លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ប្រកាស​ផ្ទេរ​អំណាច​ឲ្យ​លោក ដូណាល់ ត្រាំ ដោយ​រលូន

By , Comment
Share on Facebook Tweet on Twitter
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក បារ៉ាក់ អូបាម៉ា (ស្ដាំ) (Barack Obama) ថ្លែង​នៅ​សេតវិមាន​នៃ​រដ្ឋធានី​វ៉ាស៊ីនតុន (Washington) ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ Photo AFP

ដោយ ជុន ច័ន្ទបុត្រ RFA 2016-11-10

លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ដែល​ពេល​នេះ​បាន​ក្លាយ​ទៅ​ជា​ប្រធានាធិបតី​ចាំ​ផ្ទះ ប្រកាស​មួយ​ថ្ងៃ​ក្រោយ​ពី​លោក ដូណាល់ ត្រាំ ជាប់​ឆ្នោត​ភ្លាម​ថា លោក​នឹង​ធានា​ឲ្យ​បាន​នូវ​ការ​ផ្ទេរ​អំណាច​មួយ​ដោយ​រលូន និង​ដោយ​សន្តិវិធី។

លោក ដូណាល់ ត្រាំ (Donald Trump) ដែល​ទើប​នឹង​ជាប់​ឆ្នោត ចូល​ជួប​ពិភាក្សា​គ្នា​អំពី​ការ​ផ្ទេរ​អំណាច​ជាមួយ​លោក បារ៉ាក់ អូបាម៉ា (Barack Obama) នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១០ វិច្ឆិកា នេះ នៅ​សេតវិមាន​នៃ​រដ្ឋធានី​វ៉ាស៊ីនតុន (Washington)។

លោក​ប្រធានាធិបតី​ចាំ​ផ្ទះ បារ៉ាក់ អូបាម៉ា ដែល​បាន​ទូរស័ព្ទ​ទៅ​អបអរ​សាទរ​លោក ដូណាល់ ត្រាំ ភ្លាម បន្ទាប់​ពី​បាន​ដំណឹង​ពី​ការ​ជាប់​ឆ្នោត​នេះ បញ្ជាក់​ថា លោក​នឹង​រៀបចំ​ការ​ផ្ទេរ​អំណាច​ជូន​លោក ត្រាំ ដោយ​រលូន ថ្វីត្បិតតែ​លោក​ទាំង​ពីរ​ធ្លាប់​មាន​ការ​ខ្វែង​គំនិត​គ្នា​ជាច្រើន​អន្លើ​ក៏ដោយ៖ «វា​មិន​មែន​ជា​ការ​សម្ងាត់​ទេ ដែល​លោក​ប្រធានាធិបតី​ទើប​នឹង​ជាប់​ឆ្នោត និង​ខ្ញុំ មាន​ទស្សនៈ​ខុស​គ្នា​មួយ​ចំនួន ដែល​គួរ​ឲ្យ​កត់​សម្គាល់ ក៏ប៉ុន្តែ​កាល​ពី ៨​ឆ្នាំ​មុន លោក​ប្រធានាធិបតី ហ្សក ប៊ូស (George W. Bush) និង​ខ្ញុំ ក៏​មាន​ទស្សនៈ​ខុស​គ្នា​ច្រើន​ដែរ ក៏ប៉ុន្តែ​ក្រុម​របស់​លោក​ប្រធានាធិបតី ហ្សក ប៊ូស រៀបចំ​ទទួល​យើង​ប្រកប​ដោយ​វិជ្ជាជីវៈ និង​ស្មោះ​ស្ម័គ្រ ដើម្បី​ធានា​ឲ្យ​បាន​ថា​មាន​ការ​ផ្ទេរ​អំណាច​មួយ​ដោយ​រលូន ដែល​អនុញ្ញាត​ឲ្យ​ក្រុម​របស់​យើង​អាច​ចាប់​ផ្ដើម​ធ្វើ​ការ​ភ្លាម»។


លោក​ប្រធានាធិបតី អូបាម៉ា ក៏​បាន​ទូរស័ព្ទ​ទៅ​អ្នកស្រី ហ៊ីលឡារី គ្លីនតុន (Hillary Clinton) ដែរ ដើម្បី សម្ដែង​ការ​កោត​សរសើរ​របស់​លោក ចំពោះ​ការ​ខិតខំ​ឃោសនា​រក​សំឡេង​ឆ្នោត​ដ៏​ស្វាហាប់​របស់​អ្នកស្រី។

រីឯ​អ្នកស្រី ហ៊ីលឡារី គ្លីនតុន វិញ ទោះ​បី​ជា​អ្នកស្រី​ធ្លាប់​ប្រឈម​មុខ​ជាមួយ​នឹង​លោក ដូណាល់ ត្រាំ ដែល​ពេល​ខ្លះ​ប្រកែក​គ្នា​តឹង​សរសៃ​ក ក្នុង​រយៈកាល​នៃ​ការ​ឃោសនា​រក​សំឡេង​ឆ្នោត​ក៏ដោយ ពេល​ដែល​អ្នកស្រី​ដឹង​ថា​អ្នកស្រី​ចាញ់​ឆ្នោត​ហើយ អ្នកស្រី​រូតរះ​អំពាវនាវ​ប្រាប់​អ្នក​គាំទ្រ​របស់​អ្នកស្រី ឲ្យ​គោរព​នូវ​លទ្ធផល​ឆ្នោត និង​ឲ្យ​បើក​បេះដូង​ទទួល​យក​លោក ដូណាល់ ត្រាំ ជា​មេ​ដឹកនាំ​របស់​ខ្លួន៖ «លោក ដូណាល់ ត្រាំ នឹង​ក្លាយ​ជា​ប្រធានាធិបតី​របស់​យើង។ យើង​ត្រូវ​បើក​ទ្រូង​ទទួល​គាត់ និង​ផ្តល់​ឱកាស​ជូន​គាត់​ក្នុង​ការ​ដឹកនាំ​ប្រទេស។ រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​យើង តម្រូវ​ឲ្យ​មាន​ការ​ផ្ទេរ​អំណាច​ដោយ​សន្តិវិធី។ ហើយ​យើង​មិន​ត្រឹម​តែ​គោរព​តាម​ច្បាប់​កំពូល​នេះ​ទេ យើង​ការពារ​ដោយ​ប្រយ័ត្នប្រយែង​បំផុត»។

បេក្ខភាព​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) មក​ពី​គណបក្ស​សាធារណរដ្ឋ ថ្លែង​ក្នុង​ពេល​ថ្ងៃ​បោះឆ្នោត​នា​ទីក្រុង​ញូវយ៉ក (New York) ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ Photo AFP

ដូច​គ្នា​ដែរ លោក ដូណាល់ ត្រាំ ដែល​ធ្លាប់​ជា​គូ​ប្រឆាំង​នឹង​អ្នកស្រី ប្រឆាំង​នឹង​ក្រុម​គាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ​ពេល​ដឹង​ថា​លោក​ឈ្នះ​ឆ្នោត​ភ្លាម លោក​សច្ចា​ជា​សាធារណៈ​ថា លោក​នឹង​ធ្វើ​ជា​ប្រធានាធិបតី​សម្រាប់​ពលរដ្ឋ​អាមេរិកាំង​ទាំងអស់៖ «ចំពោះ​អ្នក​គាំទ្រ​គណបក្ស​សាធារណរដ្ឋ និង​គណបក្ស​ប្រជាធិបតេយ្យ និង​គណបក្ស​ឯករាជ្យ​នៅ​ទូទាំង​ប្រជាជាតិ​ទាំងមូល ខ្ញុំ​សូម​ជម្រាប​ថា គឺ​ដល់​ពេល​ដែល​យើង​រួបរួម​គ្នា​ជា​មនុស្ស​តែ​មួយ​ហើយ»។

ទន្ទឹម​គ្នា​នោះ​ដែរ លោក​អំពាវនាវ​ដល់​អ្នក​ដែល​មិន​គាំទ្រ​លោក ឲ្យ​ជួយ​ផ្តល់​យោបល់​ជូន​លោក ដើម្បី​ឲ្យ​លោក​អាច​រួម​ដៃ​ជាមួយ​គ្នា​បាន៖ «ចំពោះ​លោក​អ្នក​ដែល​មិន​បាន​បោះឆ្នោត​គាំទ្រ​ខ្ញុំ ខ្ញុំ​សូម​បោះ​ដៃ​ទៅ​កាន់​លោក​អ្នក ដើម្បី​សូម​ឲ្យ​លោក​អ្នក​ជួយ​ណែនាំ​ឲ្យ​ខ្ញុំ​ដឹង​ថា តើ​ខ្ញុំ​ត្រូវ​ធ្វើ​បែប​ណា ដើម្បី​ឲ្យ​យើង​អាច​ធ្វើ​ការ​ជាមួយ​គ្នា​បាន ដើម្បី​បង្រួបបង្រួម​ប្រទេស​ជាតិ​ដ៏​រុងរឿង​របស់​យើង»។

គឺ​បរិយាកាស​បោះឆ្នោត​ដោយ​គ្មាន​ការ​គំរាម​កំហែង ការ​ផ្ទេរ​អំណាច​ដោយ​សន្តិវិធី និង​ស្មារតី​បង្រួបបង្រួម​ជាតិ​នេះ​ហើយ ដែល​មាន​ភាព​ខុស​គ្នា​ស្រឡះ​ពី​កម្ពុជា។ គេ​នៅ​ចាំ​បាន​ថា កាល​ពី​ឆ្នាំ​២០១៣ នៅ​យប់​រាប់​សន្លឹក​ឆ្នោត រដ្ឋាភិបាល​បាន​ចល័ត​រថក្រោះ និង​កង​កម្លាំង​ប្រដាប់​អាវុធ​ពេញ​ទីក្រុង។ អ្នក​ក្រុង​ភ្នំពេញ​ជ្រួល​ច្របល់ នាំ​គ្នា​វេច​បង្វេច​ស្វះស្វែង​ប្រមូល​កូន​ប្រមូល​ចៅ។ អ្នក​ខ្លះ​នាំ​គ្នា​ទិញ​ស្បៀង​អាហារ​ត្រៀម​ទុក ខ្លាច​មាន​ការ​បាញ់​បោះ​ទៀត​ផង។ ស្ថានការណ៍​ពេល​នោះ ត្រឡប់​ទៅ​ជា​ធូរស្រាល​វិញ បន្ទាប់​ពី​មន្ត្រី​រដ្ឋាភិបាល​ប្រកាស​ថា គណបក្ស​កាន់​អំណាច​ទទួល​បាន​សំឡេង​ឆ្នោត​លើស​គណបក្ស​ប្រឆាំង។

អ្នក​វិភាគ​នយោបាយ បណ្ឌិត មាស នី សង្ឃឹម​ថា រដ្ឋាភិបាល​នឹង​មិន​ធ្វើ​អំពើ​ដែល​បង្ក​ការ​ភ័យ​ខ្លាច​ដល់​ប្រជាពលរដ្ឋ​ទៀត​ទេ នៅ​ក្នុង​ការ​បោះឆ្នោត​នៅ​ឆ្នាំ​ខាង​មុខ​នេះ​នៅ​កម្ពុជា៖ «ខ្ញុំ​សង្ឃឹម​ថា​នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០១៧-២០១៨ នេះ ប្រហែល​ជា​រថក្រោះ​អី​ត្រូវ​ជួសជុល​ឲ្យ ហើយ​ពី​ឥឡូវ​ទៅ ហើយ​យក​ទៅ​ទុក​ឲ្យ​ស្រួល​ទៅ។ ហើយ​ក្នុង​ការ​ចល័ត​ទាហាន​អី អាច​រុះរើ​ទីតាំង​អី រុះរើ​ឲ្យ​ហើយ​ទៅ។ កុំ​នាំ​ធ្វើ​ក្នុង​ពេល​បោះឆ្នោត​អី ព្រោះ​អី​វា​ផ្តល់​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​សម្រាប់​ពលរដ្ឋ​ច្រើន​ណាស់។ ត្រង់​ហ្នឹង​ហើយ​ដែល​ពលរដ្ឋ​ចេះ​តែ​មាន​ការ​គិត​ថា តាម​ដែល​លោក កែម ឡី បាន​និយាយ​ថា កុំ​លេង​ខាំ​ស្លឹក​ត្រចៀក​គ្នា។ បើ​សិន​ជា​ធ្វើ​នយោបាយ​ឲ្យ​វា​ស្មើ​ភាព​គ្នា​ទៅ។ អា​ហ្នឹង​វា​ជា​រឿង​មួយ​សំខាន់»។

ងាក​មក​ការ​បោះឆ្នោត​នៅ​សហរដ្ឋ​អាមេរិក​វិញ​ម្តង អ្នក​ចាញ់​ឆ្នោត​តែង​មាន​ទម្លាប់​ឡើង​ថ្លែង​សុន្ទរកថា​ទទួល​យល់ព្រម​ចុះ​ចាញ់ ហើយ​ប្រកាស​ទទួល​យក​លទ្ធផល​ឆ្នោត និង​ស្វាគមន៍​អ្នក​ដែល​ជាប់​ឆ្នោត។ នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​នេះ ក៏​មិន​ខុស​ពី​ការ​បោះឆ្នោត​ចំនួន ៤៥​ដង​រួច​មក​ហើយ​នោះ​ទេ ថ្វីត្បិតតែ​អ្នកស្រី ហ៊ីលឡារី ទទួល​បាន​សំឡេង​ឆ្នោត ឬ​ដែល​ហៅ​ថា Popular Votes ច្រើន​ជាង​លោក ដូណាល់ ត្រាំ ក្តី តែ​ដោយ​គោរព​តាម​ច្បាប់​រដ្ឋធម្មនុញ្ញ​ដែល​យក​សំឡេង​ប្រតិភូ​តំណាង ឬ​ដែល​ហៅ​ថា Electoral Votes ជា​ផ្លូវ​ការ អ្នកស្រី និង​គណបក្ស​ប្រជាធិបតេយ្យ​របស់​អ្នកស្រី បាន​ប្រកាស​ទទួល​យក​លទ្ធផល​ឆ្នោត និង​ធានា​ថា​នឹង​ធ្វើ​អ្វីៗ​គ្រប់​បែប​យ៉ាង​ដើម្បី​ផ្ទេរ​អំណាច​ទៅ​ឲ្យ​អ្នក​ឈ្នះ​ដោយ​រលូន និង​ដោយ​សន្តិវិធី។

លោក ដូណាល់ ត្រាំ ដែល​ជា​ប្រធានាធិបតី​ជាប់​ឆ្នោត និង​ក្រុម​ការងារ​របស់​លោក មាន​ពេល​ប្រមាណ ១០​សប្ដាហ៍​រាប់​ពី​ពេល​នេះ​ទៅ​ក្នុង​ការ​ត្រៀម​រៀបចំ​ខ្លួន ដើម្បី​ស្បថ​ចូល​កាន់​តំណែង​ជា​ផ្លូវ​ការ​ជា​ប្រធានាធិបតី​ទី​៤៥ នៃ​សហរដ្ឋ​អាមេរិក។ ពិធី​ស្បថ​ចូល​កាន់​តំណែង​ប្រធានាធិបតី​របស់​លោក ដូណាល់ ត្រាំ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០១៧៕

From KI Media - Khmer Intelligence
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments