ប្រភព: RFA
អ្នករៀបចំកម្មវិធីពិព័រណ៍កសិកម្មអន្តរជាតិ បារម្ភថា កង្វះធនធានមនុស្សក្នុងវិស័យកសិកម្ម ខណៈកំណើនតម្រូវការប្រជាជនលើផលិតផលកសិកម្មកាន់តែច្រើន នឹងជំរុញប្រទេសកម្ពុជា មានការអភិវឌ្ឍន៍យឺត។ ទន្ទឹមគ្នានេះ ក្រុមអ្នករៀបចំកម្មវិធីពិព័រណ៍កសិកម្មអន្តរជាតិ រំពឹងថា ពិព័រណ៍កសិកម្មអន្តរជាតិ ដែលរៀបចំរយៈពេល ២ថ្ងៃ ដោយក្រុមហ៊ុនជាង ៦០មកពីប្រទេសចំនួន១០ នឹងរួមចំណែកពង្រឹងធនធានមនុស្សក្នុងវិស័យកសិកម្មកាន់តែប្រសើរជាងមុន។
អ្នករៀបចំកម្មវិធីពិព័រណ៍កសិកម្មអន្តរជាតិ ចាត់ទុកពិព័រណ៍កសិកម្មអន្តរជាតិ មិនត្រឹមតែជួយរួមចំណែកពង្រឹងធនធានមនុស្សប៉ុណ្ណោះទេ វាក៏ជាជំហានថ្មីជួយកែទម្លាប់ពលរដ្ឋទាំងនៅទីក្រុង និងជនបទឲ្យចេះធ្វើកសិកម្មឡើងវិញ។
ការលើកឡើងរបស់ក្រុមអ្នកជំនាញ និងក្រុមអ្នករៀបចំនៅពេលនេះ គឺក្នុងកម្មវិធីពិព័រណ៍កសិកម្មអន្តរជាតិ ស្ដីពីកសិកម្ម បសុសត្វ វារីវប្បកម្ម និងនេសាទ ដែលរៀបចំនៅនៅថ្ងៃ៨ និងទី៩ សីហា។ពិធីពិព័រណ៍នេះ មានក្រុមហ៊ុនជាង ៦០ មកពីប្រទេសចំនួន១០ ដូចជា កម្ពុជា ចិន វៀតណាម សហរដ្ឋអាមេរិក ឥណ្ឌា ម៉ាឡេស៊ី ថៃ តៃវ៉ាន់ និងប្រទេសនៅតំបន់អឺរ៉ុប។
អគ្គនាយកក្រុមហ៊ុនផ្ដល់សេវាកម្មរៀបចំពិព័រណ៍ និងផ្សព្វផ្សាយកសិកម្ម តំណាងឲ្យប្រទេសទាំង ១០ ដែលរៀបចំពិព័រណ៍កសិកម្មអន្តរជាតិនេះ លោក បា វិញ ង្វៀន (Ba Vinh Nguyen) មានប្រសាសន៍ថា កម្ពុជា ជាប្រទេសមានសក្ដានុពលផ្នែកកសិកម្ម ព្រោះកម្ពុជា ទទួលអត្ថប្រយោជន៍ផ្នែកភូមិសាស្ត្រក្នុងការអភិវឌ្ឍវិស័យកសិកម្ម។ លោកថា អ្វីដែលកម្ពុជា ខ្វះ គឺការវិនិយោគផ្នែកកសិកម្មធំ និងការអនុវត្តកសិកម្មទំនើប នៅតែជាបញ្ហាប្រឈមសម្រាប់ការកែលំអរបស់វិស័យនេះ។ លោកថា ការរៀបចំឲ្យមានការតាំងពិព័រណ៍នេះ គឺចង់ជំរុញធនធានមនុស្ស ពិសេសយុវជនកម្ពុជា ឲ្យចាប់ផ្ដើមធ្វើកសិកម្មតាមបែបបច្ចេកទេសត្រឹមត្រូវឡើងវិញ។
ទន្ទឹមគ្នានេះ សាស្ត្រាចារ្យផ្នែកកសិ-ឧស្សាហកម្ម នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម អ្នកស្រី អោម វិទូ ចាត់ទុកពិព័រណ៍នេះមានសារសំខាន់ជួយឲ្យសិស្សានុសិស្សផ្នែកកសិកម្ម និងប្រជាពលរដ្ឋអាចសិក្សាស្វែងយល់ពីបច្ចេកទេសកសិកម្ម ដូចជា ការសិក្សាពីការប្រើប្រាស់ពូជ ជីកសិកម្ម ការថែទាំ ការកែច្នៃចំណីអាហារតាមរយៈការប្រឹក្សាយោបល់ជាមួយក្រុមហ៊ុន និងបណ្ដាប្រទេសដែលរីកចម្រើនលើវិស័យកសិកម្មជាដើម៖ «កម្មវិធីនេះ មានសារសំខាន់ណាស់ ព្រោះអាចផ្ដល់ឱកាសឲ្យសិស្សនិស្សិតគាត់អាចបង្ហាញស្នាដៃផលិតផលដែលគាត់អាចផលិតបាន ពិសេសជួយឲ្យនិស្សិតស្វែងយល់ពីអ្នកជំនាញកសិកម្មបានទូលំទូលាយ»។
ជានិស្សិតនៅសកលវិទ្យាល័យភូមិន្ទកសិកម្ម លោក ស៊ីរ៉ា ខនឌី ដែលបានទៅរួមពិព័រណ៍កសិកម្មអន្តរជាតិដែរនោះ យល់ឃើញថា បច្ចុប្បន្នការយកចិត្តទុកដាក់បណ្ដុះបណ្ដាលកសិករ ពិសេសយុវជនឲ្យយល់ដឹងពីការដាំដុះបន្លែសរីរាង្គនៅមានកម្រិត និងមិនទាន់ស្របតាមសម័យបច្ចេកវិទ្យាទំនើប ឬស័ក្ដិសមនឹងប្រទេសដែលយកវិស័យកសិកម្មជាធំនោះទេ។ ករណីនេះ លោកគាំទ្រឲ្យមានកម្មវិធីពិព័រណ៍កសិកម្មឲ្យកាន់តែច្រើន ដើម្បីបណ្ដុះគំនិតពលរដ្ឋខ្មែរ ពិសេសកសិករឲ្យយល់ដឹងពីការងារកសិកម្ម និងផ្ដល់ទីផ្សារជូនកសិករ៖«ចំពោះយុវជនយើងភាគច្រើន គឺគាត់អត់សូវរៀនខាងកសិកម្ម អ៊ីចឹងធ្វើឲ្យធនធានមនុស្សវិស័យនេះខ្សត់ អ៊ីចឹងសូមឲ្យប្រជាពលរដ្ឋទាំងអស់នាំគ្នាស្វែងយល់ពីការងារកសិកម្ម ដើម្បីជំរុញប្រទេសរីកចម្រើន»។
ចំណែកឯអ្នកចាត់ការទូទៅនៃក្រុមហ៊ុនសហករណ៍សរីរាង្គខ្មែរ កញ្ញា សរ លក្ខិណា យល់ឃើញថា កម្មវិធីនេះជាជំហានថ្មីជួយបំផុសគំនិតប្រជាពលរដ្ឋឲ្យស្រឡាញ់កសិកម្មសរីរាង្គ ដើម្បីឈានទៅកាត់បន្ថយការនាំចូលបន្លែគីមីពីបរទេស៖ «បើសិនជាកសិករគាត់ងាកមកដាំបន្លែសរីរាង្គច្រើន និងកាត់បន្ថយបន្លែនាំចូលអាចញ៉ាំខ្លួនឯងបានទៀត អាចលក់ទៅទីផ្សារនៅភ្នំពេញ ទៀត អ៊ីចឹងជួយជីវភាពគ្រួសារគាត់កាន់តែប្រសើរ»។
ក្រុមអ្នករៀបចំកម្មវិធីអះអាងថា នេះជាលើកទីមួយហើយ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំពិព័រណ៍កសិកម្មអន្តរជាតិ ដោយក្រុមហ៊ុនដែលធ្វើការពាក់ព័ន្ធនឹងវិស័យកសិកម្មជាង ៦០ មកពីប្រទេសចំនួន១០ នៅអាស៊ី សហរដ្ឋអាមេរិក និងអឺរ៉ុប។ ទន្ទឹមគ្នានេះ ក្រុមអ្នករៀបចំកម្មវិធីប្ដេជ្ញាបន្តកិច្ចសហការគ្នាដើម្បីអភិវឌ្ឍន៍វិស័យកសិកម្មឲ្យរីកចម្រើន៕
0 Comments