សមាជិក​ជាន់ខ្ពស់​របប​កុម្មុយនិស្ត​វៀតណាម​ចង់​ឲ្យ​លោក ហ៊ុន សែន ចុះ​ចេញពី​តំណែង

By , Comment
Share on Facebook Tweet on Twitter
នាយករដ្ឋមន្ត្រី​វៀតណាម លោក ង្វៀង តាន់យុង (Nguyen Tan Dung) [ឆ្វេង] និង​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន សម្ពោធ​បង្គោល​ព្រំដែន​លេខ​៣០ និង​កំណត់​ផ្លូវ​ជាតិ ក្បែរ​ច្រក​ទ្វារ​ព្រំដែន​ក្នុង​ខេត្ត​រតនគិរី និង​ខេត្ត​យ៉ាឡាយ ប្រទេស​វៀតណាម កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៥។ Photo: RFA

ដោយ មាន ឫទ្ធិ RFA 2018-03-27

សមាជិក​ជាន់ខ្ពស់​របប​កុម្មុយនិស្ត​វៀតណាម បាន​សម្ដែង​អារម្មណ៍​មិន​ពេញចិត្ត​ទៅ​នឹង​ទង្វើ​លោក ហ៊ុន សែន និង​របប​ក្រុងភ្នំពេញ​បច្ចុប្បន្ន ដែល​បាន​ងាក​ទៅ​រក​មហាអំណាច​ចិន និង​បាន​ចាប់​បញ្ជូន​ជន​អន្តោប្រវេសន្ត​វៀតណាម​ខុសច្បាប់​ចេញពី​កម្ពុជា​ជា​បន្តបន្ទាប់។

អត្ថបទ​កាសែត​អនឡាញ Asia Times ដាក់​ចំណងជើង​ថា «លោក ហ៊ុន សែន កំពុង​ប្រឈម​មុខ​នឹង​ការ​បាត់បង់​សម្ព័ន្ធមិត្ត​ចាស់​របស់​ខ្លួន» ផ្សាយ​កាលពី​ថ្ងៃ​ទី​២៧ មីនា សរសេរ​ថា ប្រភព​ពី​ក្នុង​ជួរ​មន្ត្រី​របប​លោក ហ៊ុន សែន បាន​ទម្លាយ​ថា នៅ​ក្នុង​កិច្ចប្រជុំ​បិទទ្វារ​មួយ​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ កន្លងទៅ​នៅ​ប្រទេស​វៀតណាម មន្ត្រី​ជាន់ខ្ពស់​បក្ស​កុម្មុយនិស្ត វៀតណាម បាន​សម្ដែង​ការ​មិន​ពេញចិត្ត ហើយ​ថែមទាំង​បាន​ប្រាប់​ទៅ​លោក ហ៊ុន សែន ថា ត្រូវ​ចុះ​ចេញពី​តំណែង​ក្រោយ​ការ​បោះឆ្នោត​ខែ​កក្កដា ខាងមុខនេះ។

ប្រភព​ដែល​ស្និទ្ធ​នឹង​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បាន​កាសែត​ដែល​មាន​មូលដ្ឋាន​នៅ​ក្រុង​ហុងកុង​នេះ ស្រង់​ប្រសាសន៍​ថា វៀតណាម​បាន​ប្រាប់​ទៅ​លោក ហ៊ុន សែន ដោយ​ត្រង់ៗ និង​មិនមែន​ជា​បែប​ការទូត​ថា លោក ហ៊ុន សែន បាន​កាន់អំណាច​យូរ​ពេក​ហើយ ហើយ​ថា ដល់ពេល​វេលា​ដែល​លោក ត្រូវ​ចុះ​ចេញពី​អំណាច​ហើយ។ ប្រភព​ពី​មន្ត្រី​ដដែល​នោះ បន្ត​ថា បញ្ហា​ចម្បងៗ​ចំនួន​ពីរ ដែល​ធ្វើ​ឲ្យ​វៀតណាម​មានការ​ខឹងសម្បា​នឹង​លោក ហ៊ុន សែន កាន់​តែ​ខ្លាំង​នោះ​គឺ ទីមួយ ការណ៍​ដែល​លោក ហ៊ុន សែន ងាក​ទៅ​ឱប​ក្រសោប​មហាអំណាច​ចិន​កាន់​ខ្លាំង និង​ទី​ពីរ ការ​ចាប់​បញ្ជូន​ពលរដ្ឋ​វៀតណាម ដែល​រស់នៅ​ខុសច្បាប់ ចេញពី​កម្ពុជា​មកកាន់​ប្រទេស​វៀតណាម​វិញ។ កាសែត Asia Times គូស​បញ្ជាក់​ថា ប្រភព​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​ចំណង​ស្និទ្ធ​នឹង​វៀតណាម បាន​បញ្ជាក់​អំពី​ជំនួប​នោះ ថា ពិតជា​មានការ​លើកឡើង​ដូច្នោះ​មែន។

កាសែត​ដដែល​នេះ ក៏​បាន​ស្រង់​ប្រភព​មួយ​ផ្សេងទៀត​ដែល​បាន​អះអាង​ថា វៀតណាម មិន​យល់ស្រប​នឹង​វិធី​ដែល​លោក ហ៊ុន សែន បាន​សម្រេច​រម្លាយ​ចោល​គណបក្សប្រឆាំង គឺ​គណបក្ស​សង្គ្រោះជាតិ ដែល​បណ្ដាល​ឲ្យ​របប​ដឹកនាំ​សព្វថ្ងៃ​ក្លាយ​ជា​របប​ឯកបក្ស។ ប្រភព​ថា វៀតណាម បារម្ភ​ថា ការ​បោះឆ្នោត​ជាតិ​ខែ​កក្កដា​ខាងមុខនេះ នឹង​ក្លាយ​ជា​រឿងរ៉ាវ​ដ៏​អាម៉ាស់​មួយ​សម្រាប់​ពិភពលោក ហើយ​ថា​របប​ក្រុងភ្នំពេញ នឹង​ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ឯកា​ពី​អន្តរជាតិ នៅ​ក្រោយ​ការ​បោះឆ្នោត​ខាងមុខនេះ។

អតីត​កម្មាភិបាល​ខ្មែរក្រហម លោក ហ៊ុន សែន ធ្លាប់​ជា​សម្ព័ន្ធ​មិត្រ​ចាក់​ទឹក​មិន​លេច និង​មាន​សម្ពន្ធភាព​ពិសេស​ជាមួយ​របប​ក្រុង​ហាណូយ ក្រោយ​ពេល​ដែល​លោក​ត្រូវ​បាន​ប្រទេស​វៀតណាម លើក​បន្តុប​ឲ្យ​ឡើង​កាន់​អំណាច ក្រោយពេល​ផ្ដួល​រលំ​ទៅ​នៃ​របប​ខ្មែរក្រហម កាលពី​ចុង​ទសវត្ស​ទី​៧០ និង​ដើម​ទសវត្ស​ទី​៨០។ កាល​ពី​ពេល​ថ្មីៗ​នេះ លោក ហ៊ុន សែន ធ្លាប់​ចោទសួរ​ទៅ​វៀតណាម​ពី​ភាព​ស្មោះត្រង់​នឹង​គណបក្ស​ប្រជាជន​កម្ពុជា ក្រោយ​រូបភាព​ជួប​​​គ្នា​រវាង​លោក សម រង្ស៊ី និង​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​វៀតណាម ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​តាម​បណ្ដាញ​សង្គម​រួចមក៕

From KI Media - Khmer Intelligence
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments