន់អំណាច ជុំវិញករណីឃាតកម្មលោកបណ្ឌិត កែម ឡី។ ការឃុំខ្លួននេះ ត្រូវបានពលរដ្ឋជាច្រើន សម្ដែងការសោកស្ដាយ និងរិះគន់តុលាការ ថាជាឧបករណ៍ប្រើប្រាស់ដោយរដ្ឋាភិបាល និងមិនបានដើរតួនាទីផ្ដល់យុត្តិធម៌ឱ្យពលរដ្ឋទូទៅឡើយ។
ក្រៅពីការព្រួយបារម្ភរបស់ពលរដ្ឋ ចំណែកតំណាងពិសេសរបស់អង្គការសហប្រជាជាតិទទួល សិទ្ធិមនុស្សប្រចាំនៅកម្ពុជា អ្នកស្រី វ៉ាន់ហ៊ី លី (Wan-Hea Lee) ក៏សម្ដែងការព្រួយបារម្ភចំពោះការចាប់ខ្លួនអ្នកឃ្លាំមើលសង្គមរូបនេះ ទាំងមិនទាន់ឆ្លងកាត់ជំនុំជម្រះក្ដីពីតុលាការដែរ ហើយថាខ្លួននឹងបន្តតាមដានករណីនេះយ៉ាងយកចិត្តទុកដាក់។ ក្នុងសារអេឡិចត្រូនិករបស់អ្នកស្រី ផ្ញើមកអាស៊ីសេរី កាលពីថ្ងៃទី១៧ កុម្ភៈ អ្នកស្រីបន្តថា ភាពខ្វះខាតស្តង់ដារច្បាស់លាស់ក្នុងការចោទប្រកាន់ ពីបទបរិហារកេរ្តិ៍ គឺជាការរំលោភ ទាំងស្រុងទៅដល់សិទ្ធិរបស់បុគ្គលដែលហ៊ានបញ្ចេញមតិ។
ចំណែកមន្ត្រីនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ក៏បានបញ្ជាក់ប្រាប់អាស៊ីសេរី នៅថ្ងៃទី១៨ កុម្ភៈថា ខាងស្ថានទូត មិនទាន់បានអះអាងថា យ៉ាងណាឡើយជុំវិញករណីឃុំខ្លួនអ្នកវិភាគនេះ ក្រៅពីចង់បញ្ជាក់ថា ស្ថានទូតខ្លួន បានដឹងអំពីការឃុំខ្លួនលោក គឹម សុខ ហើយកំពុងតែតាមដានករណីនេះបន្ត។
ទោះជាបែបនេះក្ដី មន្ត្រីនាំពាក្យបក្សកាន់អំណាច លោក សុខ ឥសាន ឆ្លើយតបថា ការសម្រេចឃុំខ្លួនលោក គឹម សុខ គឺជាឆន្ទានុសិទ្ធរបស់តុលាការ និងមិនពាក់ព័ន្ធរដ្ឋាភិបាលឡើយ។ លើសពីនេះលោកថា ការលើកឡើងរបស់សង្គមស៊ីវិលដែលចោទថា តុលាការធ្វើខុសនីតីវិធី និងស្ថិតក្រោមការបញ្ជាពីរដ្ឋាភិបាល គឺជាសិទ្ធិលើកឡើងរបស់មន្ត្រីអង្គការសង្គមស៊ីវិលទាំងនោះ ហើយលោក មិនចាប់អារម្មណ៍នោះទេ៖ «ការធ្វើយ៉ាងម៉េច ក៏វាមិនត្រូវចិត្តអង្គការក្រៅរដ្ឋាភិបាលដែរ ដូច្នោះយើងមិនមានការចាប់អារម្មណ៍មតិពួកគាត់ទេ។ គាត់គ្មានសិទ្ធិអីទៅនិយាយឲ្យតុលាការទេ ពីព្រោះមិនមែនចង់ធ្វើអី ទៅសួរគាត់ថាឲ្យត្រូវ ឬមិនត្រូវទេ»។
ថ្វីត្បិតយ៉ាងនេះក្ដី នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ យល់ថា មិនមែនតែសំណុំរឿងលោក គឹម សុខ ដែលធ្វើឱ្យពលរដ្ឋរឹងមិនអាចជឿទុកចិត្តបាននេះទេ សូម្បីរឿងក្ដីផ្សេងៗទៀត រវាងអ្នកមាន និងអ្នកក្រ ក៏ពិបាកឱ្យតុលាការបច្ចុប្បន្ននេះ សម្រេចក្ដីដោយយុត្តិធម៌ដែរ។ លើសពីនេះ លោកថា ដើម្បីកុំឱ្យមានរិះគន់បន្ថែម រដ្ឋាភិបាលគួរស្នើឱ្យមានការឆ្លើយបំភ្លឺស្វែងរកការពិត និងមិនមែនបញ្ជូនរឿងនេះ ទៅដោះស្រាយនៅតុលាការទាំងតក់ក្រហល់ឡើយ៖ «សិទ្ធីសេរីនៃការសម្ដែងមតិ និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ទំនងមិនសូវរងការរិះគន់ទេ ប្រសិនបើមានយន្តការដេញដោលគ្នា ឬសុំឲ្យមានការបំភ្លឺកែសម្រួលពាក្យសម្ដីដែលអ្នកបញ្ចេញមតិបានលើកឡើង»។
ដោយឡែក សម្ព័ន្ធខ្មែរដើម្បីកិច្ចព្រមព្រៀងសន្តិភាពបារីសអំពីកម្ពុជា ដែលមានមូលដ្ឋានៅសហរដ្ឋអាមេរិក និងមានសាខានៅប្រទេសមួយចំនួនទៀត ដូចជានៅបារាំង ហូឡង់ដ៍ (Holand) និងកម្ពុជាជាដើម នៅថ្ងៃទី ១៧ កុម្ភៈ ស្នើឱ្យសហគមន៍អន្តរជាតិ មិនត្រូវរង់ចាំសម្ងំស្ងៀម ចំពោះករណីដែលត្រូវការអន្តរាគមន៍អន្តរជាតិ ជួយរកយុត្តិធម៌ឱ្យបានត្រឹមត្រូវ ដើម្បីបញ្ចប់ការរំលោភបំពានច្បាប់ទៀតឡើយ៕
From KI Media - Khmer Intelligence
via_IFTTT
0 Comments