ផ្តើមចេញពីការរកស៊ីបង្កើតជារោងពុម្ពបោះពុម្ពសៀវភៅធម្មតា តែក្រោយមកបានបែកគំនិតចេះផលិតលុយក្លែងក្លាយ ដោយសារតែមាននាយទុនធំៗនៅពីក្រោយខ្នង

By ,
Share on Facebook Tweet on Twitter
ប្រទេសថៃ ៖ ប្រាក់ក្លែងក្លាយចំនួន៤ប្រទេស ត្រូវបានគេបោះពុម្ពឡើងដើម្បីធ្វើចរាចរនៅពាសពេញពិភពលោក រហូតមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈដែលក្រុមស៊ើបអង្កេតបានរកឃើញទីតាំងដែលលួចផលិតនៅចំកណ្តាលទីក្រុងបាងកកតែម្តង។
ក្រុមតម្រួតថៃ និងកម្លាំងជំនាញ ព្រមទាំងមានការចូលរួមពីសំណាក់ស្ថានទូតអាមេរិក ប្រចាំព្រះរាជាណាចក្រថៃផងដែរ ក្នុងការចុះត្រួតពិនិត្យនិងឆែកឆេរទីតាំងផ្ទះល្វែងមួយកន្លែង ដែលមានកម្ពស់៣ជាន់ នៃអគារលេខ១៨/៣០៥ បណ្តោយផ្លូវវ៉ាត់ផន ក្នុងសង្កាត់បាងខែន ក្រុងបាងកក ប្រទេសថៃ។
គួរបញ្ជាក់់ដែរថា កន្លងមក ក្រុមតម្រួតពិសេសរបស់សហរដ្ឋអាមេរិកបានទំនាក់ទំនងមកប្រទេសថៃ ដើម្បីសុំឲ្យភាគីថៃជួយសហការក្នុងការស៊ើបអង្កេតរកទីតាំងផលិតលុយដុល្លារក្លែងក្លាយ ដែលបច្ចុប្បន្នកំពុងធ្វើចរាចរនៅក្នុងប្រទេសអាមេរិកផ្ទាល់តែម្ដង ដោយគេដឹងថាប្រាក់ដុល្លារទាំងនេះអាចមានទីតាំងផលិតនៅក្នុងប្រទេសថៃ។
រយៈពេលជាង៣ខែ ក្នុងការដាក់កម្លាំងស្រាវជ្រាវ នៅទីបំផុតក៏បានរកឃើញទីតាំងនេះយ៉ាងពិតប្រាកដ ទើបកម្លាំងធ្វើការឡោមព័ទ្ធ ព្រមទាំងបានឃាត់ខ្លួនមនុស្សចំនួន២នាក់ប្តីប្រពន្ធ ដោយជនទាំងពីរនាក់នេះមានឈ្មោះ រ៉ូមេស ប្រាក់សុបិន្ត (ប្តី) អាយុ៤៩ឆ្នាំនៅផ្ទះលេខ១៣/១ ភូមិ៤ ឃុំឈៀងផេង ស្រុកប៉ាទីវ ខេត្តសូថន ប្រទេសថៃ និងប្រពន្ធឈ្មោះ វល័យផន នុតសាវ៉ាត អាយុ៣២ឆ្នាំ រស់នៅផ្ទះលេខ៨/២ ភូមិ៣ ឃុំវុំាងតាក់កូ ស្រុកមឿង ខេត្តភិតបុរី ប្រទេសថៃ ដែលពួកគេជួលទីតាំង និងគ្រប់គ្រងទីតាំងនេះតាំងពីឆ្នាំ២០១១មកម្ល៉េះ ដែលគេនេះមានជំនាញខាងផលិតប្រាក់ក្លែងក្លាយតែម្តង ផ្តើមចេញពីការរកស៊ីបង្កើតជារោងពុម្ពបោះពុម្ពសៀវភៅធម្មតា តែក្រោយមកបានបែកគំនិតចេះផលិតលុយក្លែងក្លាយ ដោយសារតែមាននាយទុនធំៗនៅពីក្រោយខ្នងដើម្បីទិញប្រាក់ក្លែងក្លាយទាំងនេះ។
កិច្ចប្រតិបត្តិការរបស់កម្លាំងចម្រុះ ដោយមានព្រះរាជអាជ្ញា និងស្ថានទូតរបស់សហរដ្ឋអាមេរិកចូលរួមផងនោះ គេបានរកឃើញម៉ាស៊ីនបោះពុម្ព ដែលជាគ្រឿងចក្រដ៏ធំមួយ ហើយក៏មានឧបករណ៍សម្រាប់ផលិតលុយផងដែរដូចជា ក្រដាស និងទឹកថ្នាំ រថយន្តមួយគ្រឿងម៉ាកនីសាន់ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ក្រុងបាងកក៤៥៦១ គឺជារថយន្តសម្រាប់ធ្វើចរាចរណ៍ដឹកលុយក្លែងក្លាយទៅកាន់ព្រំដែនខេត្តសូថន ទើបឆ្លងដែនចូលទៅកាន់ប្រទេសឡាវ។ មិនត្រឹមតែប៉ុណ្ណោះទេ កម្លាំងបានរកឃើញកាំភ្លើងចំនួនពីរដើម ដែលក្នុងនោះ ខ្នាត៣៨មួយដើម រួមទាំងគ្រាប់១ប្រអប់ និងខ្នាត២២មួយដើម រួមទាំងគ្រាប់មួយប្រអប់ផងដែរ ហើយនៅទីនេះគេបានដំណើរការផលិតលុយចំនួន៤ប្រទេសគឺប្រាក់ដុល្លារ (អាមេរិកកាំង)ប្រាក់គីប (ឡាវ) ប្រាក់បាត (ថៃ) និងប្រាក់របស់ប្រទេសកូរ៉េថែមទៀតផង។
ភ្នាក់ងារស៊ើបអង្កេតបានឲ្យដឹងថា ការបោះពុម្ពប្រាក់គីបរបស់ប្រទេសឡាវនេះ គឺដោយសារតែបច្ចុប្បន្ន ប្រទេសឡាវមានការរីកចម្រើនខាងវិស័យសេដ្ឋកិច្ច និងឧស្សាហកម្ម ដូច្នេះគឺមានមនុស្សមកពីបណ្តាប្រទេសជាច្រើនចូលទៅធ្វើការនៅទីនោះ ហើយក៏មាននាយទុនធំបានទាក់ទងទិញប្រាក់ក្លែងក្លាយទាំងនេះយកទៅបើកឲ្យកម្មករលើតម្លៃកម្លាំងពលកម្ម ដែលគេអាចចំណេញប្រាក់ដ៏សន្ធឹកសន្ធាប់ និងដ៏មហាសាលផងដែរ។
បច្ចុប្បន្ន កម្លាំងជំនាញកំពុងនាំខ្លួនជនសង្ស័យទាំងពីរនាក់យកទៅសាកសួរ ដើម្បីរកមុខសញ្ញាដែលជានាយទុនធំៗនៅពីក្រោយខ្នង និងធ្វើជាទីផ្សារឲ្យប្រាក់ក្លែងក្លាយទាំងនេះធ្វើចរាចរបានដោយរលូន ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕




ប្រភព​ៈ​ កម្ពុជា​ថ្មី​

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.