
ដោយ ជិន ជេដ្ឋា RFA 2016-11-10
អំបុកធ្វើពីស្រូវខ្សាយ ឬស្រូវដំណើប គឺជាប្រភេទចំណីមានរសជាតិឈ្ងុយឆ្ងាញ់ ហើយពលរដ្ឋខ្មែរនៅតែពេញនិយមទទួលទាន ជាពិសេសនៅរដូវបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក។ បច្ចុប្បន្នកសិករភាគច្រើនបោះបង់ការដាល់អំបុកហូបដោយខ្លួនឯង ស្របពេលអ្នកផលិតអំបុកលក់ក៏មានតិច ប៉ុន្តែកសិករខ្លះនៅខេត្តកំពង់ឆ្នាំង នៅតែឆ្លៀតចាប់យកមុខរបរដាល់អំបុកលក់។
កសិករជិត ១០គ្រួសារ រស់នៅភូមិត្រពាំងឫស្សី ឃុំព្រៃមូល ស្រុករលាប្អៀរ ឋិតនៅភាគខាងលិចទីរួមខេត្តកំពង់ឆ្នាំង ចម្ងាយជាង ១០គីឡូម៉ែត្រ កំពុងមមាញឹកដាល់អំបុកលក់។ កសិករអះអាងថា មុខរបរដាល់អំបុកនៅដើមរដូវច្រូតកាត់ឆ្នាំនេះបានកាក់កបគួរសម ដោយសារលក់ដាច់ និងមានម៉ូយរង់ចាំទិញយកទៅលក់បន្តរាល់ថ្ងៃ ក្នុង ១កំប៉ុងតម្លៃ ១.៥០០រៀល ឬថោកជាងនេះទៅតាមប្រភេទអំបុក។
កសិករម្នាក់ដែលដៃស្ដាំរវល់លីងស្រូវ ចំណែកដៃឆ្វេងកាន់ឈើឆ្កៀសអំបុកក្នុងត្បាល់ ដែលប្ដី និងកូនប្រុសជាអ្នកជាន់ លោកស្រី ហ៊ុន ឃៀម មានប្រសាសន៍ថា ក្នុងចំណោមកសិករ ៧គ្រួសារដែលកំពុងប្រកបរបរបុកអំបុកលក់នៅក្នុងភូមិត្រពាំងឫស្សី គឺមានតែគ្រួសារលោកស្រីទេដែលចាប់ផ្ដើមប្រកបមុខរបរនេះមុនគេ។ រយៈពេលជាងពីរខែ គឺចាប់ពីដើមខែតុលា ដល់ដើមខែធ្នូ នៃឆ្នាំនីមួយៗ ប្ដីប្រពន្ធ ព្រមទាំងកូនប្រុសរបស់គាត់ម្នាក់ អាចដាល់អំបុកលក់បានប្រាក់យ៉ាងតិចមួយលានរៀលដោយឆ្នាំខ្លះគាត់មានកម្លាំងធ្វើបានច្រើនលុយក៏បានច្រើនទៅតាមនោះដែរ តែបច្ចុប្បន្នកម្លាំងកាន់តែយ៉ាប់៖ «ពិបាកដែរជាន់ហត់ លីងក៏យ៉ាប់ ឈឺចង្កេះឈឺអ៊ីចឹងទៅ! កាលពីដើមឡើយខ្ញុំរស់នៅព្រៃវែង ដល់ហើយខ្ញុំមកទិញដីគេរស់នៅហ្នឹងទៅ ខ្ញុំចាប់ផ្ដើមជាន់អំបុកអ៊ីចឹងទៅ។ ទីផ្សារខ្ញុំមិនដែលទៅលក់ផង ខ្ញុំលក់នៅតែផ្ទះ ហើយជួនកាលទៅលក់នៅតាឡូ»។
លោកស្រី ហ៊ុន ឃៀម បញ្ជាក់ថា សព្វថ្ងៃគ្រួសារគាត់មានដីស្រែប្រហែលកន្លះហិកតារធ្វើស្រូវធ្ងន់ស្រាប់ទុកហូបប្រចាំឆ្នាំ ចំណែកស្រូវដែលយកមកបុកអំបុករាល់ថ្ងៃ គឺលោកស្រីទិញពីអ្នកភូមិ។ ក្នុងមួយថ្ងៃគាត់ដាល់អំបុកអស់ស្រូវប្រមាណ ៤០គីឡូក្រាម ហើយរយៈពេលបីថ្ងៃ ឬមួយសប្ដាហ៍ម្ដងគាត់ត្រូវចំណាយលុយចន្លោះពី ៥ម៉ឺន ទៅ ២០ម៉ឺនរៀល ដើម្បីទិញស្រូវមកដាល់អំបុកមិនដែលខានឡើយ។

ក្រុមកសិករដាល់អំបុកលក់អះអាងថា ក្នុងមួយរដូវគេអាចដាល់អំបុកអស់ស្រូវចន្លោះពី ៨០០គីឡូក្រាម ទៅពីរតោន ដោយស្រូវទាំងនោះជាប្រភេទស្រូវស្រាលទុំដើមដៃ ដូចជាពូជស្រូវផ្ការំដួល ផ្កាម្លិះ ឬស្រូវដំណើប ជាដើម។ កសិករបានប្ដូរទម្លាប់ពីបុកនឹងអង្រែជាមួយត្បាល់ឈើ មកជាន់ត្បាល់ក្ដឿងជំនួសវិញ ព្រោះអំបុកដែលជាន់ដោយត្បាល់ក្ដឿងសំប៉ែតល្អ ហើយដាក់ស្រូវបានច្រើនក្នុងម្ដងៗ។
ចំណែកកសិករដាល់អំបុកលក់នៅភូមិត្រពាំងឫស្សី ម្នាក់ទៀត លោក ឡេង យ៉ាន ឲ្យដឹងថា ការដាល់អំបុកនឹងត្បាល់ក្ដឿងឆាប់ហើយ និងមានគុណភាពល្អជាងបុកត្បាល់ឈើដោយអង្រែពីរ ព្រោះត្បាល់ជាន់ ឬត្បាល់ក្ដឿងជាប្រភេទឈើមិនមែនថ្មដូចពីសម័យមុនដែលអាចបែកកម្ទេចថ្មចូលអំបុក។ ចំពោះរសជាតិអំបុកឆ្ងាញ់ ឬមិនសូវឆ្ងាញ់ គឺអាស្រ័យលើប្រភេទស្រូវដែលយកមកដាល់៖ «អូ! អាហ្នឹងជាជំនាញតាំងពីដូនតាមកចេះតៗគ្នា។ បុកពីស្រូវផ្ការំដួលថ្មីៗ មានរសជាតិឈ្ងុយឆ្ងាញ់។ តាមយើងបុកទេ បើយើងខ្ញុំទៅបានមួយពាន់ដុល្លារ។ ពីរបីលាន (រៀល)។ ឥឡូវស្រួលចេះ ពីមុនបុកប៉ះដៃ បុកយូរៗទៅ ពងដៃឈាមរហេមរហាមតាមម្រាមដៃ ឥឡូវយើងប្រើត្បាល់ជាន់ម្ដង វាស្រួលអ៊ីចឹង»។
លោក ឡេង យ៉ាន ថា លោកចង់អភិរក្សនូវទំនៀមទម្លាប់បុកអំបុកដែលមានតាំងពីបុរាណនេះ តាមទ្រង់ដើមដោយប្រើអំបែងក្អមលីងគ្រាប់ស្រូវ និងប្រើត្បាល់ឈើខ្ពស់បុកដោយមនុស្សពីរ ឬបីនាក់កាន់អង្រែដោយផ្ទាល់។ ប៉ុន្តែបើលោកនៅតែអនុវត្តតាមចាស់បុរាណនោះ លោកនឹងមិនអាចដាល់អំបុកបានលក់នោះទេ ព្រោះការដាល់អំបុកនឹងអង្រែដៃអាចពងបែកដៃ ហើយចំណាយពេលយូរ។

ពលរដ្ឋម្នាក់រស់នៅក្រុងកំពង់ឆ្នាំង ដែលនិយមហូបអំបុក គឺលោកស្រី ជា ស៊ីថា មានប្រសាសន៍ថា អំបុកស្រូវចាស់ និងអំបុកស្រូវថ្មីខុសគ្នាទាំងតម្លៃ និងរសជាតិ។ លោកស្រីរំលឹកថា កាលពីនៅក្រមុំលោកស្រីធ្លាប់ដាល់អំបុកហូបខ្លួនឯងញឹកញាប់ ប៉ុន្តែអស់រយៈពេលជាច្រើនឆ្នាំមកនេះ លោកស្រីមិនដែលដាល់អំបុកខ្លួនឯងហូបនោះទេ ព្រោះនៅរដូវអំបុកលោកស្រីតែងតែទិញពីផ្សារមកហូប៖ «អត់ដឹងថា គេបុកស្រូវអី គ្រាន់តែដឹងថា អំបុកស្រូវចាស់ អាអំបុកស្រូវចាស់ហ្នឹងហើយអត់សូវឆ្ងាញ់ ហើយលក់ក៏ធូរថ្លៃដែរ បើអានោះពីរពាន់ (អំបុកស្រូវថ្មី) អានោះតែ ១.២០០រៀលអីទេ។ បើខែអកអំបុកថ្លៃណាស់ ឡើងមួយកំប៉ុង ២.៥០០រៀល ឬ ៣ពាន់រៀលណោះ»។
អ្នកទិញអំបុកពីផ្សារទៅហូប ឬយកទៅធ្វើពិធីសែនព្រះខែ ត្អូញត្អែរថា អំបុកខ្លះមានក្លិនផ្អួរ និងរឹងមិនឈ្ងុយប្រហើរដូចជាអំបុកស្រូវថ្មីដែលគេទើបច្រូតពីក្នុងស្រែលាយគ្រាប់ស្រូវទុំខ្លះ និងខ្ចីខ្លះយកទៅដាល់ភ្លាមៗនោះទេ។ ពលរដ្ឋថា អ្នកដាល់អំបុកលក់ខ្លះក៏បន្លំភ្នែកអ្នកទិញដែរ ដោយយកស្លឹកត្នោត ឬស្លឹកតយទៅដាល់ជាមួយអំបុកឲ្យចេញពណ៌ខៀវលើអំបុក ដើម្បីបន្លំថា ជាអំបុកស្រូវថ្មី។
ទោះជាយ៉ាងណាអាជីវករ និងជាអ្នកដាល់អំបុកផ្ទាល់ លោក ឡេង យ៉ាន បញ្ជាក់ថា កសិករផលិតអំបុកនៅភូមិត្រពាំងឫស្សី មិនរកស៊ីបន្លំភ្នែកអ្នកទិញនោះទេ ហើយអ្នកទិញភាគច្រើនក៏ស្គាល់ប្រភេទអំបុកស្រូវថ្មី ឬស្រូវចាស់ដែលគេត្រាំទឹកមុនយកទៅដាល់ជាអំបុក។ លោកថា អំបុករបស់អ្នកភូមិចាប់ផ្ដើមមានវត្តមាននៅលើទីផ្សារ និងដាក់លក់តាមមុខផ្ទះតែរយៈពេលប្រហែលពីរខែប៉ុណ្ណោះ៕
From KI Media - Khmer Intelligence
via_IFTTT
0 Comments