ថ្ងៃសៅរ៏, ១៣ សីហា ២០១៦
ដោយ មនសិការខ្មែរ
តាមការបង្ហើបពីមន្ត្រីរាជការបម្រើការងារនៅក្នុងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ធំ បានឲ្យដឹងថាលោក សុខ សុផល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលកាន់តំណែងតាំងពីឆ្នាំ២០០៩នោះ កំពុងប្រើប្រាស់អំណាច និងតួនាទី ប្រព្រឹត្តអំពើពុករលួយប្រមូលផលប្រយោជន៍ផ្ទាល់ខ្លួនដោយគ្មានញញើតអ្វីទាំងអស់។ អំពើពុករលួយធំៗរបស់លោក សុខ សុផល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ធំ គឺទាក់ទងទៅនឹងថវិកាលទ្ធកម្ម ក៏ដូចជាថវិកាសម្រាប់គម្រោងនៅតាមមន្ទីរនានាក្នុងខេត្ត។ ប្រភពបានឲ្យដឹងទៀតថា ថវិកាលទ្ធកម្មឬការដេញថ្លៃគម្រោងតាមមន្ទីរនានាត្រូវបានលោក សុខ សុផល ទារភាគរយចាប់២ទៅ១០ភាគរយ ហេតុនេះហើយទើបថ្នាក់ដឹកនាំតាមមន្ទីរមួយចំនួនមិនសប្បាយចិត្ត ហើយធ្វើរបាយការណ៍ទៅក្រសួងនិងស្ថាប័នពាក់ព័ន្ធជាបន្តបន្ទាប់។
ប្រភពពីមន្ត្រីដែលស្និទ្ធនឹងលោក សុខ សុផល បានឲ្យដឹងថា ប្រធានសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ធំ បានឲ្យដឹងថា ក្រៅពីកេងប្រវ័ញ្ចទាភាគរយលើថវិកាលទ្ធកម្ម និងថវិកាគម្រោងដេញថ្លៃនៅតាមមន្ទីរនានា គឺមានឯកសារចំណាយជាច្រើននៅក្នុងមន្ទីរសេដ្ឋកិច្ចមានភាពមិនប្រក្រតី។ លើសនេះទៅទៀតលោក សុខ សុផល បានយករថយន្តរបស់អង្គភាពពាក់ស្លាកលេខរាជការទៅប្រើប្រាស់ជាផលប្រយោជន៍ផ្ទាល់ខ្លួនដោយមន្ត្រីផ្សេងៗទៀតគ្មានសិទ្ធិប្រើប្រាស់រថយន្តរបស់អង្គភាពឡើយ។ ទង្វើរបស់លោក សុខ សុផល គឺផ្ទុយពីសេចក្ដីណែនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលេខ ០០៩ សហវ.ប ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ ស្ដីពីការចុះបេសកកម្ម ហើយលោក សុខ សុផល ថែមទាំងឃុបឃិតជាមួយមន្ត្រីស្និទ្ធនឹងខ្លួនធ្វើអ្វីៗតាមអំពើចិត្តទាក់ទងទៅនឹងចំណូលចំណាយរបស់មន្ទីរសេដ្ឋកិច្ច។
ដោយសារអត់ធ្មត់ទៅនឹងទង្វើរបស់លោក សុខ សុផល តទៅទៀតលែងបានទើបមន្ត្រីរាជការនៅក្នុងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពង់ធំ បានអំពាវនាវឲ្យលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក សុខ សុផល ជាបន្ទាន់។ ប្រភពពីមន្ត្រីមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ធំ បានឲ្យដឹងទៀតថាលោក សុខ សុផល ធ្លាប់ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ កោះហៅឲ្យទៅបំភ្លឺចំនួន១០ចំណុចទាក់ទងទៅនឹងរឿងអាស្រូវពុករលួយ ចាប់តាំងពីឆ្នាំ២០០៩ រហូតដល់ឆ្នាំ២០១៦។ ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មិនត្រូវមើលរំលងតទៅទៀតទេ គឺត្រូវចាត់វិធានការស៊ើបអង្កេតឲ្យបានច្បាស់លាស់តាមនីតិវិធី ព្រោះក្នុងនាមជាប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ធំ លោក សុខ សុផល ប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើនអស់រយៈពេលច្រើនឆ្នាំមកហើយ៕
0 Comments