![]() |
ស្ត្រីមេខ្លោងបង្ខំឲ្យក្មេងៗដើរសុំទាន ឈ្មោះ ភួង ចន្នី ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៧។ Photo Provided |
ដោយ ប្រាជ្ញ ចេវ RFA 2017-07-05
ព្រះរាជអាជ្ញានៃតុលាការក្រុងភ្នំពេញ សម្រេចចោទប្រកាន់ស្ត្រីមេខ្លោងបង្ខំឲ្យក្មេងៗដើរសុំទានតាមភ្លើងស្តុប និងទីប្រជុំជន។ សារព័ត៌មានក្នុងស្រុកដកស្រង់សម្ដីអ្នកនាំពាក្យតុលាការក្រុងភ្នំពេញ ថា ក្រោយការចោទប្រកាន់ជាផ្លូវការកាលពីល្ងាចថ្ងៃទី៤ ខែកក្កដា ជនត្រូវចោទនឹងត្រូវបញ្ជូនទៅចៅក្រមស៊ើបសួរបន្តតាមនីតិវិធី។
សារព័ត៌មានក្នុងស្រុកបានស្រង់សម្ដីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា ថា ព្រះរាជអាជ្ញាសម្រេចចោទប្រកាន់ថា ស្ត្រីមេខ្លោងបង្ខំឲ្យក្មេងៗដើរសុំទានឈ្មោះ ភួង ចន្នី អាយុ ៥០ឆ្នាំ ពីបទការជ្រើសរើសដោយមិនស្របច្បាប់សម្រាប់កេងប្រវ័ញ្ចតាមមាត្រា១២ ច្បាប់ស្ដីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។ ការសម្រេចដូចនេះ ក្រោយពេលកងរាជអាវុធហត្ថបញ្ជូនស្ត្រីជាជនសង្ស័យទៅតុលាការ។
អ្នកធ្វើការងារពាក់ព័ន្ធ ស្វាគមន៍ចំណាត់ការនេះ ប៉ុន្តែស្នើឲ្យមានការយកចិត្តទុកដាក់លើកុមាររងគ្រោះ ដើម្បីអាចរស់នៅក្នុងសង្គមបានថ្លៃថ្នូរ និងបានចូលរៀនដូចកុមារផ្សេងទៀត។
ក្នុងប្រតិបត្តិការកាលពីយប់ថ្ងៃទី៣០ ខែមិថុនា ក្នុងខណ្ឌដូនពេញ សមត្ថកិច្ចពាក់ព័ន្ធបានឆ្មក់ចាប់ស្ត្រីពីរនាក់ ម្នាក់ជាមេខ្លោង។ ចំណែកស្ត្រីម្នាក់ទៀតដែលអ្នកពក្មេងត្រូវដោះលែង និងបានរំដោះកុមាររងគ្រោះ ៧នាក់ ក្នុងនោះមានទារក ២នាក់។
ទំព័រហ្វេសប៊ុករបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះផ្សាយថា ស្ត្រីមេខ្លោងសារភាពថា រូបគេតែងតែប្រមូលកុមារតូចៗពីគ្រួសារក្រីក្រ និងអ្នកសុំទានផ្សេងទៀតមកនៅជាមួយ ដើម្បីប្រើក្មេងៗទាំងនោះឲ្យដើរសុំលុយតាមភ្លើងស្តុប និងទីប្រជុំជន។ ស្ត្រីរូបនេះបន្តថា គេបានធ្វើសកម្មភាពនេះជិត ៨ឆ្នាំមកហើយ។
![]() |
ក្មេងទាំងនេះកំពុងតែសុំទាននៅចំណុចប្រសព្វផ្លូវម៉ៅសេទុង និងផ្លូវមុនីរ៉េត (ស្តុបផ្សារដើមគ) នៅថ្ងៃទី៣ មីនា ឆ្នាំ២០១៥។ Photo: RFA |
កុមារតូចៗប្រាប់មន្ត្រីកងរាជអាវុធហត្ថថា ស្ត្រីមេខ្លោងបញ្ជាឲ្យពួកគេដើរសុំលុយឲ្យបានចន្លោះពី ១ម៉ឺនទៅ ៣ម៉ឺនរៀល បើមិនដូច្នេះទេ នឹងត្រូវរំពាត់ ឬនឹងត្រូវវាយនឹងខ្សែទូរស័ព្ទ។
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី មិនធ្វើអត្ថាធិប្បាយលម្អិតករណីនេះ ដោយលោកនិយាយថា លោកមិនទាន់ទទួលរបាយការណ៍លម្អិតនៅឡើយទេ។
អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស អ្នកស្រី ជូ ប៊ុនអេង យល់ថា ប្រតិបត្តិការនេះជាកិច្ចការពារកុមារឲ្យរួចផុតពីការកេងប្រវ័ញ្ច និងការរៀបចំទីក្រុងឲ្យមានសណ្ដាប់ធ្នាប់។ អ្នកស្រីថាអ្នកពាក់ព័ន្ធ នឹងបន្តបង្ក្រាបមេខ្លោងដែលប្រើកុមារដើរសុំទានបន្តទៀត៖ «យើងនៅតែបន្តធ្វើ ហើយរឿងនេះមិនមែនយើងទើបតែធ្វើដែរ។ កាលពីឆ្នាំមុន យើងធ្វើការបង្ក្រាបរហូតដល់ទីតាំងលាក់កុមារ»។
ចំណែកអ្នកនាំពាក្យសមាគមអាដហុក (ADHOC) លោក សំ ច័ន្ទគា លើកទឹកចិត្តដល់ស្ថាប័នមានសមត្ថកិច្ច បន្តធ្វើការងារនេះតទៅទៀត។ លោកយល់ថា រដ្ឋាភិបាលត្រូវបញ្ជូនកុមាររងគ្រោះទៅលំនៅឋានពួកគេវិញ និងគាំទ្រឲ្យកុមារទាំងនោះបានចូលរៀន ឬជួយគាំទ្រដល់គ្រួសារកុមារទាំងនោះ ជៀសវាងមានការបោះបង់កុមារទាំងនោះម្តងទៀតព្រោះជីវភាពគ្រួសារ៖ «សុំឲ្យអាជ្ញាធរឃ្លាំមើលឲ្យឪពុកម្ដាយហ្នឹងយកកូនទៅជួលឲ្យមេខ្យល់ ហើយរដ្ឋជួយឧបត្ថម្ភដល់ក្រុមគ្រួសាររបស់កុមាររងគ្រោះ»។
ខណៈស្ត្រីមេខ្លោងបង្ខំឲ្យក្មេងៗដើរសុំទានត្រូវឃុំខ្លួនបណ្ដោះអាសន្នរង់ចាំការផ្ដន្ទាទោស សមត្ថកិច្ចបានប្រគល់កុមាររងគ្រោះទៅអង្គការពន្លកថ្មី ដើម្បីថែរក្សា និងឲ្យចូលរៀនសូត្រ ខណៈសមត្ថកិច្ចមិនទាន់ស្វែងរកឪពុកម្ដាយកុមារឃើញនៅឡើយទេ៕
From KI Media - Khmer Intelligence
via_IFTTT
0 Comments