![]() |
ពលរដ្ឋសហគមន៍ភ្នំបាត នៅស្រុកពញាឮ ខេត្តកណ្ដាល ដាក់ញត្តិទាមទាររកសំណងបន្ថែមនៅក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧។ Photo: RFA |
ដោយ ជាតិ ចំណាន RFA 2018-01-12
អតីតប្រជាពលរដ្ឋបុរីកីឡា ដែលត្រូវបានរដ្ឋាភិបាល និងក្រុមហ៊ុន ផានអ៊ីម៉ិច (Phan Imex) ប្រើកម្លាំងសមត្ថកិច្ចទៅឈូសឆាយកម្ទេចផ្ទះយកដីធ្លីមកអភិវឌ្ឍ និងបណ្ដេញឲ្យទៅរស់នៅតំបន់ភ្នំបាត ស្ថិតក្នុងស្រុកពញាឮ ខេត្តកណ្ដាល បន្តអំពាវនាវស្វែងរកជំនួយសប្បុរសធម៌ ខណៈដែលជីវភាពរបស់ពួកគេកាន់តែធ្លាក់ដុនដាបខ្លាំង។ មន្ត្រីអង្គការសិទ្ធិមនុស្សថា រដ្ឋាភិបាលត្រូវតែគិតគូរទុក្ខលំបាករបស់ពួកគាត់តទៅទៀត គឺមិនមែនយកពួកគាត់ទៅបោះបង់ចោលបែបនេះទេ។
អតីតពលរដ្ឋម្ចាស់ដីនៅតំបន់បុរីកីឡា ទាំង ១៤០គ្រួសារ ដែលត្រូវបានក្រុមហ៊ុន ផានអ៊ីម៉ិច ដឹកទៅចាក់ចោលនៅតំបន់ភ្នំបាត ស្ថិតក្នុងភូមិស្រះពោធិ៍ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្ដាល កាលពីដើមឆ្នាំ២០១២ កន្លងទៅ គឺបច្ចុប្បន្នកំពុងធ្លាក់ខ្លួនជាអ្នកសុំទាន សុំបាយវត្តបរិភោគ និងខ្លះទៀតរើសអេតចាយដើម្បីចិញ្ចឹមជីវិតប្រចាំថ្ងៃ ស្របពេលកន្លែងរស់នៅសព្វថ្ងៃរបស់ពួកគាត់ស្ថិតនៅទីតាំងដាច់ស្រយាល គ្មានមុខរបរត្រឹមត្រូវ គ្មានមន្ទីរពេទ្យ គ្មានសាលារៀន និងគ្មានផ្សារជាដើម។
តំណាងសហគមន៍ភ្នំបាត គឺអ្នកស្រី ខៀវ ឡៃ រៀបរាប់ថា វាមានរយៈពេល ៦ឆ្នាំហើយ ស្ថានភាពរស់នៅរបស់ពួកគាត់ហាក់មិនប្រសើរជាងមុននោះទេ ពោលគឺកាន់តែលំបាកពីមួយថ្ងៃទៅមួយថ្ងៃ បើទោះបីជាពួកគាត់ខំប្រឹងរើ បម្រះចេញពីទុក្ខសោក និងស្តារសេដ្ឋកិច្ចគ្រួសារយ៉ាងណាក្តី៖ «»។
អ្នករស់នៅភ្នំបាត សព្វថ្ងៃរស់នៅពឹងទាំងស្រុងលើជំនួយសប្បុរសធម៌ ព្រោះរដ្ឋាភិបាលមិនដែលអើពើចំពោះពួកគាត់ឡើយរហូតមកដល់ពេលនេះ។
មិនខុសគ្នាប៉ុន្មានឡើយ ស្ត្រីម្នាក់ទៀតដែលទើបបាត់បង់ម្ដាយដោយសារគ្មានលុយព្យាបាលនោះ លើកឡើងថា ពួកគាត់រស់នៅវេទនាខ្លាំង ដោយម្នាក់ៗធ្លាក់ខ្លួនទៅជាអ្នកសុំទាន និងសុំបាយវត្តបរិភោគ។ មានវ័យ ៣៧ឆ្នាំ អ្នកស្រី គង់ សំណាង រៀបរាប់ទាំងភ្នែកថា បច្ចុប្បន្ននេះគ្រួសារអ្នកស្រីកំពុងរស់នៅក្រោមផ្ទះអ្នកជិតខាង បន្ទាប់ពីផ្ទះរបស់ខ្លួនដួលរលំបាត់ទៅ។ អ្នកស្រីថា គ្មានអ្នកណាម្នាក់ចង់ទៅសុំទាននោះទេ ប៉ុន្តែដោយសារជីវភាពទាល់ក្រខ្លាំងពេក ទើបកាត់កេរ្តិ៍កាត់ខ្មាសបែបនេះ៖ «»។
![]() |
អតីតអ្នកបុរីកីឡា រស់នៅតំបន់ភ្នំបាត លោកស្រី សាន សារ៉ុម ដើរស៊ីឈ្នួលបោកខោអាវឲ្យអ្នកនៅភ្នំពេញ កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៧។ Photo: RFA |
ក្មេងៗនៅទីនោះមិនបានទៅរៀនជាប់លាប់ទេ ដោយសារពួកគេអាណិតម្ដាយក៏ទៅសុំទានដែរ ដើម្បីបានលុយសម្រាប់អោយម្ដាយទិញអង្ករ និងម្ហូប។ អាហារថ្ងៃត្រង់របស់ពួកគាត់ គឺបានដោយសារកូនៗទៅយកពីវត្តនៅក្បែរនោះ ដែលនៅសេសសល់ក្រោយពីព្រះសង្ឃឆាន់រួចរាល់។
នៅក្នុងសហគមន៍ភ្នំបាតនោះ ផ្ទះរបស់ពលរដ្ឋគឺបិទបាំងដោយស្លឹកត្នោតធ្លុះធ្លាយ និងប្រក់ដំបូលដោយស័ង្កសីផុតពីដីប្រហែលពីរម៉ែត្រ ទ្រដោយសសរទំហំប៉ុនភ្លៅ។ តែឥឡូវទ្វារផ្ទះជាច្រើនត្រូវបានចាក់សោទុកចោល ដោយសារពួកគាត់ឡើងមកធ្វើការនៅភ្នំពេញ។ នៅទីនោះមិនទាន់មានទឹកភ្លើងរបស់រដ្ឋនៅឡើយ។
មានវ័យ ៧៧ឆ្នាំ លោកយាយ នុត ជូន រៀបរាប់ទាំងក្ដុកក្ដួលថា សព្វថ្ងៃគាត់ចិញ្ចឹមចៅកំព្រាពីរនាក់ ដែលឪពុកម្តាយស្លាប់ដោយសារជំងឺអេដស៍។ លោកយាយតែងតែដើរទៅសុំទានទេសចរដែលមកកម្សាន្តនៅភ្នំព្រះរាជទ្រព្យ ដើម្បីបានលុយខ្លះចិញ្ចឹមជីវិត និងឲ្យចៅបានរៀនសូត្រដូចក្មេងគេដទៃ៖ «»។
ជម្លោះដីធ្លីរវាងប្រជាពលរដ្ឋសហគមន៍បុរីកីឡា កណ្ដាលទីក្រុងភ្នំពេញ ជាមួយក្រុមហ៊ុនផានអ៊ីម៉ិច មានរយៈពេល ៦ឆ្នាំគត់ គិតមកដល់ពេលនេះ។ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១២ ក្រុមហ៊ុនផានអ៊ីម៉ិច និងអាជ្ញាធរក្រុងភ្នំពេញ បានដាក់កម្លាំងសមត្ថកិច្ច និងសន្តិសុខក្រុមហ៊ុនទៅឈូសឆាយផ្ទះប្រជាពលរដ្ឋនៅតំបន់បុរីកីឡា ចំនួន ៣៨៤គ្រួសារ។ អាជ្ញាធរបានដឹកអ្នកបុរីកីឡាខ្លះ ទៅទម្លាក់ចោលនៅឯទួលសំបួរ ក្នុងខណ្ឌដង្កោ ក្រុងភ្នំពេញ ហើយមួយចំនួនទៀតត្រូវដឹកទៅដាក់នៅតំបន់ភ្នំបាត ក្នុងស្រុកពញាឮ ខេត្តកណ្ដាល ដែលមានចម្ងាយប្រមាណ ៤០គីឡូម៉ែត្រពីក្រុងភ្នំពេញ ដោយអ្នកខ្លះបានទទួលសំណងដី ៤ម៉ែត្រ គុណ ៥ម៉ែត្រ។
អ្នកសហគមន៍ភ្នំបាត តែងតែទាមទាររដ្ឋាភិបាល និងក្រុមហ៊ុនចំនួនពីរចំណុច គឺទីមួយ ចង់បានផ្ទះរស់នៅនៅភូមិអណ្ដូង ១បន្ទប់ និងប្រាក់ ៥ពាន់ដុល្លារ។ ទីពីរ ប្រសិនបើឲ្យគាត់រស់នៅក្នុងសហគមន៍ភ្នំបាតដដែល ពួកគាត់ទាមទារសំណង ១ម៉ឺនដុល្លារ។ ក្រៅពីនោះ ពួកគេក៏ចង់ឲ្យរដ្ឋាភិបាលបង្កើតឲ្យមានសាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព និងផ្សារនៅសហគមន៍ភ្នំបាតដែរ។
ទោះយ៉ាងណាក្តី ក្រុមហ៊ុន និងសាលាក្រុងភ្នំពេញ តែងតែច្រានចោលការទទួលខុសត្រូវនេះ នៅពេលដែលអាស៊ីសេរី សុំការឆ្លើយតបគ្រប់ពេល។
មន្ត្រីសម្របសម្រួលគម្រោងកំណែទម្រង់ដីធ្លីនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សូផាត មានប្រសាសន៍ថា រដ្ឋាភិបាល និងក្រុមហ៊ុនត្រូវតែគិតគូរទុក្ខលំបាករបស់ពួកគាត់តទៅទៀត គឺមិនមែនយកពួកគាត់ទៅបោះបង់ចោលបែបនេះឡើយ។ លោកបន្តថា ក្នុងពេលអាជ្ញាធរដឹកពួកគាត់ទៅទុកនៅភ្នំបាត់នោះ គឺក្រុមហ៊ុនបានផ្តល់ឲ្យតែតង់ និងម្ហូបអាហារតិចតួចប៉ុណ្ណោះ ប៉ុន្តែពួកគេបានសន្យាថា នឹងកសាងហេដ្ឋារចនាសម្ព័ន្ធដើម្បីឲ្យពលរដ្ឋរស់នៅសមរម្យ ប៉ុន្តែមកដល់ពេលនេះរដ្ឋាភិបាល និងក្រុមហ៊ុនពុំបានគោរពតាមការសន្យាឡើយ៖ «»។
ក្រុមអតីតអ្នកបុរីកីឡា ទាំងនោះ ថាទុក្ខលំបាករបស់ពួកគាត់រាល់ថ្ងៃគឺផ្ដើមចេញពីការអភិវឌ្ឍ ដែលគ្មានយុត្តិធម៌ មិនមានតម្លាភាព និងការអភិវឌ្ឍដែលគ្មានការទទួលខុសត្រូវពីរដ្ឋាភិបាល ដោយធ្វើអោយពួកគាត់បាត់បង់ផ្ទះសម្បែង គ្រួសារ និងមុខរបរ។
ការបន្តលើកដៃដង្ហោយរកជំនួយសង្គ្រោះជីវិតពីសប្បុរសជននេះ គឺព្រោះតែពួកគាត់គ្មានសង្ឃឹមថា រដ្ឋាភិបាលនឹងយកចិត្តទុកដាក់ចំពោះពួកគាត់ ដោយសារតែកន្លងមកទោះបីពួកគាត់ស្នើសុំ និងធ្វើបាតុកម្មយ៉ាងណាក្តី គឺគ្មានឡើយដំណោះស្រាយ មានតែត្រូវបានអាជ្ញាធរ ជាពិសេសក្រុមសន្តិសុខក្រុងភ្នំពេញ ចាប់វាយទាត់ធាក់ និងគំរាមកំហែងចាប់ដាក់ពន្ធនាគារថែមទៀត៕
From KI Media - Khmer Intelligence
via_IFTTT
0 Comments