
ដោយ បែន សុខហ៊ាន | ថ្ងៃព្រហស្បតិ៍ ទី 15 ខែធ្នូ ឆ្នាំ2016 | ខេមបូឌា ដេលី
យោងតាមអ្នកនាំពាក្យគណបក្សបានឱ្យដឹងថា លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិបានធ្វើដំណើរតាមយន្តហោះទៅប្រទេសថៃកាលពីម្សិលមិញ ដើម្បីព្យាបាលធ្មេញ ជាលើកដំបូងដែលអនុប្រធានគណបក្សប្រឆាំងរូបនេះបានចាកចេញពីប្រទេសកម្ពុជា ចាប់តាំងពីលោកទទួលបានព្រះរាជទានលើកលែងទោសកាលពីថ្ងៃទី២ ខែធ្នូមក។
លោក កឹម សុខា ត្រូវបានតុលាការផ្ដន្ទាទោសដោយកំបាំងមុខឱ្យជាប់ពន្ធនាគាររយៈពេល៥ខែកាលពីខែកញ្ញា ពីបទខកខានក្នុងការចូលខ្លួនទៅតុលាការសម្រាប់ការសាកសួរទាក់ទិនសំណុំរឿង ”សញ្ចរកម្ម” មួយដែលមជ្ឈដ្ឋានទូទៅមើលឃើញថា ជារឿងនយោបាយ។
បន្ទាប់ពីសម្ងំលាក់ខ្លួននៅក្នុងទីស្នាក់ការគណបក្សសង្គ្រោះជាតិជាច្រើនខែដើម្បីគេចពីការចាប់ខ្លួន លោកទទួលបានព្រះរាជទានលើកលែងទោសតាមសំណើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយបានចូលប្រជុំសភាវិញចាប់តាំងពីពេលនោះមក។
លោក យ៉ែម បុញ្ញរិទ្ធ អ្នកនាំពាក្យគណបក្សនេះបានមានប្រសាសន៍កាលពីម្សិលមិញថា លោក កឹម សុខា និងកញ្ញា កឹម មនោវិទ្យា កូនស្រីរបស់លោក និងជាអនុប្រធានកិច្ចការសាធារណៈរបស់គណបក្សសង្គ្រោះជាតិ បានឡើងជិះជើងយន្តហោះពេលព្រឹកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ហើយនឹងស្ថិតនៅក្រៅប្រទេសជាង១សប្ដាហ៍។
អ្នកនាំពាក្យរូបនេះបានគូសបញ្ជាក់ថា ”គាត់ទៅប្រទេសថៃដើម្បីពិនិត្យសុខភាព។ គាត់ឈឺធ្មេញខ្លាំង”។ លោកបានបន្តថា លោក កឹម សុខា គ្មានគម្រោងជួបជាមួយលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលតុលាការបានចេញដីកាឃាត់ខ្លួនកាលពីចុងឆ្នាំមុន និងដែលត្រូវបានរដ្ឋាភិបាលហាមឃាត់មិនឱ្យវិលត្រឡប់មកប្រទេសកម្ពុជាវិញនោះទេ៕ សុខុម
From KI Media - Khmer Intelligence
via_IFTTT
0 Comments