ពលរដ្ឋនិងសង្គមស៊ីវិលតាមដានវិធានការរបស់រដ្ឋមន្ត្រីលើអ្នកស្រី ស៊ុយ សុផាន
ដោយ ប្រាជ្ញ ចេវ RFA 2016-11-10
ពលរដ្ឋនិងសង្គមស៊ីវិលថា នឹងតាមដានចំពោះវិធានការរដ្ឋមន្ត្រីក្រសួងដែនដី ដែលប្រកាសថា នឹងកោះហៅអ្នកស្រី ស៊ុយ សុផាន មកដោះស្រាយបញ្ហាដីធ្លីជាង ១០០ករណី។ ចំណែកភាគីក្រសួងឲ្យដឹងថា មូលដ្ឋានដែលក្រសួងអាចកោះហៅអ្នកស្រី ស៊ុយ សុផាន មកឆ្លើយបំភ្លឺ ព្រោះទទួលបណ្តឹងពីក្រុមពលរដ្ឋ។
ជាក្តីសង្ឃឹមថ្មីរបស់ពលរដ្ឋនៅតំបន់បុរីកីឡា និងក្រុមសង្គមស៊ីវិល នៅពេលបានឃើញលោករដ្ឋមន្ត្រី ជា សុផារ៉ា ប្រកាសជាសាធារណៈអំពីការកោះហៅអគ្គនាយិកាក្រុមហ៊ុនផានអ៊ីម៉ិច (Phan Imex) អ្នកស្រី ស៊ុយ សុផាន ឬហៅថា យាយផាន មកដោះស្រាយបញ្ហាដីធ្លីក្រសួង នៅពេលខាងមុខ។ ក្តីសង្ឃឹមនោះ ព្រោះពួកគេមានជំនឿទៅលើលោក ជា សុផារ៉ា ដែលធ្លាប់មានស្នាដៃកន្លងមកលើការងាររបស់លោក។
ពលរដ្ឋសហគមន៍បុរីកីឡា លោកស្រី ង៉ូវ ណារី ដែលសព្វថ្ងៃមិនទទួលបានផ្ទះពីក្រុមហ៊ុនរបស់អ្នកស្រី ស៊ុយ សុផាន ដែលទទួលសិទ្ធិវិនិយោគតំបន់នេះប្រាប់ថា ប្រសិនបើការអះអាងនេះជាការសន្យារបស់សាលាក្រុងនោះលោកស្រីគ្មានជំនឿទេ។ ប៉ុន្តែនៅពេលលោកស្រីបានដឹងថា នោះជាការសន្យារបស់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា លោកស្រីមានក្ដីសង្ឃឹមឡើងវិញ៖ «»។
ពលរដ្ឋដដែលបន្តថា កន្លងមកសាលាក្រុងភ្នំពេញ ធ្លាប់កោះហៅអ្នកស្រី ស៊ុយ សុផាន និងក្រុមពលរដ្ឋបុរីកីឡា មកដោះស្រាយដែរ ប៉ុន្តែទទួលបានលទ្ធផលទេ។
ចំណែកលោក សៀ ភារម្យ នាយកលេខាធិការដ្ឋាននៃក្រុមការងារពិសេសសិទ្ធិលំនៅឋាន ឲ្យដឹងថា លោកនឹងតាមឃ្លាំមើលការអនុវត្តរបស់ការងាររបស់លោក ជា សុផារ៉ា ហើយលោកថែមទាំងក្តីរំពឹងថា ការហ៊ានប្រកាសថ្កោលទោសអ្នកស្រី ស៊ុយ សុផាន ជាសាធារណៈបែបនេះ លោកនឹងហ៊ានធ្វើដោយការអះអាង។ មន្ត្រីសង្គមស៊ីវិលដែលធ្វើការងារទាក់ទងជម្លោះដីធ្លីរូបនេះប្រាប់ទៀតថា កន្លងមកលោកមិនដែលឃើញរដ្ឋមន្ត្រីក្រសួងដែនដី ពោលទាំងរដ្ឋមន្ត្រីចាស់ និងរដ្ឋមន្ត្រីថ្មី គឺលោក ជា សុផារ៉ា កោះហៅឈ្មួញរកស៊ីដីធ្លីមកដោះស្រាយនៅក្រសួង ឬមានវិធានការលើក្រុមទាំងនោះទេ ប៉ុន្តែលោកសង្កេតឃើញថា ចាប់ពីលោក ជា សុផារ៉ា ឡើងកាន់តួនាទី ឃើញមានមន្ត្រីក្រសួងដែនដី ចុះទៅអង្កេតនៅពេលមានករណីជម្លោះដីធ្លី៖ «»។
ក្នុងពេលជួបប្រជុំពិភាក្សាស្តីពីគម្រោងអភិវឌ្ឍន៍អគារសប៊ូឌីង កាលពីថ្ងៃទី៨ ខែវិច្ឆិកា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា មានប្រសាសន៍ថា កាលពីលោកនៅធ្វើជាអភិបាលក្រុងភ្នំពេញ អ្នកស្រី ស៊ុយ សុផាន ធ្លាប់លោកបោកលោកម្តងរឿងយកលុយភាស៊ីផ្សារធំថ្មី ជាថ្នូរនឹងការសាងសង់ផ្លូវតំបន់នោះតែទីបំផុត អ្នកស្រី ស៊ុយ សុផាន មិនធ្វើតាមសន្យា។ លោកឲ្យដឹងទៀតថា សព្វថ្ងៃនេះ លោកមានករណីជម្លោះដីធ្លីជាង ១០០ករណី ទាក់ទងអ្នកស្រី ស៊ុយ សុផាន ហើយលោកនឹងកោះហៅនាយិកាក្រុមហ៊ុន ផានអ៊ីម៉ិច រូបនេះ មកក្រសួង ដើម្បីដោះស្រាយ៖ «»។
ភ្លាមៗនោះដែរ អ្នកស្រី ស៊ុយ សុផាន ផ្តល់បទសម្ភាសន៍ឲ្យអាស៊ីសេរីដឹងថា ប្រសិនបើក្រសួងដាក់លិខិតមកអ្នកស្រីជាផ្លូវការ អ្នកស្រីនឹងទៅឆ្លើយបំភ្លឺ។ ឈ្មួយល្បីឈ្មោះរូបនេះបន្តទៀតថា អ្នកស្រីពិតជាមានបញ្ហាទំនាស់ដីធ្លីជាមួយពលរដ្ឋមែន គឺប្រមាណ ១០០គ្រួសារ ដែលនៅជាប់នឹងព្រំប្រទល់ដីរបស់ខ្លួននៅសង្កាត់វាលស្បូវ ក្រុងភ្នំពេញ។ ប៉ុន្តែចំពោះបញ្ហាដីធ្លីជាមួយពលរដ្ឋបុរីកីឡា អ្នកស្រីអះអាងថា អ្នកស្រីបានដោះស្រាយចប់សព្វគ្រប់អស់ហើយ។
ប៉ុន្តែពលរដ្ឋសហគមន៍បុរីកីឡា លោកស្រី ង៉ូវ ណារី ដែលមិនទទួលបានផ្ទះក្រោយការបណ្តេញចេញរបស់អ្នកស្រី ស៊ុយ សុផាន ឲ្យដឹងថា យ៉ាងហោចណាស់ ពេលនេះមានជិត ៤០គ្រួសារទៀតនៅមិនទាន់ទទួលផ្ទះនៅឡើយ។
កាលពីឆ្នាំ២០១២ អាជ្ញាធរក្រុងភ្នំពេញ និងក្រុមហ៊ុនផានអ៊ីម៉ិច បានបណ្ដេញពលរដ្ឋចេញពីលំនៅឋានដើម្បីយកតំបន់បុរីកីឡា មកអភិវឌ្ឍ ដែលធ្វើឲ្យពលរដ្ឋប្រមាណ ១៤០គ្រួសារបាត់បង់ផ្ទះសំបែង។
អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សារុន ឫទ្ធា ឲ្យអាស៊ីសេរី ដឹងនៅថ្ងៃទី១០ ខែវិច្ឆិកា ថា ការដែលរដ្ឋមន្ត្រីគ្រោងកោះហៅអ្នកស្រី ស៊ុយ សុផាន មកដោះស្រាយដូចនេះ ព្រោះក្រសួងទទួលបានបណ្តឹងពីពលរដ្ឋ៕
From KI Media - Khmer Intelligence
via_IFTTT
0 Comments