![]() |
អាជ្ញាធរចុះហាមឃាត់វេទិកាសាធារណៈដែលរៀបចំឡើងដោយសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា ជាមួយនឹងពលរដ្ឋមានទំនាស់ដីធ្លី នៅឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។Photo of Theng Savoeun |
ដោយ វ៉ែន សុមេធ RFA 2018-03-18
អាជ្ញាធរស្រុករមាសហែក ខេត្តស្វាយរៀង បិទវេទិកាសាធារណៈមួយកន្លែងទៀតដែលរៀបចំឡើយដោយសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) និងពលរដ្ឋមានទំនាស់ដីធ្លី នៅថ្ងៃសៅរ៍ ទី១៧ ខែមីនា។ ពលរដ្ឋ និងមន្ត្រីសមាគម យល់ថាអាជ្ញាធរមូលដ្ឋាន កំពុងរំលោភសិទ្ធិពលរដ្ឋ និងរំលោភ ច្បាប់ជាតិ-អន្តរជាតិ។
អគ្គលេខាធិការរងនៃសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) លោក ម៉ឺន រតនា ឲ្យដឹងថា វេទិកាសាធារណៈលើកទី២នេះ ធ្វើឡើងក្រោមប្រធានបទស្ដីពីការទទួលបានសេវាកិច្ចការគាំពារសង្គមហៅកាត់ ប.ស.ស ត្រូវបានអាជ្ញាធរ ចុះមកបិទម្ដងទៀត។ វេទិកានេះ រៀបចំនៅនៅឃុំអណ្តូងត្របែក ស្រុករមាសហែក ដោយមានសមាជិកចូលរួមជាង ៤០នាក់។
លោកបន្តថា មន្ត្រីនគរបាលឃុំ និងស្រុកប្រហែល ៥ នាក់បានមកសួររកលិខិតអនុញ្ញាតពីអាជ្ញាធរខេត្តស្វាយរៀង ហើយលោកក៏បានប្រាប់ និងបង្ហាញលិខិតជូនដំណឹងដល់អាជ្ញាធរដែរ ប៉ុន្តែ អាជ្ញាធរ នៅតែអោយបញ្ឈប់។ «»
តំណាងសហគមន៍ដីធ្លីអណ្ដូងត្របែក លោក ឡូញ ថា ឲ្យដឹងថា អំឡុងពេលអាជ្ញាធរចុះរារាំងនោះ ក៏មានការប្រកែកតវ៉ាដែរ ប៉ុន្តែពុំមានអំពើហិង្សាកើតឡើងទេ។ លោកសោកស្ដាយ ដែលអាជ្ញាធរ រឹតត្បិតសិទ្ធិសេរីភាពពលរដ្ឋមិនអោយជួបជុំសូម្បីទ្រង់ទ្រាយតូច ដើម្បីយល់ដឹងអំពី របៀបទៅចុះឈ្មោះយកប័ណ្ណប.ស.ស ដូចនិយោជកដទៃទៀតក្ដី។
កាលពីថ្ងៃទី១៥ ខែមីនា អាជ្ញាធរនៅឃុំអម្ពិល ស្រុករមាសហែក ក៏បានចុះរារាំងពលរដ្ឋ និងកសិករប្រមាណ៤០នាក់ មិនអោយជួបជុំជាមួយសមាគមមួយនេះ ក្រោមមូលហេតុដូចគ្នាដែរ។
មេឃុំអណ្ដូងត្របែក លោក គង់ វិត ប្រាប់អាស៊ីសេរីថា លោកមិនបានដឹងអំពីករណីនេះទេ ព្រោះ លោករវល់ទៅប្រជុំនៅខេត្ត ដូច្នេះលោកសុំមិនឆ្លើយតបអ្វីឡើយ។ កាលពីថ្ងៃទី១៣ ខែមីនា លោកគង់ វិត និងមន្ត្រីនគរបាល ក៏បានហៅតំណាងសហគមន៍ទំនាស់ដីធ្លីចំនួន៤ នាក់ទៅ សាកសួរជុំវិញករណីប្រជាពលរដ្ឋឡើងមកប្រមូលផ្ដុំគ្នាជាមួយពលរដ្ឋ ២៦សហគមន៍មក ពីខេត្តចំនួន៤ ប្រមាណ៣០០នាក់ ដើរដាក់ញត្តិនៅទីស្ដីការគណៈរដ្ឋមន្ត្រីក្រសួង រៀបចំដែនដី និងរដ្ឋសភា កាលពីថ្ងៃទី១២ ខែមីនា ដើម្បីសុំអន្តរាគមន៍ដោះស្រាយវិវាទ ដីធ្លីរបស់ពួកគេ។
អភិបាលខេត្តស្វាយរៀង លោក ម៉ែន វិបុល មានប្រសាសន៍ថា លោកមិនបានដឹងករណីនេះទេ ប៉ុន្តែ ប្រសិនបើពួកគេ បានសុំច្បាប់ពីអាជ្ញាធរភូមិ-ឃុំនោះគឺនឹងគ្មានការរារាំងឡើយ។ លោកនឹងសួរនាំ ទៅអាជ្ញាធរមូលដ្ឋានអំពីរឿងនេះ។ «»
ករណីនេះ ពលរដ្ឋនិងមន្ត្រីសមាគម មានការងឿងឆ្ងល់ចំពោះការឆ្លើយដាក់គ្នាចុះឡើង រវាងអាជ្ញាធរ ថ្នាក់ក្រោម និងថ្នាក់លើ ព្រោះខាងអាជ្ញាធរឃុំបញ្ជាក់ថា ត្រូវមានលិខិតអនុញ្ញាតពីខេត្ត តែខាង អាជ្ញាធរខេត្តថា ត្រូវសុំច្បាប់ពីភូមិ-ឃុំវិញ។
កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ អភិបាលរងខេត្តស្វាយរៀង លោក ពេជ សារ៉ាន់ បានចេញ លិខិតអនុញ្ញាតអោយសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) ចុះធ្វើសកម្មភាពរបស់ខ្លួន តាមបណ្ដាឃុំក្នុងស្រុកគោលដៅចំនួន៤ គឺស្រុករមាសហែក ស្រុកស្វាយជ្រុំ ស្រុកចន្ទ្រា និងស្រុក រំដួល។ គម្រោងរបស់សមាគមនេះ មានដូចជា ៖ កម្មវិធីចងក្រង និងពង្រឹងសហគមន៍ កម្មវិធីបណ្ដុះបណ្ដាល និងពង្រឹងសមត្ថភាព និងលើកកម្ពស់សិទ្ធអំណាច សហគមន៍ កម្មវិធីចងបណ្ដាញ និងកិច្ចសហការដោះស្រាយវិវាទ ឬបញ្ហាប្រឈម និងសកម្មភាពជួយសមាជិកសហគមន៍ និងកម្មវិធីលើកកម្ពស់ជីវភាពរស់នៅរបស់សមាជិកតាមរយៈការផ្ដល់ជំនាញកសិកម្មជាដើម។ លោក ពេជ សារ៉ាន់ ក៏ស្នើឲ្យអភិបាលស្រុកទាំង៤ ជួយសម្របសម្រួលទៀតផង ប៉ុន្តែរាល់ពេលសមាគមនេះ ចុះធ្វើសកម្មភាពតែងតែត្រូវបានអាជ្ញាធរមូលដ្ឋានរារាំងជាបន្តបន្ទាប់។
អគ្គលេខាធិការរងនៃសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) លោក ម៉ឺន រតនា យល់ថា វាគឺជាចេតនារបស់អាជ្ញាធរ ក្នុងការរឹតត្បិតដល់សេរីភាពនៃការជួបប្រជុំ និងសេរីភាពសមាគមនៅកម្ពុជាដែលធានាដោយច្បាប់ជាតិ និងអន្តរជាតិ ខណៈដែលសមាគមបានអនុវត្តទៅតាមច្បាប់ និង លក្ខន្តិកៈដែលបានតម្កល់នៅក្រសួងមហាផ្ទៃរួចរាល់ហើយនោះ៕
From KI Media - Khmer Intelligence
via_IFTTT
0 Comments