ការរំលូតកូនអាចបណ្ដាលឲ្យស្ត្រីរងគ្រោះថ្នាក់ដល់អាយុជីវិត
គ្រូពេទ្យជំនាញផ្នែករោគស្ត្រី និងសម្ភព ពន្យល់ថា ការរំលូតកូនដោយគ្រូពេទ្យដែលគ្មានជំនាញច្បាស់លាស់ ឬដោយឆ្មបបុរាណដែលមិនបានឆ្លងកាត់វគ្គសិក្សាត្រឹមត្រូវ អាចបណ្ដាលឲ្យស្ត្រីធ្លុះស្បូន ហើយអាចបណ្ដាលឲ្យស្ត្រីជាម្តាយគ្រោះថ្នាក់ដល់អាយុជីវិត មានកូនក្រៅស្បូន និងប្រឈមមុខនឹងការលំបាកមានកូន។
តើហេតុអ្វីបានជាការយកកូនចេញ អាចបណ្ដាលឲ្យធ្លុះធ្លាយស្បូន?
គ្រូពេទ្យជំនាញរោគស្ត្រី និងសម្ភពនៃគ្លីនិកអរុណរះ និងជាអនុប្រធានផ្នែករោគស្ត្រី និងសម្ភពនៃមន្ទីរពេទ្យព្រះកុសុមៈ ដោយបញ្ចប់ការសិក្សាមកពីប្រទេសបារាំង លោកវេជ្ជបណ្ឌិត លាភ សុវណ្ណ មានប្រសាសន៍ថា ការយកកូនចេញមានពីរប្រភេទ គឺការរំលូតកូនប្រើឧបករណ៍បូម និងការលេបថ្នាំ។
ជាទូទៅ ការប្រឈមនឹងការធ្លុះធ្លាយស្បូននេះ គឺកើតឡើងចំពោះស្ត្រីរូបណា ដែលសម្រេចរំលូតកូនតាមរយៈការបូម ឬកាយសម្អាតកូនក្នុងស្បូន ដោយគ្រូពេទ្យដែលគ្មានជំនាញច្បាស់លាស់។
លោកវេជ្ជបណ្ឌិតបញ្ជាក់ថា មធ្យោបាយពីរដែលគ្រូពេទ្យប្រើសម្រាប់សម្អាតស្បូន គឺការប្រើបំពង់បឺត និងការប្រើក្រវ៉ាកាយ។ ប្រដាប់ទាំងពីរប្រភេទនេះ អាចធ្វើឲ្យធ្លុះស្បូនដូចគ្នា គឺអាស្រ័យនឹងស្ថានភាពស្បូន ស្ថានភាពមាត់ស្បូន និងបទពិសោធន៍របស់គ្រូពេទ្យ។ ការបូម និងការប្រើក្រវ៉ាកាយយកកូននេះ គ្រូពេទ្យអាចធ្វើបានចំពោះស្ត្រីដែលមានកូនអាយុក្រោម ១២សប្ដាហ៍៖ «ប៉ុន្តែបើយើងប្រើសម្ភារៈមានបញ្ហាដូចជា មិនស្អាតជាដើម វាធ្វើឲ្យខូចស្រទាប់ស្បូន ហើយអាចបង្កការលំបាកក្នុងការបង្កកំណើតនៅពេលក្រោយ»។
លោកវេជ្ជបណ្ឌិតបន្ថែមថា ប្រសិនបើអ្នកជំងឺឈឺខ្លាំង មានស្ថានភាពឡេះឡះ មានឈាមហូរចេញមកក្រៅតាមប្រដាប់ភេទកាន់តែច្រើនខុសធម្មតា សម្ពាធឈាមរបស់អ្នកជំងឺកាន់តែទាប និងចង្វាក់បេះដូងដើរញាប់ ព្រោះតែបំពង់បឺត ឬក្រវ៉ាកាយរុលចូលកាន់តែជ្រៅទៅក្នុងស្បូន ទាំងនេះអាចជារោគសញ្ញាបង្ហាញថា ស្ត្រីដែលរំលូតកូនប្រឈមមុខនឹងការធ្លុះធ្លាយស្បូន។ ប្រការនេះ ដើម្បីភាពច្បាស់លាស់ គ្រូពេទ្យត្រូវពិនិត្យស្ត្រីនោះដោយប្រើអេកូសាស្ត្រ ដើម្បីធ្វើរោគវិនិច្ឆ័យ។
ចំពោះការប្រើថ្នាំលេបវិញ គឺប្រើថ្នាំលេប និងថ្នាំសម្រាប់សុលតាមប្រដាប់ភេទ ដើម្បីឲ្យស្បូនបើក និងទងសុកធ្លាក់មក។ ការប្រើប្រាស់ថ្នាំគ្រាប់នេះ គឺមិនមានផលប៉ះពាល់ធ្ងន់ធ្ងរចំពោះសុខភាពនោះទេ ប្រសិនបើស្ត្រីអ្នកជំងឺអនុវត្តត្រឹមត្រូវតាមវេជ្ជបញ្ជាគ្រូពេទ្យជំនាញផ្នែករោគស្ត្រី និងសម្ភព។
លោកវេជ្ជបណ្ឌិត លាភ សុវណ្ណ ពន្យល់ថា ថ្នាំនេះមានប្រសិទ្ធភាព ៩០% ចំពោះកូនដែលមានអាយុក្រោម ៩សបា្ដហ៍។ ការប្រើថ្នាំលេប ស្ត្រីនឹងប្រឈមមុខនឹងការធ្លាក់ឈាមលើសពីធម្មតា៖ «រយៈពេលធ្លាក់ឈាមថ្ងៃទីមួយប្រហែលកន្លះថ្ងៃមានការធ្លាក់ឈាមច្រើន ប៉ុន្តែវាមិនមែនរហូតនោះទេ។ វាធ្លាក់ឈុលក្រោយពេល ៣ម៉ោងនៃការលេបថ្នាំ ហើយវាមានកម្ទេចសុកកម្ទេចសាច់កូនមកជាមួយ។ នៅពេលហ្នឹង អ្នកដែលប្រើថ្នាំហ្នឹងអាចមានអារម្មណ៍ថា ឈឺចាប់ជាងការធ្លាក់រដូវធម្មតា ប៉ុន្តែក្រោយមកធ្លាក់ឈាមតិចទេ។ ថ្នាំហ្នឹងយើងប្រើមិនយូរទេ គឺក្នុងរយៈពេលខ្លីទេ វាមិនបណ្ដាលឲ្យមានបញ្ហាវែងឆ្ងាយទេ លើកលែងតែការទម្លាក់មិនអស់ ទើបប្រើមធ្យោបាយផ្សេង»។
លោកវេជ្ជបណ្ឌិតអះអាងបន្តថា ស្ត្រីគ្រប់រូបបើចង់រំលូតកូនចេញ មិនត្រូវទិញថ្នាំលេបពីឱសថស្ថាន និងមិនត្រូវប្រើវិធីសាស្ត្របុរាណ ដើម្បីរំលូតកូនចេញជាដាច់ខាត។
0 Comments