ប្អូនប្រុសលោក កែម ឡី គឺលោក កែម រិទ្ធិសិត នៅក្នុងបរិវេណវត្តពោធិយារាម ហៅវត្តចាស់ កាលពី ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦។ Photo: RFA |
ដោយ វ៉ែន សុមេធ RFA 2018-03-28
គណបក្សទើបបង្កើតថ្មីមួយ ឈ្មោះគណបក្សខ្មែរតែមួយ ដែលគេស្គាល់ថា ជារបស់ប្អូនប្រុសលោកបណ្ឌិត កែម ឡី បានចេញមុខប្រកាសគាំទ្រចលនាសង្គ្រោះជាតិ របស់លោក សម រង្ស៊ី។ អ្នកវិភាគចាត់ទុកការប្រកាសរបស់អ្នកនាំពាក្យគណបក្សថ្មីនេះ គ្រាន់តែដើម្បីចំណេញនយោបាយ និងបញ្ឆោតអ្នកគាំទ្ររបស់បក្សប្រឆាំងតែប៉ុណ្ណោះ។
អ្នកវិភាគនយោបាយ មើលឃើញថា ការចេញមុខប្រកាសគាំទ្រចលនាសង្គ្រោះជាតិ ជាសាធារណៈ របស់អ្នកនាំពាក្យគណបក្សខ្មែរតែមួយ ជារឿងមិនគួរឲ្យជឿជាក់បាន និងមិនមែនជាចេតនាពិតប្រាកដ ក្នុងការជួយលោក សម រង្ស៊ី លោក កឹម សុខា និងអ្នកទោសមនសិការទៀតឲ្យបានរួចពីពន្ធនាគារនោះទេ។
អនុប្រធានគណបក្សទើបបង្កើតថ្មី ឈ្មោះគណបក្សខ្មែរតែមួយ គឺ លោក គុជ លី បានសរសេរនៅលើទំព័រហ្វេសប៊ុក (Facebook) របស់លោក កាលពីថ្ងៃទី២៧ មីនា ថា ដើម្បីផលប្រយោជន៍ជាតិខ្មែរ លោកតំណាងឲ្យគណបក្សខ្មែរតែមួយ សូមប្រកាសគាំទ្រ និងចូលរួមធ្វើសកម្មជាមួយចលនាសង្គ្រោះជាតិ ដឹកនាំដោយលោកប្រធាន សម រង្ស៊ី។
ប៉ុន្ដែ លោក គុជ លី បានអំពាវនាវឲ្យអ្នកគាំទ្រ និងសកម្មជនគណបក្សសង្គ្រោះជាតិ នៅក្នុងនិងក្រៅប្រទេស ឲ្យចូលរួមជាមួយគណបក្សថ្មីរបស់លោក ដើម្បីធ្វើបេសកកម្មរួមជាមួយចលនាសង្គ្រោះជាតិទាមទារឱ្យរបបក្រុងភ្នំពេញ ដឹកនាំដោយ លោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ត្រូវដោះស្រាយរឿងខ្មែរ និងខ្មែរ ដោយសន្តិវិធី។ ក្នុងនោះមានដូចជា ត្រូវផ្ដល់សិទិ្ធសេរីភាពឡើងវិញ ជូនលោកប្រធាន សម រង្ស៊ី និងលោកប្រធាន កឹម សុខា លោក មាជ សុវណ្ណារ៉ា និងអ្នកទោសមនសិការទាំងអស់។
ក្រៅពីសារនយោបាយទាំងនេះ លោក គុជ លី បានបង្ហោះរូបថតលោកជាមួយ លោក សម រង្ស៊ី លោក កឹម សុខា និងលោក យឹម សុវណ្ណ។ លោក គុជ លី បានសរសេរថា លោកប្រធាន សម រង្ស៊ី និង លោកប្រធាន កឹម សុខា ជាគ្រូនយោបាយដ៏ល្អសម្រាប់លោកជាអ្នកបន្ដវេន បើសិនគ្មានលោកទាំងពីរបានបង្រៀនទេ លោកក៏គ្មានថ្ងៃនេះដែរ។
អ្នកវិភាគលោក ហង្ស វិទូ យល់ថា ការប្រកាសនេះ គ្រាន់តែជាល្បិចរបស់អ្នកនយោបាយ បោកបញ្ឆោតអ្នកគាំទ្រគណបក្សប្រឆាំងប៉ុណ្ណោះ។ លោក ហង្ស វិទូ បន្ដថា អនុប្រធាន និងជាអ្នកនាំពាក្យឲ្យគណបក្សរបស់ប្អូនប្រុសលោកបណ្ឌិត កែម ឡី ធ្លាប់ជាសកម្មជនឆ្នើមរបស់គណបក្សកាន់អំណាច ដែលធ្លាប់ចេញមុខប្រឆាំងជាមួយលោក សម រង្ស៊ី។ ដូចនេះ ការប្រកាសរបស់លោក គុជ លី មិនមែនជាចេតនាល្អ និងស្មោះត្រង់ ជាមួយលោក សម រង្ស៊ី ទេ។ «»
អាស៊ីសេរីមិនទាន់អាចសុំការបំភ្លឺពីលោក សម រង្ស៊ី ឬមន្ត្រីជាន់ខ្ពស់ក្នុងជួរគណបក្សសង្គ្រោះជាតិបានទេ ជុំវិញការលើកឡើងរបស់អ្នកនាំពាក្យគណបក្សថ្មីនេះ។ អាស៊ីសេរីក៏មិនទាន់អាចសុំការបញ្ជាក់អំពីចំណាត់ការរបស់ក្រសួងមហាផ្ទៃ ទៅលើគណបក្សប្អូនប្រុសបណ្ឌិតកែម ឡី បានដែរ ជុំវិញការចេញមុខប្រកាសគាំទ្រចលនាសង្គ្រោះជាតិ នេះ។ ប៉ុន្តែ កាលពីថ្ងៃទី២៧ មីនា អគ្គស្នងការរងនគរបាលជាតិ និងជាមេប៉ូលិសក្រុងភ្នំពេញ លោក ជួន សុវណ្ណ បានបញ្ជាឱ្យសមត្ថកិច្ចទាំង ១២ខណ្ឌ ក្នុងរាជធានីភ្នំពេញ ត្រូវចាត់វិធានការទប់ស្កាត់ និងមិនអនុញ្ញាតឱ្យមានការប្រមូលផ្ដុំរបស់ចលនាសង្គ្រោះជាតិ ដែលលោកចាត់ទុកថា ជាសកម្មភាពខុសច្បាប់។ លោក ហ៊ុន សែន ក៏ធ្លាប់ប្រកាសឲ្យតាមចាប់ និងកម្ទេចអ្នកគាំទ្រចលនាសង្គ្រោះជាតិក្នុងប្រទេសកម្ពុជាដែរ។
អ្នកវិភាគនយោបាយ លោក ហង្ស វិទូ យល់ថា ការណ៍ដែលគណបក្សរបស់ប្អូនប្រុសលោកបណ្ឌិត កែម ឡី ហ៊ានចេញមុខប្រកាសគាំទ្រចលនាសង្គ្រោះជាតិ ដោយមិនខ្លាចរងការចាប់ខ្លួន ខុសពីមនុស្សដទៃទៀតនោះ វាអាចគ្រាន់តែជាការប្រកាសក្លែងក្លាយ ឬអាចជាអន្ទាក់នយោបាយ ល្បិចសាច់កម្ម វាយផងអង្អែលផង ដើម្បីបោកបញ្ឆោតទាញយកអ្នកគាំទ្រពីគណបក្សប្រឆាំង។ កន្លងមក គណបក្សរបស់ប្អូនប្រុសបណ្ឌិត កែម ឡី បានរងការរិះគន់ថា ជាគណបក្សថ្មីមួយទៀតដើម្បីបំបែកសំឡេងឆ្នោតរបស់គណបក្សប្រឆាំង របស់របបក្រុងភ្នំពេញ។ អ្នកវិភាគ បារម្ភថា ប្អូនប្រុសលោកបណ្ឌិត កែម ឡី អាចកំពុងត្រូវគេប្រើប្រាស់ ជាឧបករណ៍បម្រើឲ្យអ្នកនយោបាយ៕
From KI Media - Khmer Intelligence
via_IFTTT
0 Comments