លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និងលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ។ Photo: RFA |
ដោយ ទីន ហ្សាការីយ៉ា RFA 2018-03-27
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសពីផែនការកម្ទេចលោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិ។ លោក ហ៊ុន សែន អះអាងកាលពីថ្ងៃទី២៧ មីនា ថា លោកមានផែនការកម្ទេចលោក សម រង្ស៊ី មិនខុសពីលោកកម្ទេចប៉ុល ពត ដែលលោកបានទទួលជ័យជំនះនោះឡើយ។
លោក ហ៊ុន សែន ព្រមានលោក សម រង្ស៊ី ទាំងកំហឹងថា លោកនឹងមិនអនុគ្រោះឲ្យលោក សម រង្ស៊ី ឡើយ ហើយក៏គ្មានបរទេសណាអាចមានឥទ្ធិពលលើលោកដែរ៖ «ស៊ីបាយជាមួយគ្នាគេទៅប្រាប់គ្នាគេថា បើមិនចូលជិតមេចោរបាន ធ្វើម៉េចចាប់មេចោរបាន អាប៉ូលិសហើយ ហាហ្ហែងទៅជាចោរអស់ទៅវិញ អ៊ីចឹងខ្ញុំដាក់ចេញគោលដៅចេញដូចគ្នា កម្ចាត់ហ្ហែងដូចកម្ចាត់ ប៉ុល ពត អ៊ីចឹង ប៉ុល ពត ក៏យើងកម្ចាត់បានដែរ អ៊ីចឹងគ្មានបរទេសណាមកត្រួតក្បាលខ្ញុំបានទេ»។
ឆ្លើយតបនិងការលើកឡើងរបស់លោក ហ៊ុន សែន នេះ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម ប៉ុញ្ញឫទ្ធិ មានប្រសាសន៍ថា ពេលអ្នកនយោបាយយកឈ្នះគ្នា គ្មានចំណេញអ្វីដល់ប្រទេសជាតិទេ ហើយនឹងនាំឲ្យសង្គមជាតិបែកបាក់។ ទោះជាយ៉ាងនេះក្ដី លោកនៅតែមានជំនឿថា បញ្ហានយោបាយ នឹងមានដំណោះស្រាយឆាប់ៗនេះ៖ «ខ្ញុំនៅតែមានជំនឿ ថាថ្នាក់ដឹកនាំប្រទេសជាតិនីមួយៗចង់ឱ្យមានឯករាជ្យ សន្តិភាព និងការអភិវឌ្ឍន៍ បើយើងងាកទៅមើលប្រវត្តិសាស្ត្រមុននឹងមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសក៏មានការប៉ះទង្គិចគ្នាសិន បើមើលក្នុងទសវត្សឆ្នាំ១៩៨០ ក៏មិនមិនខុសគ្នាទេ បាទ»។
អ្នកវិភាគនយោបាយឯករាជ្យ លោក បណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា មេដឹកនាំខ្មែរពីមួយជំនាន់ទៅមួយជំនាន់ តែងតែធ្វើនយោបាយផ្ដួលរំលំគ្នាទៅវិញទៅមក ក្នុងការផ្លាស់ប្ដូរមេដឹកនាំពីមួយជំនាន់ទៅមួយជំនាន់។ លោកបណ្ឌិត ឡៅ ម៉ុងហៃ បន្ថែមថា នៅសម័យនេះទៅហើយ លោក ហ៊ុន សែន នៅតែប្រើនយោបាយចាស់គំរឹលប្រកាន់យកវប្បធម៌គុំគួន និងសងសឹកគ្នាបែបនេះទៀត គ្មានចំណេញអ្វីដល់សង្គមជាតិឡើយ។ លោក មានជំនឿថា បើសិនជាកម្ពុជាផ្លាស់ប្ដូរមេដឹកនាំនោះ គឺមេដឹកនាំថ្មីនឹងមិនគិតពីការសងសឹកទេ អ្វីដែលមេដឹកនាំថ្មីត្រូវធ្វើនោះ គឺការប្រកួតប្រជែងអភិវឌ្ឍន៍ និងប្រទេសនៅក្នុងតំបន់។
លោក បណ្ឌិត ឡៅ ម៉ុងហៃ អះអាងថា លោក ហ៊ុន សែន មិនអត់ឱនឲ្យអ្នកណាឡើយ ប្រសិនបើ ហ៊ាននិយាយរិះគន់ប៉ះចំបុគ្គលលោក និងក្រុមគ្រួសារលោកនោះ។ លោកបញ្ជាក់ថា លោក ហ៊ុន សែន បានរៀបចំការកម្ទេចលោក សម រង្ស៊ី និងគណបក្សសង្គ្រោះជាតិតាំងពីយូរមកហើយ ដែលផែនការនេះ លោកបានអនុវត្តកម្ចាត់លោក សម រង្ស៊ី និងគណបក្សប្រឆាំងជាបន្តបន្ទាប់ ដូចជាការចាប់ចងលោក កឹម សុខា និងការរំលាយគណបក្សសង្គ្រោះជាតិជាដើម៕
From KI Media - Khmer Intelligence
via_IFTTT
0 Comments